ដ្រូន អ៊ុយក្រែន ហោះជាង ៣ ពាន់គីឡូម៉ែត្រទៅកម្ទេចរោងចក្រ រុស្ស៊ី, លោក Zelensky អរគុណកងកម្លាំងរបស់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដ្រូន អ៊ុយក្រែន ហោះជាង ៣ ពាន់គីឡូម៉ែត្រទៅកម្ទេចរោងចក្រ រុស្ស៊ី, លោក Zelensky អរគុណកងកម្លាំងរបស់ខ្លួន

ដ្រូន អ៊ុយក្រែន ហោះជាង ៣ ពាន់គីឡូម៉ែត្រទៅកម្ទេចរោងចក្រ រុស្ស៊ី, លោក Zelensky អរគុណកងកម្លាំងរបស់ខ្លួន

មូស្គូ ៖ កងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែន ហៅកាត់ SSO កាលពីថ្ងៃទី៩ ខែកញ្ញា បានបញ្ជាដ្រូនហោះបោះពួយចម្ងាយចន្លោះពី ៣ ពាន់ ទៅ ៣ ពាន់ ៣ រយគីឡូម៉ែត្រ ទៅកម្ទេចរោងចក្រឧស្ម័នរបស់រុស្ស៊ី ។

បើតាម kyiv post, រោងចក្ររុស្ស៊ីដែលត្រូវអ៊ុយក្រែនវាយប្រហារនោះ រួមមាន រោងចក្រ Novy Urengoy និងរោងចក្រ Purovsky មានទីតាំងស្ថិតនៅក្នុងតំបន់ Yamalo-Nenets ភាគខាងជើងប្រទេសរុស្ស៊ី ។

យ៉ាងណា មិនមានការបញ្ជាក់អំពីប្រភេទយន្តហោះដ្រូនដែលអ៊ុយក្រែនបង្ហោះទៅវាយប្រហាររោងចក្ររបស់រុស្ស៊ីនោះទេ ។ ប៉ុន្តែក្រុមហ៊ុនអ៊ុយក្រែន Fire Point ហាក់បានបញ្ជាក់ជាប្រយោលអំពីយន្តហោះដ្រូនដែលចូលរួមក្នុងប្រតិបត្តិការនេះ ។

ក្រុមហ៊ុន Fire Point លើកឡើងថា យន្តហោះដ្រូនប្រភេទ FP-1 របស់ខ្លួនអាចហោះហើរក្នុងរយៈចម្ងាយជាង ៣ ពាន់ ៣ រយ គីឡូម៉ែត្រ កំពុងសម្រេចជោគជ័យក្នុងការវាយប្រហារចំគោលដៅមួយកន្លែង នៅតំបន់ Novy Urengoy ។

នេះគឺជាលើកទីមួយហើយដែលដ្រូនអ៊ុយក្រែនបានវាយប្រហារទៅដល់តំបន់ផលិតឧស្ម័ន និងប្រេងដ៏សំខាន់របស់រុស្ស៊ី ហើយនេះក៏ជាកំណត់ត្រាវាយប្រហារដោយដ្រូន ក្នុងចម្ងាយឆ្ងាយបំផុតមិនធ្លាប់មានផងដែរ ។

អភិបាលតំបន់ Yamalo-Nenets លោក Dmitry Artyukhov ប្រកាសទទួលស្គាល់ថា ពិតជាមានការវាយប្រហារដោយដ្រូន លើទីតាំងឧស្សាហកម្ម ដោយលោកអះអាងថា កងកម្លាំងការពាររុស្ស៊ីក៏បានបាញ់ទម្លាក់ដ្រូនវិញដែរ ។ យ៉ាងណា មិនមានសេចក្តីរាយការណ៍អំពីអ្នករងរបួស ឬ ស្លាប់បាត់បង់ជីវិតនោះទេ ។

ក្រុមអ្នកវិភាគនៅ CyberBoroshno បង្ហាញថា ការវាយប្រហារបានប៉ះពាល់ដល់អង្គភាពបំបែកឧស្ម័ន នៅរោងចក្រ Novy Urengoy ដែលអាចធ្វើឱ្យបង្កកដំណើរការផលិតសារធាតុអេទីឡែន និង ប៉ូលីអេទីឡែន ដែលជាធាតុផ្សំឧស្សាហកម្មសំខាន់ ។

រោងចក្រ Novy Urengoy មានសមត្ថភាពកែច្នៃធាតុដើមរហូតដល់ ១៩.៥ លានតោន ក្នុងមួយឆ្នាំ។ រីឯរោងចក្រ Purovsky បានកែច្នៃឧស្ម័នកកប្រមាណ ១៣.៤ លានតោន កាលពីឆ្នាំ២០២៥ ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារវាយប្រហារចម្ងាយឆ្ងាយ ដោយបញ្ជាក់ថា កងកម្លាំងទីក្រុងកៀវបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ីចំនួន ៨ កន្លែង ដែលបម្រើឱ្យសង្គ្រាម រួមទាំង រោងចក្រកែច្នៃប្រេង និងឧស្ម័ននៅក្នុងតំបន់ Yamalo-Nenets ផងដែរ។

លោកបានសង្កត់ធ្ងន់ថា «រុស្ស៊ីបន្តបង្កការភ័យខ្លាចដល់អ៊ុយក្រែន ជារៀងរាល់ថ្ងៃ ដូច្នេះ ពួកគេនឹងទទួលបានការឆ្លើយតបដ៏សមស្របវិញ ជាប្រចាំថ្ងៃដូចគ្នា»៕

ប្រភព ៖ kyivpost ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា