ចិន សំងំពង្រីកមូលដ្ឋានសាកល្បងយន្តហោះចម្បាំងជំនាន់ថ្មីប្រជែង អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន សំងំពង្រីកមូលដ្ឋានសាកល្បងយន្តហោះចម្បាំងជំនាន់ថ្មីប្រជែង អាមេរិក

ចិន សំងំពង្រីកមូលដ្ឋានសាកល្បងយន្តហោះចម្បាំងជំនាន់ថ្មីប្រជែង អាមេរិក

ប៉េកាំង ៖ ប្រទេសចិនកំពុងសំងំផ្លាស់ប្តូររូបរាងអាកាសយានដ្ឋានមួយកន្លែងយ៉ាងឆាប់រហ័ស ដែលនៅតំបន់វាលខ្សាច់ដាច់ស្រយាល ឱ្យក្លាយទៅជាមូលដ្ឋានសាកល្បងហោះហើរដ៏សំខាន់ សម្រាប់កងយន្តហោះចម្បាំងទំនើបៗជំនាន់ថ្មីរបស់ខ្លួន ដើម្បីប្រជែងនឹងសហរដ្ឋអាមេរិក។

បើតាម Interesting engineering, រូបភាពផ្កាយរណបថ្មីៗ បង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃមូលដ្ឋានទ័ពអាកាសសម្ងាត់ ស្ថិតនៅជិតតំបន់ Lop Nur នៃខេត្តស៊ីនជាំង ដែលធ្លាប់ជាទីតាំងប្រវត្តិសាស្រ្ត នៃការសាកល្បងអាវុធនុយក្លេអ៊ែររបស់មហាយក្សចិន។

មូលហេតុដែលចិនជ្រើសយកតំបន់ Lop Nur គឺដោយសារតែទីតាំងនេះមានប្រជាជនរស់នៅតិច និងស្ថិតនៅតំបន់ដាច់ស្រយាល ដែលអំណោយផលដល់ការសាកល្បងបច្ចេកវិទ្យាយោធារសើបៗ ពិសេសកាត់បន្ថយការទាក់ទាញក្រសែភ្នែកពីមជ្ឈដ្ឋានខាងក្រៅ។

យោងតាម Times of India, ការសាងសង់មូលដ្ឋាននេះ ត្រូវបានរាយការណ៍ថា ចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៥ ខណៈយន្តហោះគ្មានកន្ទុយ J-36 ដែលជាយន្តហោះចម្បាំងជំនាន់ទី៦ របស់ចិន បានបង្ហាញវត្តមាននៅទីតាំងនេះជាលើកដំបូង។

ក្រោយមក ក៏មានការបែកធ្លាយរូបរាងយន្តហោះជំនាន់ក្រោយមួយទៀត ដែលត្រូវបានគេស្គាល់ជាទូទៅថា J-50 នៅតំបន់នេះ។ ផ្អែកតាមការវាយតម្លៃរបស់ក្រសួងសង្គ្រាមអាមេរិក, យន្តហោះចម្បាំង J-36 និង J-50 កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍដំបូង ហើយអាចចូលប្រតិបត្តិការនៅឆ្នាំ២០៣៥។

ប្រភពទម្លាយឱ្យដឹងថា មូលដ្ឋានទ័ពអាកាសសម្ងាត់នេះ មានផ្លូវរត់ប្រវែងប្រហែល ៥ គីឡូម៉ែត្រ ហើយត្រូវបានផ្សារភ្ជាប់ជាមួយកម្មវិធីយានអវកាសដែលអាចប្រើឡើងវិញរបស់ចិន តាំងពីឆ្នាំ២០២០។

វាត្រូវបានរំពឹងថា នឹងក្លាយជាទីតាំងគាំទ្រដល់កម្មវិធីអភិវឌ្ឍយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ H-20 នាពេលអនាគត ខណៈដែលចិន និងសហរដ្ឋអាមេរិកកំពុងរត់ប្រណាំងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី៦រៀងៗខ្លួន។

យ៉ាងណា ការពង្រីកមូលដ្ឋាន Lop Nur បង្ហាញថា មហាយក្សចិនកំពុងវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សាកល្បង និងអភិវឌ្ឍយន្តហោះយោធាជំនាន់ក្រោយ ដែលអាចជួយឱ្យកម្មវិធីអាកាសចរណ៍យោធារបស់ខ្លួន ដំណើរការលឿន និងក្នុងទ្រង់ទ្រាយធំជាងមុន៕

ប្រភព ៖ Interesting engineering និង Times of India ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា