យន្តហោះលោក Zelensky បិះតែនឹងត្រូវវាយប្រហារដោយដ្រូន រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យន្តហោះលោក Zelensky បិះតែនឹងត្រូវវាយប្រហារដោយដ្រូន រុស្ស៊ី

យន្តហោះលោក Zelensky បិះតែនឹងត្រូវវាយប្រហារដោយដ្រូន រុស្ស៊ី

កៀវ ៖ នាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Store ទម្លាយថា យន្តហោះដែលដឹកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ពីប្រទេសម៉ុលដាវី ឆ្ពោះទៅកាន់់ប្រទេសន័រវេស ស្ទើរតែត្រូវបានយន្តហោះដ្រូនមួយគ្រឿង ដែលគេសង្ស័យថា ជារបស់រុស្ស៊ីហោះបុក។

ឧប្បត្តិហេតុនេះ កើតឡើងមុនពេលលោក Zelensky ដែលប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី តាំងពីខែកុម្ភៈ ឆ្នាំ២០២២ បានទៅដល់រដ្ឋធានីអូស្លូ កាលពីល្ងាចថ្ងៃ អង្គារ ដើម្បីចូលរួមពិធីបុណ្យសពរបស់ព្រះមហាក្សត្រ Harald V នៃប្រទេសន័រវេស ដែលសោយទិវង្គតកាលពីចុងខែសីហា។

បើតាម Aljazeera, លោកនាយករដ្ឋមន្រ្តី Store បានប្រាប់ទូរទស្សន៍រដ្ឋន័រវេស NRK កាលពីថ្ងៃ ពុធ ថា ជើងហោះហើររបស់លោក Zelensky ស្ទើរតែត្រូវបានយន្តហោះដ្រូនមួយគ្រឿងបុក នៅពេលយន្តហោះរបស់គាត់ កំពុងហោះឡើងពីប្រទេសម៉ុលដាវី។

លោក Store អះអាងថា សំណាងល្អណាស់ លោក Zelensky នៅមានជីវិត ប៉ុន្តែលោកមិនបានបង្ហើបថាតើទទួលបានប្រភពព័ត៌មានមកពីណា ឬយន្តហោះដ្រូននេះហោះជិតយន្តហោះរបស់លោក Zelensky ប៉ុណ្ណាទេ។

ចំណែកខាងមន្រ្តីម៉ុលដាវីចោទប្រកាន់ចំៗថា យន្តហោះដ្រូនមួយគ្រឿងនោះ គឺជារបស់ប្រទេសរុស្ស៊ី និងជាប្រភេទដ្រូនចម្ងាយឆ្ងាយបំពាក់ម៉ាស៊ីនយន្តហោះ ដែលបានរត់ជ្រែកមេឃរំលោភចូលដែនអាកាសម៉ុលដាវី។

យោងតាម CNN, មន្រ្តីម៉ុលដាវីអះអាងថា បញ្ហានេះមិនមែនជារឿងចៃដន្យទេ ដូច្នេះហើយអាជ្ញាធរម៉ុលដាវីបានបញ្ជាឱ្យបិទដែនអាកាសប្រទេសរបស់ខ្លួនជាបណ្តោះអាសន្នភ្លាមៗ។

ប៉ុន្តែក្រោយមក បានអនុញ្ញាតឱ្យយន្តហោះដឹកលោកប្រធានាធិបតី Zelensky អាចហោះចេញ បន្ទាប់ពីមន្រ្តីរាយការណ៍ថា យន្តហោះដ្រូនមួយគ្រឿងនោះ ត្រូវបានបាញ់ទម្លាក់ និងផ្ទុះនៅចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន។

យ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃ ព្រហស្បតិ៍ បានប្រកាសក្តែងៗថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងការគំរាមកំហែងដល់យន្តហោះដឹកលោក Zelensky នោះទេ។

ផ្អែកតាមប្រភព CNN, លោកប្រធានាធិបតី Zelensky ត្រូវបានរាយការណ៍ថា តែងតែប្រើប្រាស់ដែនអាកាសរបស់ប្រទេសម៉ុលដាវី សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ហើយឧប្បត្តិហេតុបែបនេះ ប្រហែលជាមិនមែនជាលើកដំបូងឡើយ៕

ប្រភព ៖ Aljazeera និង CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា