ជប៉ុន បង្អួតដ្រូនបំបាំងកាយថ្មីរហស្សនាម “ប្រចៀវបិសាច” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន បង្អួតដ្រូនបំបាំងកាយថ្មីរហស្សនាម “ប្រចៀវបិសាច”

ជប៉ុន បង្អួតដ្រូនបំបាំងកាយថ្មីរហស្សនាម “ប្រចៀវបិសាច”

តូក្យូ ៖ ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍បានបង្អួតអាវុធប្រភេទថ្មីរបស់ខ្លួនជា យន្តហោះដ្រូន ខណៈដែលរដ្ឋាភិបាលទីក្រុងតូក្យូចាត់ទុកថា យន្តហោះដ្រូនថ្មីនេះនឹងជួយបង្កើនសមត្ថភាពការពារឆ្នេរសមុទ្រ និងកោះដាច់ស្រយោលរបស់ជប៉ុន ។

បើតាមគេហទំព័រយោធា Army recognition, យន្តហោះដ្រូនថ្មីនេះមានឈ្មោះ MQ-28 និងមានរហស្សនាមថា ប្រចៀវបិសាច ។ វាជាប្រភេទយន្តហោះដ្រូនបំបាំងកាយ ផលិតឡើងដោយក្រុមហ៊ុន Boeing របស់អូស្រ្តាលី សហការជាមួយកងទ័ពអាកាសអូស្រ្តាលី ។

ដ្រូន MQ-28 មានដងខ្លួនជិត ១២ ម៉ែត្រ ស្លាប់ទាំងសងខាងប្រវែងជាង ៧ ម៉ែត្រ និងអាចផ្ទុកទម្ងន់ពេលហោះហើរសរុបប្រមាណ ៨ ពាន់គីឡូក្រាម ។

ជាមួយគ្នានេះ វាមានសមត្ថភាពហោះហើរក្នុងល្បឿនលឿនទាន់យន្តហោះចម្បាំងល្បឿនលឿនមួយចំនួន និងអាចហោះហើរសំកាំងលើអាកាសក្នុងរយៈកម្ពស់រហូតដល់ជាង ១២ គីឡូម៉ែត្រ ។

បើតាម Defence-blog, បេសកកម្មស្នូលរបស់ដ្រូន MQ-28 គឺមានតួនាទីហោះអមដំណើរ និងគាំទ្រយន្តហោះចម្បាំងដែលមានមនុស្សបើក ដូចជាយន្តហោះចម្បាំង F-35 ឬ F-A-18 តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI ។

ចំណែកចំណុចពិសេសរបស់ដ្រូនប្រចៀវបិសាចនេះ អាចហោះពាំគ្រាប់មីស៊ីលបាញ់ពីអាកាសទៅអាកាស AIM-120 ចំនួន ២ គ្រាប់ ឬគ្រាប់បែកខ្នាតតូច SDBs ចំនួន ៤ គ្រាប់ ។

ប្រភពដដែលបញ្ជាក់ថា ប្រទេសជប៉ុនកំពុងពិចារណាទិញយន្តហោះដ្រូន MQ-28 របស់ក្រុមហ៊ុន Boeing សម្រាប់ផែនការការពារដែនសមុទ្រថ្មី ដោយផ្តោតសំខាន់លើការប្រើប្រាស់ដ្រូនក្នុងប្រតិបត្តិការយោធា ។

ការជ្រើសរើសដ្រូន MQ-28 អាចជាជំហានសំខាន់មួយ ក្នុងការរួមបញ្ចូលយន្តហោះដ្រូន ជាមួយយន្តហោះចម្បាំងមានមនុស្សបើក ក៏ដូចជាពង្រឹងសមត្ថភាពការពាររបស់ជប៉ុននៅតំបន់ប៉ាស៊ីហ្វិកផងដែរ ៕

ប្រភព ៖ Army recognition និង Defence-blog ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា