ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី រំលឹកថា ការទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ជាការបន្សល់ទុកកេរមរតក និងការធានាសុវត្ថិភាពផ្លូវច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី រំលឹកថា ការទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ជាការបន្សល់ទុកកេរមរតក និងការធានាសុវត្ថិភាពផ្លូវច្បាប់

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី រំលឹកថា ការទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ជាការបន្សល់ទុកកេរមរតក និងការធានាសុវត្ថិភាពផ្លូវច្បាប់

ក្នុងពេលចុះចែកបណ្ណកម្មសិទ្ធិនៅខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី បានរំលឹកថា ការទទួលបានបណ្ណកម្មសិទ្ធិដីធ្លី គឺជាការបន្សល់ទុកនូវកេរមរតក និងការធានាសុវត្ថិភាពផ្លូវច្បាប់។

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងអំពី តម្លៃ និងសារៈប្រយោជន៍នៃបណ្ណកម្មសិទ្ធិដីធ្លី ដោយបានចាត់ទុកការទទួលបានបណ្ណសម្គាល់ម្ចាស់អចលនវត្ថុនេះ ស្មើនឹងការទទួលបានកេរមរតក ឬការប្រគល់ទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលធានាបាននូវសុវត្ថិភាពផ្លូវច្បាប់យ៉ាងរឹងមាំក្នុងការកាន់កាប់អចលនវត្ថុ ព្រមទាំងជាដើមទុនសម្រាប់ទ្រទ្រង់ជីវភាព និងផ្ទេរតពូជដល់កូនចៅជំនាន់ក្រោយ។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ២៥ ៧៩០បណ្ណ ក្នុងស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្ដែងក្តីសោមនស្សរីករាយជាខ្លាំង ដែលបានវិលត្រឡប់មកបំពេញភារកិច្ច និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងសាជាថ្មី។ ឯកឧត្តមបានគូសបញ្ជាក់ថា លទ្ធផលនៃការចុះបញ្ជីដីធ្លីដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាសមិទ្ធផលដ៏ជាទីគាប់ចិត្ត និងជាមោទនភាពរួមរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអនុវត្តការងារចុះបញ្ជីដីធ្លី ដោយការវាស់វែងនិងចេញបណ្ណនេះមិនអាចសម្រេចជោគជ័យទៅបានឡើយ ប្រសិនបើគ្មានការចូលរួម និងសហការយ៉ាងសកម្មពីសំណាក់ម្ចាស់ដីផ្ទាល់ និងអ្នកជិតខាង។ អាជ្ញាធរ និងក្រុមការងារបច្ចេកទេសមិនអាចកំណត់ព្រំដីដោយគ្មានម្ចាស់ដីនោះទេ ដូច្នេះ ការចូលរួមរបស់ប្រជាពលរដ្ឋគឺជាកត្តាគន្លឹះដើម្បីធានាភាពសុក្រឹត និងយុត្តិធម៌។

ពាក់ព័ន្ធនឹងសមិទ្ធផលនិងទស្សនវិស័យនៃគោលនយោបាយដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកថា កម្ពុជាបានចំណាយពេលប្រមាណ ៤០ឆ្នាំមកហើយលើកិច្ចការងារចុះបញ្ជីដីធ្លីនេះ ដោយនៅក្នុងឆ្នាំ២០២៩ ខាងមុខ នឹងត្រូវចាត់ទុកថាជាខួបលើកទី៤០ នៃការចុះបញ្ជីដីធ្លីនៅកម្ពុជា។ បច្ចុប្បន្ន រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងជំរុញយ៉ាងសកម្មដើម្បីបិទបញ្ចប់ការចុះបញ្ជីដីធ្លីទូទាំងប្រទេសឱ្យបានសម្រេចជោគជ័យស្របតាមផែនការយុទ្ធសាស្ត្រ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្ដល់ការណែនាំ និង លើកទឹកចិត្តដល់ការអភិវឌ្ឍតំបន់ និងការប្រើប្រាស់ដីធ្លី ដោយជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នារៀបចំដែនដី និងរៀបចំក្រុង-ស្រុកឱ្យបានច្បាស់លាស់។ ការកំណត់តំបន់ឱ្យបានត្រឹមត្រូវ ដូចជាតំបន់ព្រៃលិចទឹក តំបន់កសិកម្ម ឬតំបន់ឧស្សាហកម្ម គឺជារឿងចាំបាច់បំផុត ដើម្បីធានាប្រសិទ្ធភាពខ្ពស់នៃការប្រើប្រាស់ដីធ្លីប្រកបដោយចីរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចមូលដ្ឋានរឹងមាំ។

ប្រជាពលរដ្ឋ បានបង្ហាញក្ដីត្រេកអរ ដែលទទួលបានប័ណកម្មសិទ្ធដីផ្ទាល់ខ្លួន ដើម្បីទទួលខុសត្រូវលើការគ្រប់គ្រងដីរៀងខ្លួន ដែលពេលនេះជឿច្បាស់ថា បានទទួលប័ណកម្មសិទ្ធជារបស់ខ្លួនឯងពិតៗ និងធានាសុវត្ថិភាពផ្លូវច្បាប់ ទុកជូនកូនចៅជំនាន់ក្រោយ ។

គួរបញ្ជាក់ថា ការវាស់វែង និងវិនិច្ឆ័យដីធ្លីក្នុងខេត្តកំពង់ឆ្នាំង សម្រេចបានជាង ៧៥ម៉ឺនក្បាលដី ឬស្មើនឹង ១០០% នៃផែនការ ក្នុងនោះបានបិទផ្សាយជាង ៥៦ម៉ឺនក្បាលដី, ចេញប័ណ្ណបានជាង ៤០ម៉ឺនប័ណ្ណ និងបានចែកជូនប្រជាពលរដ្ឋរួចរាល់ចំនួនជាង ៣៦ម៉ឺន ប័ណ្ណ (ស្មើនឹង ៨៩%) ហើយនៅសល់ប5ណ្ណចំនួនជាង ៤៤ ០០០ ទៀត ដែលកំពុងជំរុញចែកជូនតាមភូមិបន្ត៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា