កម្ពុជា លើកទឹកចិត្តសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ពង្រឹងសក្តានុពលនៅកម្ពុជា និងពង្រីកវិសាលភាពវិនិយោគលើវិស័យផ្សេងទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា លើកទឹកចិត្តសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ពង្រឹងសក្តានុពលនៅកម្ពុជា និងពង្រីកវិសាលភាពវិនិយោគលើវិស័យផ្សេងទៀត

កម្ពុជា លើកទឹកចិត្តសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ពង្រឹងសក្តានុពលនៅកម្ពុជា និងពង្រីកវិសាលភាពវិនិយោគលើវិស័យផ្សេងទៀត

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លើកទឹកចិត្តឱ្យសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ពង្រឹងសក្តានុពលវិនិយោគកៅស៊ូនៅកម្ពុជា ព្រមទាំងពង្រីកវិសាលភាពវិនិយោគលើវិស័យផ្សេងៗទៀតក្រៅពីកៅស៊ូ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជាកាលពីពេលថ្មីនេះ ឯកឧត្តមឧបនាយករដ្ឋន្ត្រី សាយ សំអាល់ បានលើកទឹកចិត្តឱ្យមានការលើកកម្ពស់សក្តានុពលវិស័យកៅស៊ូនៅកម្ពុជា ព្រមទាំងពង្រីកវិសាលភាពវិនិយោគលើវិស័យផ្សេងៗទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចំពោះគម្រោងវិនិយោគ ដែលបានអនុវត្តរួចរាល់ហើយក្នុងអាណត្តិនេះ ក្រសួងនឹងបន្តសម្របសម្រួលបំពេញបន្ថែមជូនតាមនីតិវិធី ច្បាប់ជាធរមាន ដើម្បីធានាឱ្យក្រុមហ៊ុនកៅស៊ូវៀតណាមទទួលបានសុវត្ថិភាពផ្លូវច្បាប់ពេញលេញ និងភាពច្បាស់លាស់ក្នុងការធ្វើអាជីវកម្មស្របច្បាប់រយៈពេលវែងនៅកម្ពុជា។

ក្នុងជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់នូវអនុសាសន៍ និងទស្សនទានយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ ជាការតម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការទៅមុខទៀត រួមមាន ការលើកកម្ពស់សក្តានុពល វិស័យកៅស៊ូ តាមរយៈសហគមន៍ ដោយស្នើឱ្យភាគីពាក់ព័ន្ធពិចារណាលើការចងក្រងប្រជាពលរដ្ឋកម្ពុជា ដែលមានដាំដំណាំកៅស៊ូ ឱ្យទៅជាទម្រង់ សហគមន៍ផលិតកម្ម ។

ការរៀបចំនេះ គឺដើម្បីប្រមូលផល និងប្រមូលទិញផលិតផលកៅស៊ូពីប្រជាពលរដ្ឋឱ្យអស់សក្តានុពលដែលមានស្រាប់នៅទូទាំងប្រទេស ព្រមទាំងជួយលើកកម្ពស់ជីវភាពប្រជាកសិករផងដែរ ។ ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ណែនាំឲ្យមានការពង្រីកវិសាលភាពវិនិយោគក្រៅពីវិស័យកៅស៊ូ ដោយបែងចែកគោលដៅជាពីរ គឺសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស និងសម្រាប់បម្រើឱ្យទីផ្សារក្នុងតំបន់។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យមានការសហការរួមដៃគ្នាផលិតសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀតផងដែរ ។

ជំនួបពិភាក្សាការងារនេះ មិនត្រឹមតែជួយពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបើកទំព័រថ្មីមួយទៀត ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមកនៃប្រទេសទាំងពីរផងដែរ ។

គួរបញ្ជាក់ថា វិស័យកៅស៊ូនៅកម្ពុជា គឺជាសសរស្តម្ភសេដ្ឋកិច្ចកសិ-ឧស្សាហកម្មដ៏សំខាន់មួយ ដែលកំពុងមានការផ្លាស់ប្តូរទម្រង់យ៉ាងលឿនពីការនាំចេញជ័រកៅស៊ូឆៅទៅជាការកែច្នៃផលិតផលសម្រេចក្នុងស្រុកវិញ ។ ក្នុងឆ្នាំ ២០២៥ តម្រូវការប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុក បានកើនឡើងដល់ជាង ១២ម៉ឺនតោន កើនឡើងរហូតដល់ ១៤៦% ធៀបនឹងឆ្នាំ២០២៤ ។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២៥ ចំណូលពីការនាំចេញជ័រកៅស៊ូទទួលបាន ៥៦២លានដុល្លារ ដោយតម្លៃជ័រកៅស៊ូជាមធ្យមលក់ចេញ ១ ៧៥៦ ដុល្លារក្នុងមួយតោន កើនឡើង ៣% ធៀបនឹងឆ្នាំ ២០២៤។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជិត ៤៥ ម៉ឺនហិកតា ផ្ដល់ទិន្នផលប្រមាណ ៤២ ម៉ឺនតោន៕


អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា