យុវជនសិង្ហបុរី វ័យ២២ឆ្នាំម្នាក់ លួចលុយគ្រីបតូបានជាង ២៦០លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវជនសិង្ហបុរី វ័យ២២ឆ្នាំម្នាក់ លួចលុយគ្រីបតូបានជាង ២៦០លានដុល្លារ

យុវជនសិង្ហបុរី វ័យ២២ឆ្នាំម្នាក់ លួចលុយគ្រីបតូបានជាង ២៦០លានដុល្លារ

សិង្ហបុរី ៖ យុវជនជាជនជាតិសិង្ហបុរី វ័យ២២ឆ្នាំ ឈ្មោះ Malone Lam បានសារភាពកំហុសនៅចំពោះមុខតុលាការសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី៨ ខែកញ្ញា លើបទចោទប្រកាន់ពីបទសមគំនិតប្រព្រឹត្តបទល្មើស ពាក់ព័ន្ធនៅក្នុងបណ្តាញចោរកម្មរូបិយប័ណ្ណគ្រីបតូ ឬ Cryptocurrency ដែលបានលួចប្រាក់ជាង ២៦០ លានដុល្លារអាមេរិកពីជនរងគ្រោះជាច្រើននាក់។

នៅក្នុងការសវនាការ រយៈពេលជិត ២ ម៉ោងកន្លះ នៅរដ្ឋធានីវ៉ាស៊ីនតោន, រដ្ឋអាជ្ញាអាមេរិក លោក Christopher Howland បានថ្លែងថា លោក Lam បានដើរតួនាទីជាច្រើន នៅក្នុងបណ្តាញឧក្រិដ្ឋកម្មនេះ។

ជាមួយនឹងសម្លៀកបំពាក់ជាអ្នកទោស, យុវជន ដែលអាចប្រឈមមុខនឹងជាប់ពន្ធនាគារ ២០ឆ្នាំ រូបនេះ បានឆ្លើយតបជាច្រើនដងដើម្បីបញ្ជាក់ថា ខ្លួនយល់ស្របតាមការរៀបរាប់ របស់តំណាងអយ្យការ។ នៅពេលចៅក្រមសួរថា តើគេទទួលស្គាល់កំហុសឬទេ Lam បានដកដង្ហើមធំ រួចឆ្លើយថា «ខ្ញុំសូមសារភាពកំហុស លោកចៅក្រម»។ លោក Lam ក៏បានរៀបរាប់ដែរថា រូបគេកំពុងជួបគ្រូពេទ្យផ្លូវចិត្តជាទៀងទាត់ និងបានលេបថ្នាំព្យាបាលជំងឺផ្លូវចិត្ត, ជំងឺព្រួយបារម្ភ និង ថ្នាំជួយឱ្យគេងលក់។

បើតាម CNA, លោក Lam និង បក្ខពួក បានរៀបចំផែនការបោកប្រាស់ផ្លូវចិត្ត ដោយពួកគេបានបន្លំខ្លួនធ្វើជាបុគ្គលិកនៃក្រុមហ៊ុនល្បីៗ រួមទាំង ក្រុមហ៊ុន Google ដើម្បីបញ្ចុះបញ្ចូលជនរងគ្រោះឱ្យទម្លាយព័ត៌មានផ្ទាល់ខ្លួន ដូចជា ពាក្យសម្ងាត់, លេខកូដសម្ងាត់ ឬ Seed Phrases និងលេខកូដផ្ទៀងផ្ទាត់ផ្សេងៗ។ ការធ្វើបែបនេះបានធ្វើឱ្យក្រុមរបស់គេអាចចូលទៅកាន់កាបូបលុយគ្រីបតូ ឬ Crypto Wallets របស់ជនរងគ្រោះបាន។

ជាក់ស្តែង ការលួចដ៏ធំបំផុតមួយបានកើតឡើង នៅខែសីហា ឆ្នាំ២០២៤ នៅពេលដែល លោក Lam និងបក្ខពួកបានលួចយកកាក់ Bitcoin ជាង ៤,១០០ កាក់ ពីជនរងគ្រោះម្នាក់ នៅវ៉ាស៊ីនតោន ដែលមានតម្លៃប្រមាណ ២៣០ លានដុល្លារអាមេរិក នៅពេលនោះ។ លោក Lam ត្រូវបានចាប់ខ្លួន នៅខែកញ្ញា ឆ្នាំ២០២៤ ពោលគឺនៅប៉ុន្មានសប្តាហ៍ ក្រោយធ្វើសកម្មភាពលួចនោះ។

ទោះបីជា លោក Lam និងបក្ខពួកបានព្យាយាមបិទបាំងដានឌីជីថល ដោយការលាងលុយកខ្វក់ និងបំប្លែងគ្រីបតូ ទៅជាកាតទូទាត់ ឬ សាច់ប្រាក់ក៏ដោយ ប៉ុន្តែ របៀបរស់នៅយ៉ាងស៊ីវិល័យ និងហ៊ឺហារបស់គេ បានទាក់ទាញការចាប់អារម្មណ៍ពីអាជ្ញាធរ។

ក្នុងនោះ លោក Lam បានចំណាយប្រាក់រាប់លានដុល្លារ លើឡានទំនើបៗ, នាឡិកាដៃ និង សម្លៀកបំពាក់ម៉ាកល្បីៗ, ការជួលយន្តហោះផ្ទាល់ខ្លួន, អង្គរក្សការពារសុវត្ថិភាព និង ផ្ទះជួលលំដាប់ខ្ពស់នៅរដ្ឋ Miami, Los Angeles និង Hamptons, រថយន្តលំដាប់អភិជនមួយចំនួន ដែលមានតម្លៃរហូតដល់ ៣លាន៨សែនដុល្លារក្នុងមួយគ្រឿង, ការចូលរួមរាត្រីសមោសរ ដោយធ្លាប់ចំណាយអស់រហូតដល់ ៥៦ម៉ឺន៩ពាន់ ដុល្លារ ក្នុងមួយយប់ នៅក្លឹបរាត្រីមួយកន្លែង ក្នុងក្រុង Los Angeles។

ការសារភាពកំហុសនេះបានធ្វើឡើង បន្ទាប់ពីមានមន្ទិលសង្ស័យជាច្រើនខែថា តើរូបគេនឹងទទួលយកកិច្ចព្រមព្រៀងសារភាពកំហុស ឬ ឡើងសវនាការជំនុំជម្រះ។ រដ្ឋាភិបាលអាមេរិកបានដាក់ស្នើកិច្ចព្រមព្រៀងថ្មី នៅខែវិច្ឆិកា ឆ្នាំ២០២៥ ហើយបក្ខពួកមួយចំនួនរបស់ លោក Lam ក៏បានត្រៀមខ្លួនឡើងធ្វើជាសាក្សីប្រឆាំងនឹងរូបគេផងដែរ ប្រសិនបើករណីនេះត្រូវឈានដល់ការជំនុំជម្រះ។

យុវជន Malone Lam ត្រូវឡើងតុលាការម្តងទៀត នៅថ្ងៃទី៨ ខែធ្នូ ខាងមុខនេះ សម្រាប់សវនាការតាមដានស្ថានភាព ដោយចៅក្រមរំពឹងថា នឹងកំណត់កាលបរិច្ឆេទប្រកាសទោស។ លើសពីនេះ, រូបគេ និងបក្ខពួកត្រូវបានតុលាការបញ្ជាឱ្យសងប្រាក់ជាង ២៤៥ លានដុល្លារដែលបានលួចនោះ ត្រឡប់ទៅឱ្យជនរងគ្រោះវិញ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា