យូនីសេហ្វ៖ ជម្លោះព្រំដែនកម្ពុជា-ថៃនៅតែបន្សល់ទុកទិដ្ឋភាពសង្វេគដល់កុមារកម្ពុជានៅឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យូនីសេហ្វ៖ ជម្លោះព្រំដែនកម្ពុជា-ថៃនៅតែបន្សល់ទុកទិដ្ឋភាពសង្វេគដល់កុមារកម្ពុជានៅឡើយ

យូនីសេហ្វ៖ ជម្លោះព្រំដែនកម្ពុជា-ថៃនៅតែបន្សល់ទុកទិដ្ឋភាពសង្វេគដល់កុមារកម្ពុជានៅឡើយ

អង្គការយូនីសេហ្វប្រចាំកម្ពុជា បានលើកឡើងថាស្លាកស្នាមពីជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន២លើកនៅឆ្នាំ២០២៥ នាពេលថ្មីៗនេះ នៅតែបន្សល់​ទុកទិដ្ឋភាពសង្វេគនៅឡើយ។ សម្រាប់យូនីសេហ្វ អគារសិក្សាដែ​លរងការខូចខាតដោយសារគ្រាប់ផ្ទុះនៅខេត្តឧត្តរមានជ័យ គឺជាភស្តុតាងបង្ហាញថា ជម្លោះកន្លងមកនេះ បានប៉ះពាល់ដល់សុវត្ថិភាព ការសិក្សា និងសុខភាពផ្លូវចិត្តរបស់កុមារកម្ពុជា។
 
សូមបញ្ជាក់ថា មានជនភៀសសឹកកម្ពុជាចំនួនជាង ១ម៉ឺន ៨ពាន់នាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញ ដោយសារការរារាំងពី​យោ​ធាថៃ ក្នុងនោះមានស្ត្រី ៩ពាន់៤២៨នាក់ និងកុមារ ៦ពាន់៦៦នាក់ផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
 
នៅថ្ងៃនេះ យូនីសេហ្វបានបញ្ជាក់ថា លោកស្រី ដាម៉ាច ម៉ាហា ដែលជានាយិកាថ្មីនៃយូនីសេហ្វប្រចាំកម្ពុជា បានដឹកនាំក្រុមការងារចុះបេសកកម្មផ្ទាល់នៅខេត្តចំ​នួន ​៣ គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃកម្មវិធីគាំទ្រនា​នារបស់យូនីសេហ្វ ក្នុងការជួយគាំទ្រ ស្តារជីវភាពឡើងវិញ និងពង្រឹងភាពធន់ដល់កុមារ និងក្រុមគ្រួសាររងគ្រោះទាំងនេះ។
 
យូនីសេហ្វបានគាំទ្រក្នុងការបង្កើត «ថ្នាក់រៀនឌីជីថល» (Digital Classroom) ដើម្បីឲ្យជួយកុមារបានបំប៉ន និងបន្តនូវមេរៀនដែលបានខកខានកន្លងមក។ ជាមួយគ្នានេះដែរ យូនីសេហ្វក៏បានជួយសម្រួលដល់​គ្រួសារងាយរងគ្រោះ ឱ្យទទួលបាននូវសេវាថែទាំសុខភាពចាំបាច់ អាហាររូបត្ថម្ភ ការគាំទ្រសុខភាពផ្លូវចិត្ត ទឹកស្អាត អនាម័យ និងប្រព័ន្ធគាំពារសង្គមផងដែរ។
 
អង្គការយូនីសេហ្វនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាថាកុមាររងគ្រោះដោយសារជម្លោះ អាចទទួលបានការស្តារស្មារតីឡើងវិញ បន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹមសម្រាប់អនាគត៕

សេង បារាំង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា