កម្ពុជាអំពាវនាវឱ្យគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដើម្បីកសាងសណ្តាប់ធ្នាប់អន្តរជាតិ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាអំពាវនាវឱ្យគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដើម្បីកសាងសណ្តាប់ធ្នាប់អន្តរជាតិ​

កម្ពុជាអំពាវនាវឱ្យគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដើម្បីកសាងសណ្តាប់ធ្នាប់អន្តរជាតិ​

កម្ពុជា បានអះអាងជាថ្មីពីសារៈសំខាន់នៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដោយចាត់ទុកថា គោលការណ៍ទាំងនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងសណ្តាប់ធ្នាប់អន្តរជាតិ។
 
ក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ​បានថ្លែងថា ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ត្រូវតែជាមគ្គុទ្ទេសក៍តម្រង់ទិសសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយប្រជាធិបតេយ្យ និងសមធម៌។
 
ឯកឧត្តមលើកឡើងថា ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ត្រូវផ្អែកលើសមភាពអធិបតេយ្យ បូរណភាពដែនដី ការមិនប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី  មិនមែនផ្អែកលើភាពខុសគ្នាផ្នែកយោធា នយោបាយ ឬសេដ្ឋកិច្ចនោះទេ។
 
ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា យន្តការសន្តិវិធីត្រូវតែបន្តជាមូលដ្ឋានក្នុងការដោះស្រាយជម្លោះ។ កិច្ចសន្ទនា និងការចរចាមានភាពចាំបាច់។ ការសម្រុះសម្រួល ការផ្សះផ្សា ការប្រើប្រាស់យន្តការដោះស្រាយជម្លោះដោយសន្តិវិធី​ គួរយកមកអនុវត្តក្នុងពេលសមស្រប។
 
សម្រាប់កម្ពុជា ការស្វែងរកការប្រើប្រាស់យន្តការទាំងនេះ មិនគួរចាត់ទុកជាការប្រឈមមុខដាក់គ្នា ឬជាការបង្កើនកំដៅជម្លោះនោះទេ ប៉ុន្តែជាមធ្យោបាយស្របច្បាប់ និងប្រកបដោយស្ថាបនា ដើម្បីបង្ការកុំឱ្យមានតានតឹងបន្ថែមទៀត និងរួមចំណែកដល់ការស្វែងរកដំណោះស្រាយមួយ ប្រកបដោយភាពយុត្តិធម៌ និងយូរអង្វែង។​

ក្រៅពីនេះ តំណាងកម្ពុជាក៏បានសង្កត់ធ្ងន់ថា ការគោរពកាតព្វកិច្ចអន្តរជាតិទាំងនេះ មានផលប៉ះពាល់ដោយផ្ទាល់ដល់ការគោរពសិទ្ធិមនុស្ស ព្រោះជារឿយៗ ប្រជាពលរដ្ឋស៊ីវិលគឺជាអ្នករងផលប៉ះពាល់មុនគេ នៅពេលវិវាទកាន់តែធ្ងន់ធ្ងរ និងឈានទៅរកជម្លោះ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា