ក្រសួងកសិកម្មនឹងធ្វើទំនើបកម្មប្រព័ន្ធប្រមូលស្ថិតិផលិតកម្មបន្លែទូទាំងប្រទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងកសិកម្មនឹងធ្វើទំនើបកម្មប្រព័ន្ធប្រមូលស្ថិតិផលិតកម្មបន្លែទូទាំងប្រទេស

ក្រសួងកសិកម្មនឹងធ្វើទំនើបកម្មប្រព័ន្ធប្រមូលស្ថិតិផលិតកម្មបន្លែទូទាំងប្រទេស

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចក្នុងការធ្វើសំយោគ និង ច្របាច់បញ្ចូលវិធីសាស្ត្រ ដែលមានស្រាប់ជាមួយយន្តការមន្ត្រីកសិកម្មឃុំ ដោយសម្រេចយកកម្មវិធី «FarmBook App» មកអភិវឌ្ឍបន្ថែមដើម្បីផ្តល់ភាពងាយស្រួលប្រើប្រាស់ជាងមុន។

ការសម្រេចក្នុងយន្តការថ្មីមួយបន្ថែមទៀតរបស់ក្រសួងកសិកម្មនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពី «នីតិវិធីប្រមូលស្ថិតិផលិតកម្មបន្លែ ដោយប្រើយន្តការមន្ត្រីកសិកម្មឃុំ» ដែលបានរៀបចំឡើងនាថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គួរបញ្ជាក់ថា «FarmBook App» គឺជាឧបករណ៍ឌីជីថល ដែលបង្កើតឡើងក្រោមសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការ GIZ MUSEFO ក្នុងគោលបំណងជួយសម្រួលដល់មន្ត្រីកសិកម្មឃុំ ក្នុងការចុះប្រមូល និងគ្រប់គ្រងទិន្នន័យកសិកម្មនៅតាមមូលដ្ឋាន។

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិម្មរុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងកំណត់ វិធីសាស្ត្រប្រមូលស្ថិតិផលិតកម្មបន្លែឱ្យមានស្តង់ដារតែមួយ ប្រសិទ្ធភាព និងសុក្រឹតភាពខ្ពស់ តាមរយៈការអនុវត្តផ្ទាល់របស់មន្ត្រីកសិកម្មឃុំទូទាំងប្រទេស។

ក្រសួងកសិកម្មបានឱ្យដឹងដែរថា ក្រសួងនឹងធ្វើសំយោគ និងច្របាច់បញ្ចូល វិធីសាស្ត្រប្រមូលទិន្នន័យដែលមានស្រាប់ ជាមួយយន្តការមន្ត្រីកសិកម្មឃុំ និង ការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល រួមមាន កម្មវិធីទូរស័ព្ទដៃ ការកត់ត្រាព័ត៌មានតាមទីតាំងភូមិសាស្ត្រជាក់ស្តែង និងការប្រមូលទិន្នន័យផ្ទាល់ពីតួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម។ ការងារនេះ គឺដើម្បីធានាឱ្យទិន្នន័យផលិតកម្មបន្លែមានភាពត្រឹមត្រូវ ទាន់ពេលវេលា អាចតាមដាន និងអាចប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព សម្រាប់គាំទ្រដល់ការរៀបចំផែនការ ការសម្រេចចិត្ត និងការអភិវឌ្ឍវិស័យផលិតកម្មបន្លែ។

ក្រសួងកសិកម្មបានបញ្ជាក់ថាក្នុងអង្គប្រជុំបានឯកភាព និងសម្រេចធ្វើសំយោគ និងច្របាច់បញ្ចូលវិធីសាស្ត្រដែលមានស្រាប់ ជាមួយយន្តការ មន្ត្រីកសិកម្មឃុំ ដោយសម្រេចយក «FarmBook App» មកអភិវឌ្ឍបន្ថែម និងបញ្ចូលទម្រង់ (Form) សម្រាប់ប្រមូល និងតាមដានទិន្នន័យផលិតកម្មបន្លែឱ្យបានជាក់លាក់ និងងាយស្រួលប្រើប្រាស់។

ជាមួយគ្នានេះក្រសួងកសិកម្មរំពឹងថា ការកែលម្អនេះ នឹងជួយ កាត់បន្ថយពេលវេលា និងបន្ទុកការងារ បង្កើនសុក្រឹតភាព និងធានាការផ្តល់ព័ត៌មានបានទាន់ពេលវេលា ព្រមទាំងសម្រួលដល់ការបំពេញភារកិច្ចស្នូលរបស់មន្ត្រីកសិកម្មឃុំនៅមូលដ្ឋាន៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា