ថៃ រារាំងពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារជាង៦០០គ្រួសារមិនឱ្យវិលត្រឡប់ទៅលំនៅឋានវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃ រារាំងពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារជាង៦០០គ្រួសារមិនឱ្យវិលត្រឡប់ទៅលំនៅឋានវិញ

ថៃ រារាំងពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារជាង៦០០គ្រួសារមិនឱ្យវិលត្រឡប់ទៅលំនៅឋានវិញ

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា  ជនភៀសសឹកនៅខេត្តព្រះវិហារចំនួន ៩៧ភាគរយ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈ ៣ភាគរយ ដែលស្មើនឹងចំនួន ៦៤៥គ្រួសារទៀតមិនទាន់អាចត្រឡប់ទៅវិញបានឡើយ ដោយសារទីតាំងទាំងនោះស្ថិតក្រោមការគ្រប់គ្រងដោយខុសច្បាប់ពីយោធាថៃ និងជាតំបន់ដែល​រងហានិភ័យខ្ពស់ពីសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។
 
ឯកឧត្តមអភិបាលខេត្ត ថែ្លងបញ្ជាក់ដូច្នេះនៅក្នុង កិច្ចពិភាក្សាតុមូល ស្ដីពីស្ថានភាពគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលដោយក្លឹបអ្នកកាសែតកម្ពុជា។ 
 
ឯកឧត្តម គីម រិទ្ធី បានបញ្ជាក់ថា ក្នុង​ពេលដែលពលរដ្ឋភៀសសឹកមិនទាន់អាចវិលត្រឡប់ទៅរស់នៅក្នុងភូមិស្ថានរបស់ពួកគាត់វិញបាន រាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ជម្រកបណ្តោះអាសន្នចំនួន ៦៤៥ខ្នងជូនពួកគាត់រស់នៅនៅក្នុងភូមិតាកឹងបៃតង ដែលមានចម្ងាយ៦០គីឡូម៉ែត្រពីព្រំដែន​។ ក្នុងនោះ មានការរៀបចំជាផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល  សាលារៀនមេត្តយ្យ សាលារៀនអនុវិទ្យាល័យ និងសាលារៀនវិទ្យាល័យ។
 
ក្រៅពីផ្តល់ជម្រកស្នាក់នៅសមរម្យដល់ពលរដ្ឋភៀសសឹក រាជរដ្ឋាភិបាលក៏បានគិតគូរយ៉ាងយកចិត្តទុកដាក់លើ​ការស្តារជីវភាពប្រជាពលរដ្ឋឡើងវិញ តាមរយៈ​ការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងការធានាសុវត្ថិភាពក្នុងការវិលត្រឡប់ទៅលំនៅឋានដើមរបស់ពលរដ្ឋ។ អាជ្ញាធរក៏បានជួយ ស្តារវិស័យកសិកម្ម បង្កើតឱកាសការងារ គាំទ្រសហគ្រាសក្នុងស្រុក និងទាក់ទាញវិនិយោគិនថ្មីៗមកកាន់តំបន់រងផលប៉ះពាល់ ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាជន។
 
ក្នុងសង្គ្រាមតាមព្រំដែនទាំង២លើកនេះ ភាគីថៃបានបំផ្លិចបំផ្លាញផ្ទះពលរដ្ឋក្នុងខេត្តព្រះវិហារសរុបចំនួន ៧៦៥ខ្នង  ក្នុងនោះផ្ទះ១៣៥ខ្នង រងការខូចខាតធ្ង​ន់ធ្ងរ។ ជាមួយគ្នានេះ យោធាថៃ បានបំផ្លាញ​​ហេដ្ឋារចនាសម្ព័ន្ធ វត្តអារាមចំនួន៤  សាលារៀន២កន្លែង មណ្ឌលសុខភាព២កន្លែង អាគារសាធារណៈ​១០កន្លែង ផ្លូវចំនួន៤៦កន្លែង និងសណ្ឋាគារ ផ្ទះសំណាក់៤កន្លែង  ហើយទន្ទ្រាន និងគ្រប់គ្រងខុសច្បាប់នូវផ្នែកខ្លះនៃតំបន់​ភ្នំទ្រព្យ ជាំតែ​ ​បុស្បូវ និងអានសេះ៕

សៅ សុខអេង​

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា