កងវិស្វកម្មកម្ពុជាហ្វឹកហ្វឺនបង្កើនសមត្ថភាព ដើម្បីឆ្លើយតបនឹងសង្គ្រាមសម័យទំនើប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កងវិស្វកម្មកម្ពុជាហ្វឹកហ្វឺនបង្កើនសមត្ថភាព ដើម្បីឆ្លើយតបនឹងសង្គ្រាមសម័យទំនើប

កងវិស្វកម្មកម្ពុជាហ្វឹកហ្វឺនបង្កើនសមត្ថភាព ដើម្បីឆ្លើយតបនឹងសង្គ្រាមសម័យទំនើប

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អំពីការបន្តធ្វើកំ​ណែទម្រង់វិស័យការពារជាតិ ពិសេសការងារហ្វឹកហ្វឺនដែលជាស្នូលនៃការកសាងកងទ័ពឲ្យរឹងមាំ។ មេទ័ពកម្ពុជាលើកឡើងពី​កិច្ចការអាទិភាពចំនួន ៣ គឺ ទំនើបកម្មរចនាសម្ព័ន្ធ, ទំនើបកម្មគ្រឿងបំពាក់ និងទំ​នើបកម្មការងារហ្វឹកហ្វឺន ដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃយុទ្ធវិធី និងបច្ចេកវិទ្យាសង្គ្រាមសម័យទំនើប។
 
ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវិក្រឹតការបញ្ជាការសេនាធិការវិស្វកម្មជំនាន់ទី៥ និងបើកវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មចំនួន៥វគ្គ ឆ្នាំ២០២៦-២០២៧ នៅវិទ្យាស្ថានវិស្វកម្មមរតកតេជោ-ធិបតី នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ។
 
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានកោតសរសើរចំពោះកិច្ចខិតខំ និងការសហការរបស់ថ្នាក់ដឹកនាំកងវិស្វកម្ម និងស្ថាប័នពាក់ព័ន្ធដែលបានធ្វើឱ្យការហ្វឹកហ្វឺនប្រព្រឹត្តទៅតាមផែនការ និងរួមចំណែកដល់បុព្វហេតុការពារជាតិ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានលើកសរសើរពីសាមគ្គីភាព ឯកភាពផ្ទៃក្នុង សមត្ថភាព និងការគោរពប្រ​តិបត្តិតាមបទបញ្ជារបស់កងវិស្វកម្ម ក្នុងការចូលរួមបោះបង្គោលព្រំដែន និងកសាងបណ្តាញផ្លូវក្រវ៉ាត់ព្រំដែនដើម្បីរួមចំណែកកសាងព្រំដែនឱ្យក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ​។
 
ឯកឧត្តមបានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធតាមខ្សែក្រវ៉ាត់ព្រំដែនមានសារៈសំខាន់ជាយុទ្ធសាស្ត្រផ្នែកនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងយោធា ព្រមទាំងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋទៅរស់នៅតាមតំបន់ព្រំដែនកាន់តែច្រើន និងរួមចំណែកពង្រឹងខឿនការពារជាតិរបស់ប្រជាជនផងដែរ។
 
ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំឱ្យបន្តលើកកម្ពស់គុណភាពហ្វឹកហ្វឺន អភិវឌ្ឍសាលា និងទីលានហ្វឹកហាត់ ពង្រឹងសមត្ថភាពយោធាចារ្យ និងធ្វើបច្ចុប្បន្នភាពកម្មវិធី ឯកសារហ្វឹកហ្វឺន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទឱ្យកាន់​តែទំនើប និងមានប្រសិទ្ធភាព៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា