ប្រេង Brent បន្តឡើងថ្លៃលើស១០០ដុល្លារ ក្នុង១បារ៉ែល ខណៈការវាយប្រហារលើនាវាដឹកប្រេងបង្កើនក្តីបារម្ភអំពីការផ្គត់ផ្គង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រេង Brent បន្តឡើងថ្លៃលើស១០០ដុល្លារ ក្នុង១បារ៉ែល ខណៈការវាយប្រហារលើនាវាដឹកប្រេងបង្កើនក្តីបារម្ភអំពីការផ្គត់ផ្គង់

ប្រេង Brent បន្តឡើងថ្លៃលើស១០០ដុល្លារ ក្នុង១បារ៉ែល ខណៈការវាយប្រហារលើនាវាដឹកប្រេងបង្កើនក្តីបារម្ភអំពីការផ្គត់ផ្គង់

បរទេស ៖ តម្លៃប្រេងឆៅ Brent នៅថ្ងៃព្រហស្បតិ៍នេះ បន្តកើនឡើងលើសពីតម្លៃ ១០០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលពាណិជ្ជករកំពុងត្រៀមខ្លួនសម្រាប់បញ្ហាអាក់ខាននៃការផ្គត់ផ្គង់កាន់តែធ្ងន់ធ្ងរ ពោលគឺបន្ទាប់ពីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានបើកការវាយប្រហារទ្រង់ទ្រាយធំបំផុតលើនាវាដឹកជញ្ជូន ចាប់តាំងពីជម្លោះរយៈពេល ៦ ខែរបស់គូជម្លោះទាំងពីរបានចាប់ផ្តើម។

តម្លៃប្រេងឆៅ Brent បានកើនឡើង ០,១ ភាគរយ ពោលគឺដល់ ១០១,៣៤ ដុល្លារក្នុងមួយបារ៉ែល។ ចំណែកប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកវិញ មានតម្លៃ ៩៦,៥៥ ដុល្លារក្នុងមួយបារ៉ែល ដែលកើនឡើង ០,៥ ភាគរយ។

អ៊ីរ៉ង់បាននិយាយ កាលពីថ្ងៃពុធថា ខ្លួនបានវាយប្រហារនាវាចំនួន ១០ គ្រឿង នៅជិតច្រកសមុទ្រ Hormuz បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ពន្លិចនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន ៥ គ្រឿង ហើយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងបង្កើនកម្រិតនៃការឆ្លើយតបចំពោះការវាយប្រហារណាមួយបន្ថែមទៀត។

លោក Daniel Hynes អ្នកវិភាគនៅធនាគារ ANZ បានលើកឡើង នៅក្នុងកំណត់ត្រាផ្ញើជូនអតិថិជនថា «ការវាយប្រហារសងសឹកគ្នាទៅវិញទៅមកនេះ បង្ហាញថា ការដឹកជញ្ជូនប្រេងចេញពីឈូងសមុទ្រពែរ្សទំនងជានឹងបន្តជួបបញ្ហាអាក់ខាន នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ»។

បើតាម CNA, ការដឹកជញ្ជូនប្រេងតាមរយៈច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកធ្លាប់ដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់សកល មុនពេលមានសង្គ្រាមនោះ នៅតែមានកម្រិតទាបជាងកម្រិតមុនសង្គ្រាមយ៉ាងខ្លាំង។

រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក ហៅកាត់ EIA កាលពីថ្ងៃពុធ បានដំឡើងការព្យាករណ៍តម្លៃប្រេងសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ ដោយសារស្តុកប្រេងសកលបានធ្លាក់ចុះដោយសារតែការបាត់បង់ការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ា។

លោក Daniel Hynes បាននិយាយថា «ការរីករាលដាលនៃជម្លោះនេះបង្កហានិភ័យដល់ការអាក់ខានកាន់តែធ្ងន់ធ្ងរទៅលើការផ្គត់ផ្គង់ប្រេង ដែលបានធ្វើឱ្យទីផ្សារប្រេងរួចទៅហើយនោះ ត្រូវប្រឈមនឹងភាពលំបាកក្នុងការសម្របខ្លួន»៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា