«អ្នកដែលបំផ្លាញទីសក្ការៈបូជានេះ នឹងត្រូវចុះទៅឋាននរក»៖ បណ្តាសាបុរាណដែលនៅតែឮពីថ្មប្រាសាទខ្មែររាប់សតវត្សរ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«អ្នកដែលបំផ្លាញទីសក្ការៈបូជានេះ នឹងត្រូវចុះទៅឋាននរក»៖ បណ្តាសាបុរាណដែលនៅតែឮពីថ្មប្រាសាទខ្មែររាប់សតវត្សរ៍

«អ្នកដែលបំផ្លាញទីសក្ការៈបូជានេះ នឹងត្រូវចុះទៅឋាននរក»៖ បណ្តាសាបុរាណដែលនៅតែឮពីថ្មប្រាសាទខ្មែររាប់សតវត្សរ៍

«អ្នកដែលបំផ្លាញទីសក្ការៈនេះ នឹងទៅនរក រីឯអ្នកដែលខិតខំថែរក្សាទីសក្ការៈនេះ នឹងឡើងទៅស្ថានសួគ៌»។ នេះជាខ្លឹមសារសម្រួលតាមន័យនៃការព្រមានក្នុងសិលាចារឹកខ្មែរបុរាណ K.381 ដែលត្រូវបានសិក្សា និងចងក្រងដោយបណ្ឌិត George Cœdès ក្នុង Inscriptions du Cambodge, Tome VI។ រាប់រយឆ្នាំបានកន្លងផុតទៅ ប៉ុន្តែពាក្យព្រមានរបស់បុព្វបុរសហាក់នៅតែឮចេញពីថ្មប្រាសាទខ្មែរ។

សម្រាប់បុព្វបុរសខ្មែរ ប្រាសាទមិនមែនជាគំនរថ្មទេ។ វាជាទីសក្ការៈ ជាទីតម្កល់ជំនឿ ជាស្នាដៃនៃអរិយធម៌ និងជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។ ហេតុនេះ អ្នកដែលខិតខំថែរក្សាទីសក្ការៈត្រូវបានប្រសិទ្ធពរឱ្យទៅ «ស្ថានសួគ៌» រីឯអ្នកដែលបំផ្លាញត្រូវបានព្រមានថានឹងទៅ «នរក»។

បណ្តាសាបុរាណនេះកាន់តែមានអត្ថន័យនៅសម័យយើង។ រាប់រយឆ្នាំក្រោយ ប្រាសាទខ្មែរដែលបុព្វបុរសបានសាងសង់ដោយជំនឿ បញ្ញា និងសិល្បៈ បែរជាត្រូវរងការបាញ់ប្រហារ និងបំផ្លិចបំផ្លាញក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃក្នុងសម័យទំនើប។ ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏បានរងការខូចខាតក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ក្នុងឆ្នាំ២០២៥។

បេសកកម្មប្រឹក្សារួម World Heritage Centre-ICOMOS បានចុះពិនិត្យប្រាសាទព្រះវិហារនៅខែមីនា ឆ្នាំ២០២៦ ហើយរបាយការណ៍បេសកកម្មត្រូវបានដាក់ផ្សាយជាឯកសារផ្លូវការរបស់ UNESCO។ ការបាញ់កម្ទេចប្រាសាទ មិនមែនគ្រាន់តែបាញ់កម្ទេចថ្មទេ។ វាជាការធ្វើឱ្យរបួសដល់ប្រវត្តិសាស្ត្រ ជំនឿ អរិយធម៌ និងមរតកដែលមនុស្សរាប់ជំនាន់បានថែរក្សាអស់រាប់សតវត្ស។
ថ្មថ្មីអាចយកមកជំនួសបាន។ សំណង់ដែលបែកបាក់អាចជួសជុលបាន។ ប៉ុន្តែគ្មាននរណាអាចបង្កើតឡើងវិញនូវថ្មដើម ដែលបានឆ្លងកាត់ប្រវត្តិសាស្ត្រជិតមួយពាន់ឆ្នាំ ឱ្យត្រឡប់មកដូចដើមបានឡើយ។ នេះហើយជាមូលហេតុដែលបុព្វបុរសខ្មែរដាក់ការព្រមានដ៏ធ្ងន់ធ្ងរចំពោះអ្នកបំផ្លាញទីសក្ការៈ។

មនុស្សសម័យបុរាណហៅវាថា បុណ្យ និងបាប។ មនុស្សសម័យទំនើបហៅវាថា ការការពារបេតិកភណ្ឌ និងការទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ។ ពាក្យអាចផ្លាស់ប្តូរ ប៉ុន្តែអត្ថន័យមិនបានផ្លាស់ប្តូរទេ។

អាវុធអាចបំបែកថ្មប្រាសាទបាន ប៉ុន្តែមិនអាចបំផ្លាញការចងចាំរបស់ប្រវត្តិសាស្ត្របានឡើយ។
អ្នកសាងសង់ត្រូវបានចងចាំ។ អ្នកថែរក្សាត្រូវបានគោរព។ រីឯអ្នកបំផ្លាញប្រាសាទ បុព្វបុរសខ្មែរបានទុកពាក្យព្រមានរបស់ពួកគេរួចហើយ៖ «អ្នកដែលបំផ្លាញទីសក្ការៈបូជានេះ នឹងត្រូវចុះទៅឋាននរក»៕
អត្ថបទ៖ ឯកឧត្តម នេត្រ ភក្ត្រា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា