ក្រសួងពីរបដិសេធការផ្សាយព័ត៌មានអំពីការកាប់បំផ្លាញព្រៃឈើក្នុងគម្រោងវារីអគ្គិសនី​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងពីរបដិសេធការផ្សាយព័ត៌មានអំពីការកាប់បំផ្លាញព្រៃឈើក្នុងគម្រោងវារីអគ្គិសនី​

ក្រសួងពីរបដិសេធការផ្សាយព័ត៌មានអំពីការកាប់បំផ្លាញព្រៃឈើក្នុងគម្រោងវារីអគ្គិសនី​

ក្រសួងរ៉ែនិងថាមពល និងក្រសួងបរិស្ថាន បានបដិសេធរការផ្សព្វផ្សាយព័ត៌មានអំពីការឈូសឆាយដីព្រៃ និងកាប់ឈើហួសពីបរិវេណអាងស្តុកទឹកដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល​ ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល កម្លាំង៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត កម្លាំង១០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង។
 
ក្នុងសេចក្តីប្រកាសព័ត៌មានរួមចុះថ្ងៃទី៩កញ្ញា ក្រសួងទាំងពីរបញ្ជាក់ថា ការអភិវឌ្ឍគម្រោងវារីអគ្គិសនីទាំងពីរនេះ មានគោលបំណងចូលរួមពង្រឹងសន្តិសុខថាមពលជាតិ កាត់បន្ថយការពឹងផ្អែកលើការនាំចូលអគ្គិសនីពីប្រទេសជិតខាង និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
 
ក្រសួងអះអាងថា គម្រោងទាំងពីរត្រូវបានអនុវត្តដោយគោរពតាមបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។ ស្ថាប័នមានសមត្ថកិច្ចក៏បានចុះត្រួតពិនិត្យ និងតាមដានជាប្រចាំទៅលើវឌ្ឍនភាពសាងសង់ ស្តង់ដារសុវត្ថិភាព លក្ខណៈបច្ចេកទេស និងវិធានការគ្រប់គ្រងផលប៉ះពាល់បរិស្ថាន និងសង្គម។
 
ចំពោះការឈូសឆាយផ្លូវចូល ការរៀបចំទីតាំងស្តុកឈើ និងទីតាំងយកថ្ម ព្រមទាំងទីតាំងយកដីគ្រួសក្រហមនៅក្នុងតំបន់គម្រោង ក្រសួងទាំងពីរបញ្ជាក់ថា សកម្មភាពទាំងនេះមានគោលបំណងប្រមូល និងដឹកជញ្ជូនផល និងអនុផលព្រៃឈើចេញពីតំបន់អាងស្តុកទឹក មុនពេលទឹកជន់លិច ដើម្បីប្រមូលជាចំណូលរបស់រដ្ឋ។ ក្រសួងបញ្ជាក់ថា សកម្មភាពទាំងនេះត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាល និងធ្វើឡើងសម្រាប់បម្រើដល់ការសាងសង់គម្រោងវារីអគ្គិសនីទាំងពីរតែប៉ុណ្ណោះ។
 
ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Mongabay និងដកស្រង់ទៅផ្សាយបន្តដោយ RFI ជាខេមរភាសា ដោយចាត់ទុកថា ការផ្សាយនេះ គឺជាការសន្និដ្ឋានដែលមានរបៀបវារៈនយោបាយនៅពីក្រោយ។ ក្រសួងទាំងពីរបញ្ជាក់ថា ការវាយតម្លៃដោយផ្អែកលើរូបភាពផ្កាយរណបតែមួយមុខ អាចមិនឆ្លុះបញ្ចាំងបានពេញលេញពីវិសាលភាព និងបរិវេណជាក់ស្តែងរបស់គម្រោងឡើយ។
 
ដោយឡែក ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក៏បានវាយបកយ៉ាងចាស់ដៃចំពោះការចុះផ្សាយរបស់សារព័ត៌មាន Mongabay ដែលកន្លងមកតែងផ្សព្វផ្សាយព័ត៌មានបែបស៊ើបអង្កេតអំពីវិនាសកម្មព្រៃឈើនៅកម្ពុជា។

 សូមបញ្ជាក់ថា គម្រោងវារីអគ្គិសនីទាំងពីរនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន KHMER ELECTRICAL POWER CO., LTD ជាមួយទុន ៤៤៧លានដុល្លារអាម៉េរិក ក្នុងរូបភាពសាងសង់, អាជីវកម្ម, និងផ្ទេរ (BOT) ដោយអាចបង្កើតការងារបានចំនួន ២៣០កន្លែង៕សេង បារាំង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា