គ្រាប់បែកចង្កោមបង្ករបួស និងសម្លាប់មនុស្សជាង ១,០០០ នាក់ទូទាំងពិភពលោក ជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រាប់បែកចង្កោមបង្ករបួស និងសម្លាប់មនុស្សជាង ១,០០០ នាក់ទូទាំងពិភពលោក ជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត

គ្រាប់បែកចង្កោមបង្ករបួស និងសម្លាប់មនុស្សជាង ១,០០០ នាក់ទូទាំងពិភពលោក ជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត

បរទេស ៖ គ្រាប់បែកចង្កោមបានបង្ករបួសស្នាម និងសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ១,០៦៣នាក់ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៥ ដែលនេះជាចំនួនអ្នករងគ្រោះប្រចាំឆ្នាំខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រ ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់សម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោម ហៅកាត់ CMC ដែលចេញផ្សាយកាលពីថ្ងៃ អង្គារ, ជនរងគ្រោះដោយសារគ្រាប់បែកចង្កោមភាគច្រើន គឺជាជនស៊ីវិលស្លូតត្រង់ ក្នុងនោះមានកុមារចំនួន ៣៤នាក់។

ក្នុងនោះ ករណីស្លាប់ និងរងរបួសត្រូវបានកត់ត្រានៅប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ឡាវ លីបង់ មីយ៉ាន់ម៉ា រុស្ស៊ី ស៊ីរី និងអ៊ុយក្រែន។

អ៊ុយក្រែនមានចំនួនជនរងគ្រោះខ្ពស់បំផុតជាប់គ្នាក្នុងពេល ៤ ឆ្នាំ តួយ៉ាង ក្នុងឆ្នាំ ២០២៥ មានជនរងគ្រោះស្មើនឹង ៨៧% នៃចំនួនសរុបទូទាំងពិភពលោក។
យ៉ាងណា របាយការណ៍នេះព្រមានថា ចំនួនពិតប្រាកដអាចខ្ពស់ជាងនេះ ដោយសារករណីជាច្រើនមិនត្រូវបានរាយការណ៍។

ចំណែក ចំនួនជនរងគ្រោះខ្ពស់បំផុត ត្រូវបានកត់ត្រាក្នុងឆ្នាំ ២០២២ ដែលមានដល់ទៅ ១,១៧២ នាក់ បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានទ្រង់ទ្រាយធំប្រឆាំងអ៊ុយក្រែន។

បើតាម អាល់ចាហ្ស៊ីរ៉ា, គ្រាប់បែកចង្កោម គឺជាអាវុធដែលមានផ្ទុកគ្រាប់បែកតូចៗជាច្រើននៅខាងក្នុង ហើយអាចបញ្ចេញគ្រាប់បែកតូចៗទាំងនោះក្នុងតំបន់ធំទូលាយដោយមិនអាចគ្រប់គ្រងបានច្បាស់លាស់។

អាវុធប្រភេទនេះ បង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ជនស៊ីវិល ហើយគ្រាប់បែកមួយចំនួនអាចមិនផ្ទុះភ្លាមៗ និងនៅសល់ជាគ្រាប់ផ្ទុះយូរឆ្នាំ ក្រោយការប្រើប្រាស់។

អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ត្រូវបានបង្កើតឡើង និងចូលជាធរមាននៅឆ្នាំ២០១០ បន្ទាប់ពីន័រវែស និងប្រទេសមួយចំនួនទៀតបានជំរុញឱ្យមានសន្ធិសញ្ញាអន្តរជាតិ ដើម្បីការពារជនស៊ីវិលពីអាវុធផ្ទុះដ៏សាហាវនេះ។

អនុសញ្ញានេះហាមឃាត់ការប្រើប្រាស់ ការផលិត និងការស្តុកទុកគ្រាប់បែកចង្កោម។ បច្ចុប្បន្ន អនុសញ្ញានេះមានប្រទេសជាសមាជិកចំនួន ១១២ ប្រទេស និងប្រទេសហត្ថលេខីចំនួន ១២ ប្រទេស។

យ៉ាងណា សម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោមរាយការណ៍ថា គ្រាប់បែកចង្កោមនៅតែត្រូវបានប្រើប្រាស់ដោយអ៊ីរ៉ង់ មីយ៉ាន់ម៉ា រុស្ស៊ី ថៃ អ៊ុយក្រែន និងម៉ាលី ដែលជាប្រទេសសមាជិកនៃអនុសញ្ញា។

ប្រភពឱ្យដឹងថា ភស្តុតាងនៃការផលិតគ្រាប់បែកចង្កោមថ្មីៗ ត្រូវបានរកឃើញនៅចិន ឥណ្ឌា អ៊ីស្រាអែល មីយ៉ាន់ម៉ា កូរ៉េខាងជើង ប៉ូឡូញ រូម៉ានី រុស្ស៊ី និងកូរ៉េខាងត្បូង។ យោងតាមរបាយការណ៍, មានភស្តុតាងបង្ហាញថា សហរដ្ឋអាមេរិកអាចនឹងមានគម្រោងបន្តផលិតគ្រាប់បែកចង្កោមនៅពេលអនាគត៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា