ជប៉ុន ចង់ពង្រីកវិសាលភាពវិនិយោគលើការកែច្នៃកសិផលសូត្រមាស និងត្រីទីឡាព្យ៉ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ចង់ពង្រីកវិសាលភាពវិនិយោគលើការកែច្នៃកសិផលសូត្រមាស និងត្រីទីឡាព្យ៉ា

ជប៉ុន ចង់ពង្រីកវិសាលភាពវិនិយោគលើការកែច្នៃកសិផលសូត្រមាស និងត្រីទីឡាព្យ៉ា

សមាគមជប៉ុន-កម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើសសរស្ដម្ភចំនួន៣ រួមមាន៖ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, ការអភិវឌ្ឍវិស័យកសិកម្ម, និងការអភិវឌ្ឍឧស្សាហកមុ្មឌីជីថល ។

ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានគោរពរាយការណ៍អំពីសកម្មភាពនៃដំណើរទស្សនកិច្ចធុរកិច្ចរបស់សមាគមនាពេលនេះ។

ជាក់ស្តែង សមាគម JCA បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ សំដៅលើកម្ពស់សហគ្រាសធុនតូច និងមធ្យម (SME) របស់ជប៉ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ក៏ដូចជាគម្រោងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ។

ក្នុងឱកាសនោះដែរ គណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ក៏បានជម្រាបជូនសម្ដេចធិបតីនាយករដ្ឋមន្រ្តី អំពីទិសដៅក្នុងការពង្រីកវិសាលភាព នៃសកម្មភាពវិនិយោគរបស់ខ្លួន ជាអាទិ៍ លើការកែច្នៃកសិផល សូត្រមាស និងត្រីទីឡាព្យ៉ា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជា នាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន និងពិភពលោក។ ក្រៅពីនេះ ក្រុមហ៊ុនជប៉ុនចង់ពង្រឹងការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងការថែរក្សាសម្ផស្ស និងគ្រឿងសម្អាង ក៏ដូចជាការសហការជាមួយក្រុមហ៊ុន TOYOTA ក្នុងការបណ្ដុះបណ្ដាលអ្នកថែទាំរថយន្តជាដើម ។

ម៉្យាងទៀត, ក្នុងទិសដៅផ្សព្វផ្សាយបន្ថែមអំពីច្បាប់ស្ដីពីវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា, សមាគម JCA គ្រោងរៀបចំសិក្ខាសាលានៅប្រទេសជប៉ុននាពេលខាងមុខ ដើម្បីមានឱកាសពន្យល់ដល់ក្រុមហ៊ុនជប៉ុន ឱ្យយល់កាន់តែច្បាស់អំពីបរិយាកាសវិនិយោគ, ក្របខ័ណ្ឌគោលនយោបាយ និងការលើកទឹកចិត្តនានានៅកម្ពុជា ។

ជាការឆ្លើយតប, សម្ដេចធិបតីបានថ្លែងអំណរគុណដល់ JCA ដែលបានខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជាការទាក់ទាញក្រុមហ៊ុនជប៉ុន ដើម្បីធ្វើការវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។ ព្រមជាមួយគ្នានេះ, សម្ដេចធិបតីសម្ដែងសេចក្តីសោមនស្សរីករាយចំពោះការវិវឌ្ឍជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង JCA នាពេលកន្លងមក។

សម្ដេចធិបតីក៏បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងបន្តជាគំរូល្អក្នុងការទាក់ទាញ វិនិយោគិនពីប្រទេសជប៉ុនមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត នាពេលអនាគត។

សម្ដេចធិបតីក៏បានរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ក្នុងការបន្តធ្វើការរួមគ្នា ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ហើយតាមរយៈ កិច្ចសហប្រតិបត្តិការដ៏ល្អនេះផងដែរ, សម្ដេចធិបតីសង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នឹងលេចចេញជារូបរាងនៅកម្ពុជា និងរីកលូតលាស់ជាបន្តបន្ទាប់ នាពេលអនាគត ។

សូមបញ្ជាក់ថា សមាគមជប៉ុន-កម្ពុជា (JCA) បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការទាក់ទាញវិនិយោគិន និងសហគ្រាសធុនតូច និងមធ្យម (SMEs) ពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា តាមរយៈ កិច្ចសហការការរៀបចំគណៈប្រតិភូធុរកិច្ច និងការផ្ទេរបច្ចេកវិទ្យា៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា