ស៊ីរី ប្រកាសថ្កោលទោសលោក Netanyahu លួចចូលទឹកដីខ្លួន គ្មានការអនុញ្ញាត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស៊ីរី ប្រកាសថ្កោលទោសលោក Netanyahu លួចចូលទឹកដីខ្លួន គ្មានការអនុញ្ញាត

ស៊ីរី ប្រកាសថ្កោលទោសលោក Netanyahu លួចចូលទឹកដីខ្លួន គ្មានការអនុញ្ញាត

ដាម៉ាស់ ៖ ប្រទេសស៊ីរីបានប្រកាសថ្កោលទោស លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលបានលួចចូលទៅក្នុងចូលទឹកដីរបស់ខ្លួន ដោយគ្មានការអនុញ្ញាត ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសស៊ីរីកាលពីថ្ងៃពុធ ។

ក្រសួងការបរទេសស៊ីរីចាត់ទុកសកម្មភាពនេះថា ជាទង្វើខុសច្បាប់ និង រំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើដែនអធិបតេយ្យភាពរបស់ទីក្រុងដាម៉ាស់ ព្រមទាំង បំពានច្បាប់អន្តរជាតិ នៅក្នុងលក្ខណៈបង្កហេតុ ។

ក្រសួងថា ការលួចចូលទឹកដីប្រទេសស៊ីរីពីសំណាក់លោក Netanyahu បានកើតមានឡើង ស្របពេលដែល ការបន្តចូលឈ្លានពាន និងការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងទឹកដីស៊ីរី កំពុងបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់ ដែលគំរាមកំហែងដល់សន្តិសុខ និង ស្ថិរភាពក្នុងតំបន់។

ក្រសួងការបរទេសស៊ីរីព្រមានទៀតថា អ៊ីស្រាអែលត្រូវតែទទួលខុសត្រូវចំពោះផលវិបាកនានា ហើយបានអំពាវនាវដល់អង្គការសហប្រជាជាតិ, អង្គការអន្តរជាតិ និងបណ្តាប្រទេសដែលមានឥទ្ធិពល ឱ្យចាត់វិធានការដើម្បីបញ្ឈប់ការវាយប្រហារទាំងនោះ និងធានាឱ្យមានការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងឆ្នាំ ១៩៧៤ ដែលជាកិច្ចព្រមព្រៀងដកកងកម្លាំងចេញពីតំបន់ Golan Heights ផងដែរ ។

បើតាម Anadolu , អ៊ីស្រាអែលបានកាន់កាប់តំបន់ Golan Heights របស់ស៊ីរី តាំងពីឆ្នាំ១៩៦៧ និងបានបញ្ចូលទឹកដីនោះមកជាផ្នែកមួយនៃខ្លួនឯងជាឯកតោភាគីនៅឆ្នាំ ១៩៨១ ដែលជាសកម្មភាពមួយមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិឡើយ ។

ជាមួយគ្នានេះ កងកម្លាំងអ៊ីស្រាអែលក៏បានពង្រីកការគ្រប់គ្រងរបស់ខ្លួន នៅក្នុងទឹកដីស៊ីរីផងដែរ អំឡុងពេលនៃព្រឹត្តិការណ៍វាយប្រហារនានាក្នុងតំបន់នាពេលថ្មីៗនេះ ៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា