របកគំហើញ៖ អ្នកជំនាញរកឃើញ «ទួលភ្នំតូច» ជាតម្រុយ សំខាន់នៃការប្រែប្រួលសង្គមមនុស្សបុរាណ នៅខេត្តតាកែវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
របកគំហើញ៖ អ្នកជំនាញរកឃើញ «ទួលភ្នំតូច» ជាតម្រុយ សំខាន់នៃការប្រែប្រួលសង្គមមនុស្សបុរាណ នៅខេត្តតាកែវ

របកគំហើញ៖ អ្នកជំនាញរកឃើញ «ទួលភ្នំតូច» ជាតម្រុយ សំខាន់នៃការប្រែប្រួលសង្គមមនុស្សបុរាណ នៅខេត្តតាកែវ

ក្រុមអ្នកស្រាវជ្រាវនៃនាយកដ្ឋានបុរាណវិទ្យាបានរក ឃើញ សក្ខីកម្មប្រវត្តិសាស្ត្រដ៏សំខាន់មួយនៅស្ថានីយបុរាណ «ទួលភ្នំតូច» ក្នុងស្រុកអង្គរបូរី ខេត្តតាកែវ ដែលផ្តល់ជា តម្រុយ ថ្មីបង្ហាញពីបច្ចេកទេសសំណង់ និងនិរន្តរភាពនៃការ​តាំង​ទីលំនៅរបស់មនុស្សក្នុងដំណាក់កាលអន្តរកាល ចាប់តាំងពី សម័យភ្នំ រហូតឈានចូលដល់សម័យអង្គរ។

អ្នកជំនាញនៃនាយកដ្ឋានបុរាណវិទ្យា បានបញ្ចប់ ប្រតិបត្តិការធ្វើកំណាយស្រាវជ្រាវនៅស្ថានីយបុរាណ «ទួលភ្នំតូច» ដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។ទីនេះមានចម្ងាយប្រមាណ ៣៥០ម៉ែត្រ ពីកំពែង​បុរាណខាងកើតនៃក្រុងអង្គរបូរី។ ផ្អែកលើការពិនិត្យស្លាកស្នាមបុរាណវិទ្យា ការសិក្សា ឯកសារ ពាក់ព័ន្ធ និងរបកគំហើញថ្មីៗ​ពីកំណាយ មន្ត្រីជំនាញបានរក ឃើញពីបច្ចេកទេសសំណង់និងប្រវត្តិសាស្ត្រសំខាន់ៗជាច្រើន។

លោក ឡេង វិទូ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិ វិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់​បណ្តាញ​សារព័ត៌មាន AMS ថា ក្រុមស្រាវជ្រាវបានរកឃើញសភាវដើម នៃទីទួលបុរាណ ដែលមានការរៀបចំជាខឿន​គ្រឹះធំដោយ​ប្រើប្រាស់ថ្មមូលដុំធំៗមកពីទន្លេ ឬស្ទឹង លាយឡំជាមួយថ្មភ្នំ។

តាមការបញ្ជាក់របស់មន្រ្តីជំនាញ ទោះបីជាសំណង់ឥដ្ឋនៅ លើទួលបានបាត់បង់រូបរាងដើម ដោយសារសកម្មភាព​លួចជីក​កកាយកាលពីអតីតកាល និងនៅសល់ត្រឹមបំណែកឥដ្ឋ បន្តិចបន្តួចក្តី ប៉ុន្តែតាមរយៈស្លាកស្នាមឥដ្ឋ និងជើងទម្រថ្មដែល​បន្សល់ទុកក្នុងរណ្តៅ ក្រុមជំនាញសន្និដ្ឋានបឋមថា ទីនេះធ្លាប់ ជាសំណង់ឥដ្ឋដែលមានទំហំតូចល្មម និងមានតួប៉មច្រើន។ ក្រៅពីបំណែកស្ថាបត្យកម្ម គេក៏បានរកឃើញវត្ថុបុរាណ ជាច្រើន ទៀត ដូចជា បំណែកកុលាលភាជន៍ដីដុត កុណ្ឌី ភាជន៍សម្រាប់ចំអិនអាហារ អាចម៍ដែក ឆ្អឹងសត្វ ក្បាលព្រួញ ឧបករណ៍ផលិតកុលាលភាជន៍ ឧបករណ៍កិនថ្នាំ បំណែកបដិមា និងជើងទម្រធ្វើពីថ្មភក់ ខ្វាត និងអង្កាំផងដែរ។

លោក វិទូ បានចាត់ទុករបកគំហើញនៅស្ថានីយទួលភ្នំតូច ផ្តល់នូវចំណេះដឹងថ្មី និងពិសេសប្លែកពីការធ្វើកំណាយ​មុនៗ​នៅតំបន់អង្គរបូរី ដែលភាគច្រើនផ្តោតលើទីទួលប្រជាជនរស់នៅ កន្លែងកប់សព កំពែងបុរាណ ឬទីតាំងបោះចោលភាជន៍។ ការប្រើប្រាស់ផ្ទាំងថ្មធំៗរាងមូលលាយជាមួយថ្មភ្នំដើម្បីធ្វើជាគ្រឹះសំណង់ ក្នុងតំបន់ដីសណ្តលិចទឹក គឺជាភស្តុតាងថ្មីបង្ហាញ​ពីវិស្វកម្មសំណង់យ៉ាងរឹងមាំ និងឆ្លុះបញ្ចាំងពីប្រាជ្ញារបស់ បុព្វបុរសសម័យមុនអង្គរ ក្នុងការជ្រើសរើសសម្ភារ​បច្ចេកទេស​ឱ្យស្របតាមស្ថានភាពភូមិសាស្ត្រ។ ជាមួយគ្នានេះ វត្តមាននៃ សំណង់ប្រាសាទឥដ្ឋនេះ ក៏ជាសក្ខីកម្មបង្ហាញពីជំនឿ និង​ការ គោរពបូជាខាងផ្នែកសាសនានៅតំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជានាសម័យបុរាណ។

ចំពោះអាយុកាលនៃស្ថានីយនេះ ផ្អែកលើការវិភាគវិទ្យាសាស្ត្រ តាមវិធីសាស្ត្រវាស់អាយុកាលដោយពន្លឺ លើសំណាកឥដ្ឋ​ដោយ មន្ទីរពិសោធន៍ SUERC បានបង្ហាញថា គ្រឹះ និងតួ ប្រាសាទឥដ្ឋ នៅទួលភ្នំតូច មានអាយុកាលចន្លោះពីសតវត្សរ៍ទី៨ ដល់ទី១០ នៃគ្រិស្តសករាជ ពោលគឺមានអាយុច្រើនជាង ១ពាន់ឆ្នាំមក ហើយ។ លទ្ធផលនេះបានបញ្ជាក់ថា សំណង់នេះ​ត្រូវបាន សាងសង់ និងប្រើប្រាស់ក្នុងកំឡុងសម័យមុនអង្គរ និងសម័យ អង្គរដំបូង ដែលស៊ីគ្នាយ៉ាងល្អទៅនឹង​ប្រភេទទម្រង់​វត្ថុសិល្បៈ និងបដិមាដែលបានរកឃើញ។

ការរកឃើញនៅទួលភ្នំតូចនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយពង្រឹងភស្តុតាងបុរាណវិទ្យា ដោយបញ្ជាក់​យ៉ាង ច្បាស់ថា តំបន់អង្គរបូរីមាននិរន្តរភាពនៃការតាំងទីលំនៅរបស់ មនុស្សជាប់រហូត ចាប់តាំងពីដំណាក់​កាលអន្តរកាល​ពីអាណា ចក្រភ្នំ រហូតឈានចូលដល់សម័យអង្គរ។ បន្ថែមពីនេះ វាបាន បង្ហាញពីការវិវត្តនៃបច្ចេក​ទេសសាងសង់​គ្រឹះទ្រ​សំណង់តូចៗនា មុនសម័យអង្គរ ពោលគឺមុនពេលឈានដល់ការកសាងប្រាសាទ ថ្មធំៗស្កឹមស្កៃក្នុងសម័យអង្គរ៕
ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា