អ៊ីស្រាអែល ក្រឡាស់សម្តីថា មិនមានផែនការបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីហ្គាហ្សាទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ក្រឡាស់សម្តីថា មិនមានផែនការបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីហ្គាហ្សាទេ

អ៊ីស្រាអែល ក្រឡាស់សម្តីថា មិនមានផែនការបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីហ្គាហ្សាទេ

ហ្ស៊េរុយសាឡឹម ៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានប្រកាសកាលពីថ្ងៃ ពុធ ថា រដ្ឋាភិបាលអ៊ីស្រាអែលមិនមានផែនការបង្ខំ ឬនិរទេសប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាទេ។

ការអះអាងនេះ ធ្វើឡើងផ្ទុយគ្នាស្រឡះពីរដ្ឋមន្ត្រីអ៊ីស្រាអែលចំនួនពីររូប ដែលបានលើកឡើងពីគំនិតឱ្យបណ្តេញប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សាក្នុងទ្រង់ទ្រាយធំ។

លោក Saar បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅប្រទេសស្លូវេនី ថា ប្រសិនបើប្រជាជនណាម្នាក់ចង់ចាកចេញដោយស្ម័គ្រចិត្ត និងមានប្រទេសផ្សេងព្រមទទួលយកប្រជាជនហ្គាហ្សា នោះអ៊ីស្រាអែលនឹងមិនជំទាស់ទេ ប៉ុន្តែអ៊ីស្រាអែលក៏មិនបង្ខំនរណាម្នាក់ឱ្យចាកចេញដែលប្រឆាំងនឹងឆន្ទៈរបស់ពួកគេដែរ។

យ៉ាងណា សេចក្តីថ្លែងការណ៍របស់លោក Saar កើតឡើងចំពេលមានការលើកឡើងផ្ទុយគ្នាពីមន្ត្រីអ៊ីស្រាអែលមួយចំនួន។

ជាក់ស្តែង រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយនៅថ្ងៃទី២ ខែកញ្ញាថា មិនអាចមានដំណោះស្រាយពិតប្រាកដសម្រាប់ហ្គាហ្សា ដោយគ្មានការធ្វើចំណាកស្រុករបស់ប្រជាជនប៉ាឡេស្ទីនឡើយ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល លោក Itamar Ben-Gvir នៅថ្ងៃទី៣ ខែកញ្ញា ក៏បានលើកឡើងពីផែនការរយៈពេល ៧ ឆ្នាំ ដើម្បីបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា តាមអ្វីដែលលោកហៅថា ការធ្វើចំណាកស្រុកដោយស្ម័គ្រចិត្ត។

លោក Ben-Gvir បានបង្ហាញផែនការមួយដែលមានគោលបំណងឱ្យមានការចាកចេញរបស់ប្រជាជនប៉ាឡេស្ទីនចំនួន ២៥ម៉ឺននាក់ចេញពីតំបន់ហ្គាហ្សាក្នុងឆ្នាំដំបូង បន្ទាប់មក គឺប្រជាជនដែលនៅសល់ប្រហែល ២ លាននាក់ទៀតនឹងចាកចេញ ក្នុងរយៈពេល ៦ ឆ្នាំបន្ទាប់៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា