មជ្ឈមណ្ឌលឯកសារកម្ពុជា ប្រើប្រាស់សាច់រឿងជីវិតពិតរបស់អ្នកឆ្លងកាត់របបខ្មែរក្រហម ដើម្បីព្យាបាលរបួសផ្លូវចិត្ត និងបណ្តុះស្មារតីយុវជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មជ្ឈមណ្ឌលឯកសារកម្ពុជា ប្រើប្រាស់សាច់រឿងជីវិតពិតរបស់អ្នកឆ្លងកាត់របបខ្មែរក្រហម ដើម្បីព្យាបាលរបួសផ្លូវចិត្ត និងបណ្តុះស្មារតីយុវជន

មជ្ឈមណ្ឌលឯកសារកម្ពុជា ប្រើប្រាស់សាច់រឿងជីវិតពិតរបស់អ្នកឆ្លងកាត់របបខ្មែរក្រហម ដើម្បីព្យាបាលរបួសផ្លូវចិត្ត និងបណ្តុះស្មារតីយុវជន

មជ្ឈមណ្ឌលឯកសារកម្ពុជា បានដាក់ចេញវិធីសាស្ត្រអប់រំថ្មីតាមសហគមន៍ ដោយទាញយកបទពិសោធ និង សាច់​រឿងជីវិតពិតរបស់អ្នកឆ្លងកាត់របបខ្មែរក្រហម មកជួយព្យាបាលរបួសផ្លូវចិត្តជនរងគ្រោះ ព្រមទាំងបណ្តុះស្មារតីយុវជន​ជំនាន់​ក្រោយឱ្យរួមគ្នាទប់ស្កាត់ កុំឱ្យប្រវត្តិសាស្ត្រខ្មៅងងឹតនេះកើតឡើងជាថ្មី។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា មជ្ឈមណ្ឌលកំពុងដាក់ចេញនូវវិធីសាស្ត្រ​អប់រំថ្មី ដែលផ្តើមចេញពីបេះដូងនៃសហគមន៍ផ្ទាល់ ដោយប្រើប្រាស់ទីតាំងមជ្ឈមណ្ឌលសហគមន៍ទាំង ១៩ កន្លែងទូទាំង​ប្រទេស ។យុទ្ធសាស្ត្រនេះ គឺផ្តោតលើការទាញយកបទពិសោធនិងសាច់រឿងជីវិតពិតរបស់អ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម មកធ្វើជាមរតកអប់រំ ជំនួសឱ្យការពឹងផ្អែកតែលើសៀវភៅសិក្សាប្រវត្តិសាស្ត្រតែមួយមុខ។

បើតាមលោក ឆាំង យុ ការប្តូរមកប្រើប្រាស់រឿងរ៉ាវជីវិតពិតជាស្នូលនេះ បានបង្ហាញលទ្ធផលវិជ្ជមានលើ​២ទិសដៅ​យ៉ាង​ច្បាស់​លាស់។ សម្រាប់អ្នករស់រានមានជីវិត ការបានចែករំលែកការចងចាំ និងការឈឺចាប់របស់ខ្លួន គឺជាឱសថដ៏មាន​ប្រសិទ្ធភាព​ក្នុងការជួយសម្រាល និងព្យាបាលរបួសផ្លូវចិត្តដែលបានបន្សល់ទុកជាច្រើនទសវត្សរ៍។ ដោយឡែក សម្រាប់​សិស្សានុសិស្ស និងសាធារណជនទូទៅដែលជាអ្នកស្តាប់ ការធ្លាប់បានឮសាច់រឿងពិតទាំងនេះ មិនត្រឹមតែបំពេញ​ចំណេះ​ដឹង​ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាប្រភពថាមពល បំផុសស្មារតី និងលើកទឹកចិត្តឱ្យពួកគេរួមគ្នាតស៊ូទប់ស្កាត់ កុំឱ្យអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មដ៏ឃោរឃៅអាចកើតឡើងជាថ្មីនៅលើទឹកដីនេះបានឡើយ។

លោកនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងស្តារ និងជួសជុលស្នាមប្រឡាក់​ប្រវត្តិសាស្ត្រ និងរចនាសម្ព័ន្ធសង្គមកម្ពុជាឡើងវិញ បានឈានទៅ​មុខចាប់តាំងពីឆ្នាំ ១៩៧៩ មក។ លោកថា ផ្អែកលើ​ជោគជ័យ​​នៃកម្មវិធី​​ព្យាបាលចិត្តសាស្ត្រ និងស្តារស្មារតីជាតិនេះ ក្រុមអ្នកស្រាវជ្រាវ​ជំនាញនៃវិទ្យាស្ថានស្លឹករឹត កំពុងបើក​ការ​​សិក្សា​យ៉ាងស៊ីជម្រៅលើធាតុផ្សំ និងដើមហេតុនៃចលាចលសង្គម និងនយោបាយ ដែលអាចជំរុញឱ្យសង្គមរំកិល​ទៅរកអំពើ​ប្រល័យ​ពូជសាសន៍។ ផ្អែកលើការស្រាវជ្រាវនេះ អ្នកអប់រំនឹងបង្កើតជាពិធីសារព្រមានជាមុន ដើម្បីយកទៅ​បណ្តុះបណ្តាល​ថ្នាក់ដឹកនាំរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងរៀបចំកម្មវិធីសិក្សាសម្រាប់ថ្នាក់ដឹកនាំ​អង្គការ​សង្គមស៊ីវិល ក្នុងគោលដៅរួមគ្នាកាត់បន្ថយកត្តាប្រឈម និងការពារប្រទេសងាយរងគ្រោះ កុំឱ្យធ្លាក់ចូលទៅក្នុងជ្រោះ​ប្រល័យ​​​ពូជសាសន៍ជាថ្មី។

ទន្ទឹមនឹងនេះ វិទ្យាស្ថានស្លឹករឹតក៏បានបង្វែរទិសដៅសិក្សាទៅលើធនធានយុវជន ដែលជាសក្ដានុពលរបស់កម្ពុជា។ ស្របពេលដែលប្រជាជនវ័យក្មេងជាច្រើនមិនទាន់បានបញ្ចេញសមត្ថភាពអស់ ដោយសារបញ្ហាប្រឈមនៃភាពក្រីក្រ កង្វះខាតឱកាសអប់រំ និងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ដាច់ស្រយាល អ្នកស្រាវជ្រាវរបស់នឹងវិភាគលើវិធីសាស្ត្រ​ដែលប្រទេសជាតិអាចអភិវឌ្ឍ និងទាញយកសមត្ថភាពដើម ព្រមទាំងប្រាជ្ញាញាណរបស់យុវជនកម្ពុជាមក​ប្រើប្រាស់​ឱ្យកាន់តែប្រសើរ។ ទិន្នន័យដែលទទួលបាន នឹងត្រូវយកទៅរៀបចំជាម៉ូឌែលកម្មវិធីសិក្សាថ្មីៗ កម្មវិធីបង្កើន​សមត្ថភាព​កុមារខកខានឱកាស សាលារៀនពិសេសសម្រាប់សិស្សពូកែ និងការអប់រំអាណាព្យាបាល ដើម្បីកសាងគ្រួសារ និងសហគមន៍ឱ្យកាន់តែរឹងមាំនៅតាមបណ្តាខេត្តទូទាំងប្រទេស៕



ដោយ៖ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា