ប៉ាគីស្ថាន ប្រកាសត្រៀមបញ្ចេញកម្លាំងណាតូឥស្លាមដែលមានទ័ពជាង ១ លាននាក់ទៅកម្ចាត់ក្រុមហ៊ូធី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ាគីស្ថាន ប្រកាសត្រៀមបញ្ចេញកម្លាំងណាតូឥស្លាមដែលមានទ័ពជាង ១ លាននាក់ទៅកម្ចាត់ក្រុមហ៊ូធី

ប៉ាគីស្ថាន ប្រកាសត្រៀមបញ្ចេញកម្លាំងណាតូឥស្លាមដែលមានទ័ពជាង ១ លាននាក់ទៅកម្ចាត់ក្រុមហ៊ូធី

អ៊ីស្លាម៉ាបាដ ៖ ប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធបានប្រកាសត្រៀមបញ្ចេញកម្លាំងទ័ពអង្គការណាតូឥស្លាមទៅវាយប្រហារលើក្រុមហ៊ូធី បន្ទាប់ពីក្រុមប្រដាប់អាវុធដ៏មានសក្ដានុពលរបស់ប្រទេសយេម៉ែនមួយនេះ វាយប្រហារមកលើប្រទេសអារ៉ាប៊ីសាអូឌីត ។

រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថាន លោក Khawaja Asif បានថ្លែងប្រាប់បណ្តាញព័ត៌មាន Geo News ថា ការវាយប្រហារណាមួយមកលើប្រទេសអារ៉ាប៊ី សាអូឌីត អាចនឹងធ្វើឱ្យកិច្ចព្រមព្រៀងការពារជាតិរួមគ្នា Mecca ឬ គេស្គាល់ថា ជាអង្គការណាតូឥស្លាម ដែលទើបតែបានចុះហត្ថលេខា ថ្មីៗនេះ ត្រូវចាប់ផ្ដើមអនុវត្តភ្លាមៗ ពោលគឺបន្ទាប់ពីក្រុមហ៊ូធី នៅប្រទេសយេម៉ែន បានបាញ់ប្រហារគ្រាប់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងដែនដីនៃប្រទេស អារ៉ាប៊ី សាអូឌីត។

រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថានរូបនេះបញ្ជាក់ថា «ប្រសិនបើមានការឈ្លានពាន ឬ ការរីករាលដាលនៃជម្លោះពីយេម៉ែន ចូលទៅក្នុងអារ៉ាប៊ី សាអូឌីត, នោះកិច្ចព្រមព្រៀង Mecca នឹងត្រូវយកមកអនុវត្តជាប្រាកដ។ យើងមានកាតព្វកិច្ចតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ហើយយើងនឹងគោរពតាមការប្តេជ្ញាចិត្តនេះ នៅពេលមានតម្រូវការ»។

ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ូធី ដែលស្និទ្ធនឹងអ៊ីរ៉ង់ បានបើកការវាយប្រហារនៅភាគខាងត្បូងប្រទេសអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃអង្គារ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧៣ នាក់រងរបួស ខណៈជម្លោះរវាងក្រុមហ៊ូធី និងកងកម្លាំងរដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយអារ៉ាប៊ី សាអូឌីត កំពុងមានភាពតានតឹងយ៉ាងខ្លាំង ។

បើតាម aljazeera, មេដឹកនាំនៃប្រទេសអារ៉ាប៊ី សាអ៊ូឌីត, តួកគី និង ប៉ាគីស្ថាន កាលពីខែមុន បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតសម្ព័ន្ធយោធាណាតូឥស្លាម ដើម្បីពង្រឹងការរារាំងរួមគ្នា ចំពោះការឈ្លានពានពីខាងក្រៅ។

កិច្ចព្រមព្រៀងនេះមានលក្ខណៈស្រដៀងនឹងលក្ខខណ្ឌសំខាន់របស់អង្គការ NATO របស់ប៉ែកអឺរ៉ុបដែរ ពោលគឺ រាល់ការវាយប្រហារលើសមាជិកណាមួយ ត្រូវបានចាត់ទុកថាកំពុងវាយប្រហារលើសមាជិកទាំងអស់ ទោះបីជាយន្តការជាក់លាក់ក្នុងការអនុវត្តមិនទាន់ត្រូវ បានបំភ្លឺលម្អិតនៅឡើយក្តី។

ប្រទេសទាំងបីនេះបូកបញ្ជូលគ្នា មានកងទ័ពសកម្មជិត ១ លាន ៤ សែននាក់, យន្តហោះយោធាប្រមាណ ៣ ពាន់ ៤០០ គ្រឿង, រថក្រោះ ៦ ពាន់គ្រឿង និង នាវាជាង ៣៤០ គ្រឿង។ នេះបើយោងតាមទិន្នន័យពី Global Firepower Index ឆ្នំា២០២៦ ។

ក្នុងជម្លោះថ្មីៗនេះ, ក្រុមហ៊ូធីក៏បានប្រកាសបិទផ្លូវនាវារបស់អារ៉ាប់ប៊ី សាអ៊ូឌីត ដែលឆ្លងកាត់ច្រកសមុទ្រ Bab al-Mandeb សម្រាប់ការដឹកជញ្ជូន រវាងសមុទ្រក្រហម និងឈូងសមុទ្រអេដែន ផងដែរ។

ច្រករបៀង Bab al-Mandeb មួយនេះបានក្លាយជាចំណុចយុទ្ធសាស្ត្រថ្មី និងសំខាន់បំផុតសម្រាប់ការនាំចេញប្រេងរបស់អារ៉ាប៊ី សាអូឌីត ចាប់តាំងពីអ៊ីរ៉ង់បានចាប់ផ្តើមកម្រិតការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz មកម្ល៉េះ ៕

ប្រភព ៖ aljazeera, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា