អូរស្មាច់៖ សេណារីយូអាចរៀបចំបាន ប៉ុន្តែការពិតមិនអាចរៀបចំបានទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អូរស្មាច់៖ សេណារីយូអាចរៀបចំបាន ប៉ុន្តែការពិតមិនអាចរៀបចំបានទេ

អូរស្មាច់៖ សេណារីយូអាចរៀបចំបាន ប៉ុន្តែការពិតមិនអាចរៀបចំបានទេ

ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងអ្នកសារព័ត៌មានទៅកាន់តំបន់អូរស្មាច់ ដែលយោធាថៃលួចធ្វើនៅលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ និងត្រូវបានតវ៉ាជំទាស់យ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈកំណត់ទូតទៅភាគីថៃកាលពីថ្ងៃទី៨ ខែកញ្ញា បានបង្កើតសំណួរចាកដោតបំផុតមួយ៖ តើអ្វីដែលពួកគេបានឃើញ គឺជាការពិតពេញលេញ ឬជារូបភាពដែលត្រូវបានជ្រើសរើស និងរៀបចំដោយភាគីថៃដែលកំពុងគ្រប់គ្រងទីតាំងនោះដោយខុសច្បាប់?

សំណួរនេះកាន់តែមានទម្ងន់ នៅពេលលោកវរសេនីយ៍ឯក Roderick T. Garcia នៃក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ បញ្ជាក់ក្រោយដំណើរទស្សនកិច្ចថា អ្វីដែលលោកបានឃើញខុសគ្នាគួរឱ្យកត់សម្គាល់ពីព័ត៌មានដែលលោកបានទទួលមុនពេលទៅដល់ ហើយលោកមិនទាន់អាចទាញសេចក្តីសន្និដ្ឋានពីភស្តុតាង ឬការរៀបរាប់របស់ភាគីណាមួយបាននៅឡើយទេ។ ព័ត៌មានទាំងនោះត្រូវការការវាយតម្លៃ និងផ្ទៀងផ្ទាត់បន្ថែម។

នេះមានន័យច្បាស់ថា៖ អ្វីដែលថៃបង្ហាញ មិនទាន់មានន័យថា AOT ទទួលស្គាល់ថាជាការពិតនោះទេ។

បញ្ហាធំបំផុតគឺ ទីតាំងនោះស្ថិតក្រោមការគ្រប់គ្រងដោយខុសច្បាប់របស់កងកម្លាំងយោធាថៃ។ ដូច្នេះ ត្រូវសួរថា៖ អ្នកណាគ្រប់គ្រងទីតាំងមុន AOT និងអ្នកសារព័ត៌មានទៅដល់? អ្នកណាជ្រើសរើសអ្វីដែលត្រូវបង្ហាញ? អ្នកណាគ្រប់គ្រងការចូលចេញ? ហើយនរណាអាចធានាថា អ្វីដែលត្រូវបានបង្ហាញនៅថ្ងៃនោះ គឺជាស្ថានភាពដើម មិនមែនជាសេណារីយូដែលត្រូវបានរៀបចំជាមុន?

នៅពេលភាគីមួយគ្រប់គ្រងទាំង ទីតាំង ការចូលដំណើរការ អ្វីដែលត្រូវបង្ហាញ និងការបកស្រាយអំពីអ្វីដែលបានបង្ហាញ នោះការបង្ហាញបែបនេះមិនអាចចាត់ទុកជាការផ្ទៀងផ្ទាត់ឯករាជ្យបានទេ។

ដូច្នេះ ការប្រើប្រាស់រូបភាពអគារ ស្ថានីយប៉ូលិសក្លែងក្លាយ មន្ទីរពេទ្យ ឬសម្ភារៈផ្សេងៗ ដើម្បីបង្កើតនិទានកថា (narrative) មួលបង្កាច់កម្ពុជា ត្រូវឆ្លងកាត់ការផ្ទៀងផ្ទាត់ឯករាជ្យជាមុនសិន។ ការរៀបចំដំណើរទស្សនកិច្ច មិនស្មើនឹងការបញ្ជាក់ការពិតឡើយ។

មុននឹងសួរថា «តើមានអ្វីនៅក្នុងអគារនោះ?» ត្រូវសួរជាមុនថា «អគារនោះស្ថិតនៅលើទឹកដីរបស់អ្នកណា?»។

បទល្មើសត្រូវដោះស្រាយដោយច្បាប់។ បញ្ហាព្រំដែនត្រូវដោះស្រាយតាមច្បាប់ ឯកសារព្រំដែន និងយន្តការដែលភាគីបានព្រមព្រៀង។ ការចោទប្រកាន់អំពី scam មិនអាចក្លាយជាលេសសម្រាប់ការកាន់កាប់ទឹកដីដោយកម្លាំងបានទេ។

ចំណុចដែលគួរឱ្យកត់សម្គាល់បំផុត គឺថា តាមការរាយការណ៍ លោក Garcia បានលើកពីការពន្យល់របស់ថៃថា ខ្លួនមិនមានបំណងកាន់កាប់ ហើយត្រៀមដកចេញនៅពេលបញ្ហាព្រំដែនត្រូវបានដោះស្រាយ។ នោះនាំទៅកាន់សំណួរដ៏សាមញ្ញមួយ៖ បើមិនមែនជាការកាន់កាប់ ហេតុអ្វីត្រូវនិយាយថា «ត្រៀមដកចេញ»? ហើយបើគ្រាន់តែជាវត្តមានបណ្តោះអាសន្ន ហេតុអ្វីត្រូវរង់ចាំការចរចា JBC ទើបដក? កិច្ចប្រជុំ JBC ដែលភាគីថៃតែងតែពន្យារពេលម្តងហើយម្តងទៀត ដោយប្រើប្រាស់គ្រប់លេស។

ដូច្នេះ អ្វីដែលកើតឡើងនៅអូរស្មាច់ មិនគួរត្រូវបានមើលត្រឹមតែតាមរូបភាពដែលអ្នករៀបចំដំណើរទស្សនកិច្ចចង់ឱ្យពិភពលោកឃើញទេ។ ត្រូវផ្ទៀងផ្ទាត់ថា អ្នកណាគ្រប់គ្រងទីតាំង អ្នកណារៀបចំអ្វីដែលត្រូវបង្ហាញ និងអ្វីដែលមាននៅទីនោះមុនពេលទីតាំងស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងថៃ។

អ្នកអាចគ្រប់គ្រងទីតាំង។ អ្នកអាចរៀបចំដំណើរទស្សនកិច្ច។ អ្នកអាចជ្រើសរើសអ្វីដែលចង់បង្ហាញ។ អ្នកអាចរៀបចំសេណារីយូ។ ប៉ុន្តែអ្នកមិនអាចរៀបចំការពិតឱ្យដើរតាមសេណារីយូបានទេ។ ការកាន់កាប់ដោយកម្លាំងមិនអាចបង្កើតអធិបតេយ្យភាព។ ហើយដំណើរទស្សនកិច្ចដែលរៀបចំដោយភាគីកាន់កាប់ដោយខុសច្បាប់មិនអាចបម្លែងការអះអាងទៅជាការពិតបានឡើយ គឺអ្វីៗជាការរៀបចំដើម្បីភូតកុហកអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន តែប៉ុណ្ណោះ។
ប៉ុន្តែដូចពាក្យខ្មែរ «ភូតច្រើន ចាញ់អាត្មា»៕
អត្ថបទ៖ ឯកឧត្តម នេត្រ ភក្ត្រា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា