ក្រសួងរៀបចំដែនដីបញ្ជាក់ការពិតជុំវិញការជាប់គាំងគម្រោងបុរី ឡេង ណាវ៉ាត្រា ហើយសន្យាដោះស្រាយរហូតទទួលបានលទ្ធផលចុងក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដីបញ្ជាក់ការពិតជុំវិញការជាប់គាំងគម្រោងបុរី ឡេង ណាវ៉ាត្រា ហើយសន្យាដោះស្រាយរហូតទទួលបានលទ្ធផលចុងក្រោយ

ក្រសួងរៀបចំដែនដីបញ្ជាក់ការពិតជុំវិញការជាប់គាំងគម្រោងបុរី ឡេង ណាវ៉ាត្រា ហើយសន្យាដោះស្រាយរហូតទទួលបានលទ្ធផលចុងក្រោយ


ក្រសួងរៀបចំដែនដី បានចេញសេចក្តីបំភ្លឺជុំវិញការជាប់គាំង «គម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា» និង «គម្រោងជ្រែមួយរយ» របស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា។ ក្រសួងបញ្ជាក់ពីចំណាត់ការបន្ត ហើយសន្យាដោះស្រាយវិបត្តជាប់គាំងជាច្រើនឆ្នាំនេះ រហូតទទួលបានលទ្ធផលចុងក្រោយ។
 
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៩ ខែកញ្ញា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ពីសាវតានៃគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រៃមួយរយ របស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប នៅស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានជាប់គាំង និងមិនអាចអនុវត្តតាមកិច្ចសន្យាលក់ទិញជាមួយអតិថិជន និងម្ចាស់ដីជាច្រើនឆ្នាំ រហូតបណ្តាលឱ្យមានការតវ៉ាតាមរូបភាពផ្សេងៗ រួមទាំង បណ្ដឹងតវ៉ាជាផ្លូវការពីអតិថិជន មកក្រសួងដែនដីទៀតផង។
 
កន្លងមក ក្រសួងបានព្យាយាមសម្របសម្រួល ដោយទុកឱកាសឱ្យក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោះស្រាយជាមួយអតិថិជន ប៉ុន្តែក្រុមហ៊ុននៅតែមិនអាចផ្តល់ដំណោះស្រាយសមស្រប និងទាន់ពេលវេលាឡើយ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោក ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា បានទទួលស្គាល់ថា ក្រុមហ៊ុនគ្មានលទ្ធភាពសាងសង់បញ្ចប់ឡើយ ហើយបានប្រគល់សិទ្ធិជូនក្រសួងដឹកនាំសម្របសម្រួលការងារសាងសង់ និងចាក់ដី ព្រមទាំងឯកភាពឱ្យលក់ឡៃឡុងនូវអចលនទ្រព្យរបស់ក្រុមហ៊ុន។
 
អនុវត្តតាមស្មារតីនេះ គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបានដឹកនាំសម្របសម្រួលសាងសង់បញ្ចប់ និងប្រគល់ផ្ទះជូនអតិថិជនបានចំនួន ៥៩៨ ផ្ទះ ព្រមទាំងចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិ ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ ១០០% ចំនួន ៥ ៩៧០ ប័ណ្ណ ហើយចាក់ដីបំពេញបន្ថែមនៅគម្រោងជ្រែមួយរយសម្រេចបានប្រមាណ ៦០%។ *
 
ជាមួយគ្នានេះ ក្រសួងបានផ្អាកចរន្តលើអចលនទ្រព្យរបស់ក្រុមហ៊ុន និងភាគីពាក់ព័ន្ធ ដើម្បីធានាដល់ការដោះស្រាយ និងផ្ទេរកម្មសិទ្ធិជូនអតិថិជន ព្រមទាំងព្យាយាមស្វែងរកដៃគូសមស្របដើម្បីលក់ឡៃឡុងទ្រព្យសម្បត្តិ ក្រោមការពិគ្រោះយោបល់ និងឯកភាពលើតម្លៃពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីយកថវិកាមកទ្រទ្រង់ដំណើរការដោះស្រាយ។
 
ដោយឡែក ពាក់ព័ន្ធនឹងការលើកឡើងនាពេលថ្មីៗនេះលើបណ្តាញសង្គម Facebook របស់គណនីឈ្មោះ “Leng Navatra ឡេង ណាវ៉ាត្រា”, “Ton ChanSeyma តន់ ចន្ទសីម៉ា” និង “Leng Nimol ឡេង និមល” ក្រសួងរៀបចំដែនដីបានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា នេះគឺជាការផ្សព្វផ្សាយបំភាន់ព័ត៌មាន បំភ្លៃការពិត និងបំពុលបរិយាកាសសង្គម ក្នុងចេតនាញុះញង់បង្កចលាចល។
 
ក្រសួងរៀបចំដែនដីចាត់ទុកទង្វើនេះថា ជាការបំពានផ្លូវច្បាប់ និងសីលធម៌វិជ្ជាជីវៈ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង។ ក្រសួងព្រមានថា សកម្មភាពនេះអាចប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ, បទញុះញង់, បទប្រមាថ និង​បទញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ តាមប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌ។
 
ដើម្បីការពារឧត្តមប្រយោជន៍របស់អតិថិជនប្រមាណជាង ៣ម៉ឺ ៨ពាន់ គ្រួសារនៅទូទាំងប្រទេស ក្រសួងរៀបចំដែនដីស្នើឱ្យអតិថិជនទាំងអស់បន្តចូលរួមអនុវត្តតាមយន្តការសម្របសម្រួលរបស់ក្រសួង ដោយស្មារតីយោគយល់ និងអនុគ្រោះគ្នា។ ជាមួយគ្នានេះ ក្រសួងបានតម្រូវឱ្យភាគីក្រុមហ៊ុន ពិសេសលោក ឡេង ណាវ៉ាត្រា ត្រូវបន្តចូលរួមឱ្យបានសកម្មក្នុងដំណោះស្រាយតាមយន្តការដែលបានឯកភាពគ្នា ខណៈក្រសួងប្តេជ្ញាបន្តដឹកនាំដោះស្រាយវិបត្តិជាប់គាំងនេះរហូតទទួលបានលទ្ធផលចុងក្រោយ៕ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា