ក្រសួងរៀបចំដែនដី ៖ វិស័យសំណង់ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើប្លង់គោល បច្ចេកទេស និងគុណភាពជីវិតរបស់អ្នករស់នៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដី ៖ វិស័យសំណង់ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើប្លង់គោល បច្ចេកទេស និងគុណភាពជីវិតរបស់អ្នករស់នៅ

ក្រសួងរៀបចំដែនដី ៖ វិស័យសំណង់ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើប្លង់គោល បច្ចេកទេស និងគុណភាពជីវិតរបស់អ្នករស់នៅ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា វិស័យសំណង់នៅកម្ពុជា ត្រូវតែបន្តពង្រឹង និងប្រែក្លាយខ្លួនជាឧស្សាហកម្មមួយ ដែលមានលក្ខណៈជាការបង្កើតលំហូរថវិកាជូនប្រជាពលរដ្ឋ ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់លើប្លង់គោល បច្ចេកទេស និងគុណភាពជីវិតរបស់អ្នករស់នៅក្នុងសំណង់នេះ ។

ក្នុងសិក្ខាសាលាស្ដីពីការលើកកម្ពស់ការយល់ដឹងច្បាប់ស្ដីពីសំណង់និងប្រព័ន្ធត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដែលរៀបចំឡើងដោយក្រុមហ៊ុនជប៉ុនមួយនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា សិក្ខាសាលានេះ មានសារៈសំខាន់ណាស់ ព្រោះវាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីដំណើរ និងទស្សនវិស័យរបស់ប្រទេសកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវចំណងមិត្តភាពដ៏ល្អប្រសើរ និងប្រវត្តិសាស្ត្រនៃការគាំទ្ររបស់ប្រទេសជប៉ុន មកលើកម្ពុជា ដោយបានចាត់ទុកប្រទេសជប៉ុនថា ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ២៥ ដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលនេះគឺជាគុណតម្លៃដ៏ធំធេងក្នុងការធានាសុវត្ថិភាព បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។

លុះក្រោយពេលទទួលបានសុខសន្តិភាពពេញលេញ ជប៉ុនបានបន្តផ្ដល់ទុនវិនិយោគយ៉ាងសំខាន់រួមគ្នាជាមួយសហរដ្ឋអាមេរិក ក្នុងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ក្រោយពីត្រូវបានបំផ្លិចបំផ្លាញក្នុងទសវត្សរ៍ទី ៧០ ដោយជប៉ុនជួយសាងសង់ផ្លូវជាតិលេខ ១ និងស្ពានជ្រោយចង្វា រីឯសហរដ្ឋអាមេរិកជួយសាងសង់ផ្លូវជាតិលេខ ៤។ បច្ចុប្បន្ន ទំនាក់ទំនងកម្ពុជា-ជប៉ុន ក៏បន្តបោះជំហានរួមគ្នាលើវិស័យសំណង់ ដែលជាវិស័យស្នូលមិនអាចខ្វះបាន និងជាសសរស្តម្ភដ៏មានសារៈសំខាន់នៃសេដ្ឋកិច្ចជាតិ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំថា ការអភិវឌ្ឍសំណង់ទាំងនៅរាជធានី និងតាមបណ្ដាខេត្តនានា មិនត្រូវគិតត្រឹមតែទំហំនៃការសាងសង់នោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានហ្មត់ចត់អំពីប្លង់គោលមេ បច្ចេកទេសច្បាស់លាស់ និងសុខុមាលភាព គុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីធានាថា ការអភិវឌ្ឍសំណង់នោះផ្ដល់តម្លៃបន្ថែមខ្ពស់ សុវត្ថិភាព និងភាពស្រស់ស្អាត ដោយត្រូវផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ និងបរិស្ថានធម្មជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឲ្យដឹងផងដែរថា ក្នុងអាណត្តិនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចសមិទ្ធផលធំៗជាច្រើន ដូចជាការបញ្ចប់ការចុះបញ្ជីដីធ្លី ការដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ និងការដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ ជាពិសេសលើការគ្រប់គ្រងដីព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ និងទន្លេសាប ដើម្បីធានានូវនិរន្តរភាពបរិស្ថាន និងប្រសិទ្ធភាព នៃការអភិវឌ្ឍ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា