កម្ពុជាស្វាគមន៍គណៈកម្មការ UNCLOS ដែលគ្រោង នឹងបើកកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជានិងថៃ ចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាស្វាគមន៍គណៈកម្មការ UNCLOS ដែលគ្រោង នឹងបើកកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជានិងថៃ ចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា

កម្ពុជាស្វាគមន៍គណៈកម្មការ UNCLOS ដែលគ្រោង នឹងបើកកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជានិងថៃ ចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា កម្ពុជាស្វាគមន៍គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ(UNCLOS) ដែលគ្រោងនឹងបើកកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជានិងថៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីការប្រកាសឱ្យដឹងរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង រួមទាំងគណៈប្រតិភូនិងក្រុមការងារច្បាប់កម្ពុជានឹងចូលរួមកិច្ចប្រជុំនេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា សុន្ទរកថាបើករបស់ភាគីទាំងពីរនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា វេលាម៉ោង ០៨:០០ម៉ោងនៅកម្ពុជា ដោយមានការផ្សាយដោយផ្ទាល់ជាសាធារណៈ ជាភាសាខ្មែរ អង់គ្លេស និងថៃ។ សុន្ទរកថាបើករបស់ភាគីកម្ពុជានឹងថ្លែងដោយ ឯកឧត្តមឧបនា​យករដ្ឋមន្ត្រី ប្រាក់ សុខុន។ កិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀតក្នុងដំណើរការដោះស្រាយទំនាស់ដែនសមុទ្រប្រទេសទាំងពីរដោយសន្តិវិធីដែលកម្ពុជាបានផ្តួចផ្តើមឡើង បន្ទាប់ពីប្រទេសថៃបានបញ្ចប់ជាឯកតោភាគីនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគី ដែលជាមូលដ្ឋានសម្រាប់ការចរចាលើការទាមទារតំបន់សមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរអស់រយៈពេលជាង២ទសវត្សរ៍កន្លងទៅ។

អ្នកនាំពាក្យបានបញ្ជាក់ទៀតថា ការផ្សះផ្សាដោយបង្ខំក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS ពុំមែនជាដំណើរការវិនិច្ឆ័យទេ ពោលគឺគណៈកម្មការអព្យាក្រឹតមួយនឹងជួយដល់ភាគីទាំងពីរក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។ យន្តការនេះធ្លាប់ត្រូវបានប្រើប្រាស់ដោយជោគជ័យរវាងប្រទេសទីម័រឡេស្តេនិងអូស្ត្រាលី ដោយការផ្សះផ្សាបានឈានដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាបង្កើតព្រំដែនសមុទ្ររវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៨។
កម្ពុជាសង្ឃឹមថា ដំណើរការនេះក៏អាចជួយកម្ពុជានិងថៃឱ្យឈានដល់ដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់លើដែនសមុទ្ររបស់ប្រទេសទាំងពីរនិងផ្តល់ឱកាសក្នុងការរុករកធនធានប្រេង និងឧស្ម័នដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់ទាមទារត្រួតគ្នាដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ ខណៈដែលសន្តិសុខថាមពលក្នុងតំបន់កំពុងក្លាយជាបញ្ហាដ៏សំខាន់មួយ។

កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការដោះស្រាយជម្លោះរវាងរដ្ឋនានាដោយសន្តិវិធី។ កម្ពុជាចូលរួមក្នុងដំណើរការនេះដោយសុចរិត និងក្នុងស្មារតីសហប្រតិបត្តិការ ដោយមានទំនុកចិត្តពេញលេញចំពោះគណៈកម្មការផ្សះផ្សានេះ។

សូមជម្រាបថា តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦ នេះស្តីពីនីតិវិធីផ្សះផ្សារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមឧបសម្ព័ន្ធទី V នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ គណៈកម្មការផ្សះផ្សានឹងបើកកិច្ចប្រជុំលើកដំបូងជាមួយភាគីទាំងពីរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ សេចក្តីថ្លែងការណ៍បើករបស់កម្ពុជា និងថៃ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង ៩:០០ ព្រឹក ម៉ោងសិង្ហបុរី និងនឹងមានការផ្សាយផ្ទាល់ជា ភាសាអង់គ្លេស ខ្មែរ និងថៃ។ នីតិវិធីនេះត្រូវបានកម្ពុជាផ្តួចផ្តើមនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈការជូនដំណឹងស្នើឱ្យបង្កើតយន្តការផ្សះផ្សាក្រោម មាត្រា 11 នៃឧបសម្ព័ន្ធទី V នៃ UNCLOS ដោយយោងផងដែរទៅមាត្រា 298 ក្រោយពីភាគីថៃបានសម្រេចលុបជាឯកតោភាគីនៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ MoU 2001 ដែលជាយន្តការទ្វេភាគីតែមួយគត់ក្នុងការដោះស្រាយបញ្ហាដែនសមុទ្រនៃប្រទេសទាំងពីរ។ ថៃបានដាក់សេចក្តីឆ្លើយតបនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៦។
គណៈកម្មការផ្សះផ្សាមានសមាជិក ៥ រូប ដឹកនាំដោយលោកស្រី Katrina Cooper នៃប្រទេសអូស្ត្រាលី ជាប្រធាន រួមជាមួយសមាជិកមកពីដាណឺម៉ាក បារាំង អាហ្វ្រិកខាងត្បូង និងអាល្លឺម៉ង់។ ដោយមានការយល់ព្រមពីភាគីទាំងពីរ PCA ដើរតួនាទីជា Registry សម្រាប់នីតិវិធីនេះ។

សេចក្តីប្រកាសរបស់ PCA បញ្ជាក់ជាផ្លូវការថា នីតិវិធីសម្រុះសម្រួលកម្ពុជា–ថៃ ក្រោម UNCLOS បានចូលដល់ដំណាក់កាលកិច្ចប្រជុំជាមួយភាគីទាំងពីរហើយ។ នេះជាយន្តការដោះស្រាយវិវាទដោយសន្តិវិធីតាមច្បាប់អន្តរជាតិ ដែលគណៈកម្មការអព្យាក្រឹតអាចស្តាប់ភាគីទាំងពីរ ពិនិត្យបញ្ហាផ្នែកច្បាប់ និងអង្គហេតុ ស្វែងរកចំណុចដែលអាចឯកភាពគ្នា និងដាក់សំណើ ឬអនុសាសន៍សម្រាប់ដំណោះស្រាយដោយសន្តិវិធី៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា