ទេសាភិបាលធនាគារជាតិនៃកម្ពុជា ទទួលបានការវាយតម្លៃកម្រិតខ្ពស់ពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Global Finance | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទេសាភិបាលធនាគារជាតិនៃកម្ពុជា ទទួលបានការវាយតម្លៃកម្រិតខ្ពស់ពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Global Finance

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ទទួលបានការវាយតម្លៃកម្រិតខ្ពស់ពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Global Finance

លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ប្រចាំឆ្នាំ២០២៦ ដែលជាចំណាត់ថ្នាក់កម្រិតខ្ពស់ និងជាការទទួលស្គាល់ ៣ឆ្នាំជាប់ៗគ្នាចំពោះប្រសិទ្ធភាពនៃការដឹកនាំធនាគារកណ្តាលរបស់លោកជំទាវ។
 
ការវាយតម្លៃនេះ ផ្ដោតសំខាន់ទៅលើសមត្ថភាពគ្រប់គ្រងអតិផរណា ការសម្រេចគោលដៅកំណើនសេដ្ឋកិច្ច ស្ថិរភាពរូបិយប័ណ្ណ ការគ្រប់គ្រងអត្រាការប្រាក់ និងឯករាជ្យភាពរបស់ធនាគារកណ្ដាល។ មានតែឥស្សរជនដែលត្រូវបានផ្តល់ចំណាត់ថ្នាក់ A-, A, និង A+ ប៉ុណ្ណោះដែលត្រូវបាន Global Finance រាយនាមក្នុងបញ្ជីចំណាត់ថ្នាក់កិត្តិយសនេះ។

សម្រាប់កម្ពុជា លោកជំទាវ ជា សិរី ត្រូវបានដាក់ឈ្មោះក្នុងក្រុមទេសាភិបាលធនាគារ ដែលទទួលបានចំណាត់ថ្នាក់ A- នៅឆ្នាំ ២០២៦នេះ រួមជាមួយទេសាភិបាលមកពីប្រទេស និងសេដ្ឋកិច្ចមួយចំនួន ដូចជា អាល់បានី អាហ្សង់ទីន សាធារណរដ្ឋឆេក សាធារណរដ្ឋដូមីនីកែន ហ្វីលីពីន តៃវ៉ាន់ ស្វីស និងអេមីរ៉ាតអារ៉ាប់រួម ជាដើម។
 
លោកជំទាវ ជា សេរី បានសម្តែងក្តីត្រេកអរចំពោះការទទួលស្គាល់នេះ ហើយក៏បានកោតសរសើរដល់ក្រុមការងារដ៏អស្ចារ្យនៅធនាគារជាតិនៃកម្ពុជា ដែលលោកជំទាវបញ្ជាក់ថា បានត្រៀមខ្លួនជាស្រេចដើម្បីរួមគ្នាធ្វើកិច្ចការដ៏អស្ចារ្យ ដើម្បីជាតិ និងប្រជាជនកម្ពុជា។
 
Global Finance បានផ្សព្វផ្សាយបញ្ជីចំណាត់ថ្នាក់ឥស្សរជនជាថ្នាក់ដឹកនាំធនាគារកណ្តាលនេះជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩៤ ដោយវាយតម្លៃលើប្រសិទ្ធភាពការងាររបស់ថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ ១០០ប្រទេសជុំវិញពិភពលោក ជាពិសេសលើការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
 
បើតាម Global Finance បានលើកឡើងថា លោកស្រីបណ្ឌិត ជា សិរី បានស្ថិតក្នុងបញ្ជីចំណាត់ថ្នាក់នេះក្នុងចំណោមទេសាភិបាល ធនាគារកណ្តាលនៃបណ្តាប្រទេស ដែលមានប្រព័ន្ធហិរញ្ញវត្ថុរីកចម្រើន ដូចជា លោក Martin Schlegel ទេសាភិបាល ធនាគារជាតិនៃប្រទេសស្វ៊ីស, លោក Khaled Mohamed Balama Al Tameemi ទេសាភិបាល ធនាគារកណ្តាល អេមីរ៉ាតអារ៉ាប់រួម (UAE) និងលោក Eli Remolona ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន ជាដើម៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា