អាម៉េរិក សម្លឹងឃើញឱកាសវិនិយោគលើវិស័យឡូជីស្ទីក កសិកម្ម និងគ្រឿងសង្ហារឹម នៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិក សម្លឹងឃើញឱកាសវិនិយោគលើវិស័យឡូជីស្ទីក កសិកម្ម និងគ្រឿងសង្ហារឹម នៅកម្ពុជា

អាម៉េរិក សម្លឹងឃើញឱកាសវិនិយោគលើវិស័យឡូជីស្ទីក កសិកម្ម និងគ្រឿងសង្ហារឹម នៅកម្ពុជា

គណៈប្រតិភូសភាពាណិជ្ជកម្មអាម៉េរិក-កម្ពុជា (ACBC) បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបណ្ដាក់​ទុនវិនិយោគលើវិស័យសំខាន់ៗចំនួន ៣ នៅកម្ពុជា រួមមាន វិស័យឡូជីស្ទីក កសិកម្ម និងគ្រឿងសង្ហារឹម សំដៅជំរុញការ​តភ្ជាប់​រវាងវិនិយោគិននៃប្រទេសទាំងពីរ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែធំថែមទៀត។

ក្នុងឱកាសដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មអាម៉េរិក-កម្ពុជា (ACBC) ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន ACBC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ជូនចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ ចូលជួបពិភាក្សាអំពីគោលបំណងនៃដំណើរទស្សនកិច្ចធុរកិច្ច ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

លោកស្រីប្រធាន ACBC បានជម្រាបសម្ដេចធិបតីនាយករដ្ឋមន្រ្តីថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួប​ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបានចុះទៅដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសម្រួល និងការចែករំលែកព័ត៌មានស៊ីជម្រៅអំពីសក្តានុពលកម្ពុជា។ ជាពិសេស បណ្តាក្រុមហ៊ុនជាសមាជិក ACBC បានសម្លឹងឃើញឱកាសវិនិយោគច្បាស់លាស់លើវិស័យឡូជីស្ទីក កសិកម្ម និងគ្រឿងសង្ហារឹម។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ឱ្យកាន់តែស្អិតរមួត ព្រោះប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀតដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។

សម្តេចធិបតីបានបង្ហាញក្តីរំពឹងថា នៅថ្ងៃអនាគត ផលិតផលកម្ពុជានឹងមានវត្តមានកាន់តែច្រើននៅលើទីផ្សារអាម៉េរិក។ សម្តេចធិបតី ក៏បានបញ្ជាក់ជូនភ្ញៀវ ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ឱ្យទៅជា​មជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ និងមានបំណងជំរុញការតភ្ជាប់រវាងកំពង់ផែនេះ ជាមួយបណ្តាកំពង់ផែសំខាន់ៗរបស់​សហរដ្ឋអាម៉េរិកផងដែរ។

គួរបញ្ជាក់ថា អាម៉េរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្ម​ទ្វេភាគី បានកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ ។
យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាម៉េរិក សម្រេច​បានជាង ១១ពាន់លានដុល្លារ ក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២៦នេះ ពោលបានកើនឡើង ៣០ភាគរយ បើធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជាទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់​ទីផ្សារសហរដ្ឋអាម៉េរិក ៕ ដោយ៖ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា