ប្រធានាធិបតីមីយ៉ាន់ម៉ា មកដល់កម្ពុជា ដើម្បីបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋរយៈពេលពីរថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីមីយ៉ាន់ម៉ា មកដល់កម្ពុជា ដើម្បីបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋរយៈពេលពីរថ្ងៃ

ប្រធានាធិបតីមីយ៉ាន់ម៉ា មកដល់កម្ពុជា ដើម្បីបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋរយៈពេលពីរថ្ងៃ

តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing)​ប្រធានាធិបតី នៃសហភាពសហព័ន្ធមីយ៉ាន់ម៉ា បានអញ្ជើញ​មកដល់កម្ពុជានៅព្រឹកថ្ងៃសុក្រនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវ​រដ្ឋរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញាឆ្នាំ២០២៦។

ជាប្រទេសទី៤នៅក្នុងអាស៊ានបន្ទាប់ពីប្រទេស​ឡាវ វៀតណាម និង ថៃ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិ​បតី​​នៃ​សហភាពសហព័ន្ធមីយ៉ាន់ម៉ា បានអញ្ជើញ​មកដល់អាកាស​យាន​​ដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រ​កម្ពុជា​ប្រកប​ដោយ​សុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ក្នុងឱកាស​ទស្សន​កិច្ចនៅកម្ពុជា ឯកឧត្តម មីន អោង ឡាំង នឹងមានជំនួបកំពូល​ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។ ថ្នាក់ដឹកនាំ​នៃប្រទេសទាំងពីរ នឹងពិភាក្សាអំពី ការពង្រឹងទំនាក់ទំនងឱ្យ​កាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហ​ប្រតិបត្តិការដែល​ផ្តល់ផល​ប្រយោជន៍ទៅវិញ ទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើ​បញ្ហា​តំបន់ និងអន្តរជាតិនានាដែល​ជាការយកចិត្តទុកដាក់រួម។

ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា ក៏នឹងអញ្ជើញដាក់កម្រងផ្កា​គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះ​បរមរូបព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរម រតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជាផងដែរ។

ក្រសួងការបរទេសបានសង្កត់ធ្ងន់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោង ឡាំង បញ្ជាក់អំពីគោលបំណងរួមក្នុងការ​ពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅ រវាងប្រទេស និងប្រជាជនទាំងពីរ។

សូមជម្រាបថា ឯកឧត្តម មីន អោង ឡាំង វ័យ៧០ឆ្នាំបានក្លាយ​ជា​ប្រធានាធិបតីមីយ៉ាន់ម៉ាកាលពីខែមេសា ឆ្នាំ២០២៦​បន្ទាប់​ពីការបោះឆ្នោត ៕


ដោយ៖ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា