អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានសមិទ្ធផលលេចធ្លោក្នុងឆ្នាំដំបូង និងដណ្តើមបានចំណាត់ថ្នាក់លំដាប់ពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានសមិទ្ធផលលេចធ្លោក្នុងឆ្នាំដំបូង និងដណ្តើមបានចំណាត់ថ្នាក់លំដាប់ពិភពលោក

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានសមិទ្ធផលលេចធ្លោក្នុងឆ្នាំដំបូង និងដណ្តើមបានចំណាត់ថ្នាក់លំដាប់ពិភពលោក

ក្នុងរយៈពេល ១ឆ្នាំនៃប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ទទួលអ្នកដំណើរបានជាង ២,៤ លាននាក់ និងពង្រីកការតភ្ជាប់ជើងហោះហើរអន្តរជាតិយ៉ាងសកម្ម។ បន្ថែមពីនេះព្រលានតេជោ បានសាងមោទនភាពជាតិ ដោយជាប់ចំណាត់ថ្នាក់លេខ ៥ ជាអាកាសយានដ្ឋានថ្មីល្អបំផុត និងជាអាកាសយានដ្ឋានស្អាតបំផុតមួយលើពិភពលោក 2026 ។
 
គិតចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ មក អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) បានបំពេញតួនាទីជាច្រកចេញចូលផ្លូវអាកាសអន្តរជាតិដ៏សំខាន់របស់កម្ពុជា ដោយសម្រេចបានការផ្ទេរប្រតិបត្តិការដោយរលូន ការពង្រីកការតភ្ជាប់អន្តរជាតិ ការពង្រឹងសមត្ថភាពប្រតិបត្តិការ និងការទទួលស្គាល់លើឆាកអន្តរជាតិ។ អាកាសយានដ្ឋានដ៏ទំនើបមួយនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
 
ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់រាជធានីភ្នំពេញ ត្រូវបានផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានចាប់ផ្តើមជើងហោះហើរដំបូងដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវ​បាន​អភិវឌ្ឍលើផ្ទៃដីប្រមាណ ២​ ៦០០ ហិកតា ជាមួយទុនវិនិយោគប្រមាណ ២,៣ ពាន់លានដុល្លារអាមេរិក និងជាអាកាសយានដ្ឋានកម្រិត 4F ដែលអាចទទួលយន្តហោះខ្នាតធំដូចជា Airbus A380 និង Boeing 747 បានយ៉ាងងាយស្រួល។ ក្នុងដំណាក់កាលទី១ អាកាសយានដ្ឋាននេះមានសមត្ថភាពទទួលអ្នកដំណើរបានពី ១៣ ទៅ ១៥ លាននាក់ក្នុងមួយឆ្នាំ ហើយមានផែនការពង្រីកសមត្ថភាពជាបន្តបន្ទាប់រហូតដល់ ៣០ លាននាក់ និង ៥០ លាននាក់ តាមដំណាក់កាលអភិវឌ្ឍន៍។
 
យោងតាមរបាយការណ៍អាកាសចរណ៍ស៊ីវិល គិតត្រឹមត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរបានប្រមាណ ២,៤ លាននាក់។
 
ជាមួយគ្នានេះ ផ្អែកលើសមិទ្ធផលស្ថាបត្យកម្ម និងសេវាកម្ម អាកាសយានដ្ឋានអន្តរជាតិតេជោ បានជាប់ចំណាត់ថ្នាក់លេខ ៥ លើពិភពលោកក្នុងចំណោម World’s Best New Airport Terminals 2026 របស់ Skytrax World Airport Awards។ បន្ថែមពីនេះ ព្រលានតេជោ ក៏ត្រូវបានជ្រើសរើសជាអាកាសយានដ្ឋានមួយ ទទួលស្គាល់ចំពោះគុណភាព បទពិសោធន៍អ្នកដំណើរ ស្ថាបត្យកម្ម និងការរួមបញ្ចូលអត្តសញ្ញាណវប្បធម៌ខ្មែរយ៉ាងប្រណីតផងដែរ។
 
តាមគម្រោង នៅឆ្នាំទី២ ស្ថានីយទំនិញថ្មីដែលមានទំហំប្រមាណ ៤ ហិកតា (អាចផ្ទុកទំនិញបានកើនឡើងទ្វេដង) និងស្ថានីយ VVIP ថ្មី កំពុងឈានដល់ការបញ្ចប់ការសាងសង់ ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ ​
 
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា សមិទ្ធផលដ៏សំខាន់ក្នុងឆ្នាំដំបូង មិនមែនត្រឹមតែជាការបើកអាកាសយានដ្ឋានថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតដោយជោគជ័យនូវច្រកចេញចូលតាមផ្លូវអាកាសដែលមានសុវត្ថិភាព ទំនើប និងទទួលស្គាល់ជាអន្តរជាតិសម្រាប់កម្ពុជា។ ឯកឧត្តមបានបន្ថែមថា ជំហានបន្ទាប់គឺការប្រើប្រាស់សមត្ថភាពនេះឱ្យបានពេញលេញ ដើម្បីភ្ជាប់កម្ពុជាទៅកាន់ទីក្រុង ទីផ្សារ ភ្ញៀវទេសចរ វិនិយោគិន និងឱកាសសេដ្ឋកិច្ចកាន់តែច្រើនឡើងនៅក្នុងតំបន់ និងពិភពលោក៕ ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា