ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ស្អែកនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ស្អែកនេះ

ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ស្អែកនេះ

នៅថ្ងៃសុក្រទី១១ ខែកញ្ញាស្អែកនេះ ប្រធានាធិបតីនៃសហភាពសហព័ន្ធមីយ៉ាន់ម៉ាឯកឧត្តម មីន អោង ឡាំង នឹងអញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ​នៅកម្ពុជារយៈពេល២ថ្ងៃ តបតាមសេចក្តីអញ្ជើញរបស់ ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា។
 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ក្នុងអំឡុង ឯកឧត្តមប្រធានាធិបតីមានវត្តមាននៅកម្ពុជា ឯកឧត្តមនឹងមានជំនួបកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ហើយក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
 
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពី ការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការ​ដែលផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជា​ការយកចិត្ត​ទុកដាក់រួម។
 
ជាមួយគ្នានេះឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និង នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរម រតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា។
 
ក្រសួងការបរទេសបានសង្កត់ធ្ងន់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម មីន អោង ឡាំង បញ្ជាក់អំពីគោលបំណងរួមក្នុង​ការពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅ រវាងប្រទេស និងប្រជាជនទាំងពីរ។
 
សូមជម្រាបថា ក្នុងអាស៊ាន មុនពេលអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា​ បានបំពេញ​ទស្សនកិច្ចនៅប្រទេសឡាវ វៀតណាម និង ថៃ ។ឯកឧត្តម មីន អោង ឡាំង បាន​កាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីខែមេសា ឆ្នាំ២០២៦​បន្ទាប់​ពីការបោះឆ្នោត ៕
ដោយ៖សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា