តម្លៃប្រេងបន្តកើនឡើង ក្រោយការវាយប្រហារជាថ្មីលើអារ៉ាប៊ី សាអូឌីត និង នៅឈូងសមុទ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងបន្តកើនឡើង ក្រោយការវាយប្រហារជាថ្មីលើអារ៉ាប៊ី សាអូឌីត និង នៅឈូងសមុទ្រ

តម្លៃប្រេងបន្តកើនឡើង ក្រោយការវាយប្រហារជាថ្មីលើអារ៉ាប៊ី សាអូឌីត និង នៅឈូងសមុទ្រ

បរទេស ៖ តម្លៃប្រេងអន្តរជាតិបានបន្តកើនឡើង បន្ទាប់ពីមានការវាយប្រហារថ្មីៗ ទៅលើប្រទេសអារ៉ាប៊ី សាអូឌីត និង លើនាវាចរណ៍នៅក្នុងឈូងសមុទ្រអារ៉ាប់ កាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា។

បើតាម CNA, តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៣,៦២ ដុល្លារ ឬ ៣,៤៦ ភាគរយ ពោលគឺដល់ ១០៨,២៣ ដុល្លារ ក្នុងមួយបារ៉ែល។ ចំណែកតម្លៃប្រេងឆៅប្រភេទ WTI បានកើនឡើង ៣,១៥ ដុល្លារ ឬ ៣,១៥ ភាគរយ ពោលគឺដល់ ១០៣,២០ ដុល្លារក្នុងមួយបារ៉ែល។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អារ៉ាប៊ី សាអូឌីត កាលពីថ្ងៃអាទិត្យ បានចេញផ្សាយវីដេអូ បង្ហាញពីការខូចខាតផ្ទះសម្បែង និង វិហារឥស្លាមមួយកន្លែង ដែលបណ្តាលមកពីការវាយប្រហាររបស់ក្រុមហ៊ូធី (Houthi) លើខេត្ត Jazan ភាគខាងត្បូងនៃប្រទេស។

ប៉ុន្តែ ក្រុមហ៊ូធីក៏បានអះអាងផងដែរថា ពួកគេបានវាយប្រហារមូលដ្ឋានយោធារបស់អារ៉ាប៊ីសាអូឌីតមួយកន្លែងនៅក្នុងខេត្តជិតខាង។

ទីភ្នាក់ងារសន្តិសុខដែនសមុទ្ររបស់ចក្រភពអង់គ្លេស ហៅកាត់ UKMTO បានឱ្យដឹង កាលពីថ្ងៃអាទិត្យថា នាវាមួយគ្រឿងនៅក្នុងច្រកសមុទ្រហ័រមូស ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង ដែលបណ្តាលឱ្យមានអគ្គិភ័យ និងបង្ខំឱ្យមានការជម្លៀសក្រុមនាវិកចេញពីនាវា។

ប្រទេសអ៊ីរ៉ង់បានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ និងនាវិក ៤ នាក់បានរងរបួសនៅលើនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង ដែលត្រូវបានវាយប្រហារ នៅតំបន់ឆ្នេរសមុទ្ររបស់ខ្លួន។

តម្លៃប្រេងត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យនៃការផ្គត់ផ្គង់ពីអារ៉ាប៊ី សាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេបំផុតរបស់ពិភពលោក។

បំពង់បង្ហូរប្រេង East-West របស់ប្រទេសមួយនេះត្រូវបានបិទ កាលពីសប្តាហ៍មុន ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) ដែលមានប្រភពមកពីប្រទេសអ៊ីរ៉ាក់។

លោក Tony Sycamore អ្នកវិភាគទីផ្សារ នៅក្រុមហ៊ុន IG បានលើកឡើង នៅក្នុងកំណត់ត្រាមួយកាលពីថ្ងៃអាទិត្យថា «ប្រសិនបើមិនមានលទ្ធផលជាក់ស្តែងពីកិច្ចចរចានៅប្រទេសអូម៉ង់ ក្នុងសប្តាហ៍នេះ ឬ ប្រសិនបើបំពង់បង្ហូរប្រេង East-West មិនត្រូវបានដាក់ឱ្យដំណើរការឡើងវិញយ៉ាងឆាប់រហ័សទេនោះ ហានិភ័យគឺថា តម្លៃប្រេងឆៅនឹងបន្តកើនឡើងឆ្ពោះទៅរកកម្រិតខ្ពស់បំផុតគឺ ១១៩,៤៨ ដុល្លារ ដែលធ្លាប់បានកត់ត្រា នៅដើមខែមីនា»។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr Albusaidi បានបង្ហោះសារលើបណ្តាញសង្គម X នៅពេលក្រោយមកទៀត កាលពីថ្ងៃអាទិត្យថា នឹងមានកិច្ចប្រជុំក្នុងប្រទេសអូម៉ង់ រវាងបណ្តាប្រទេសក្នុងតំបន់ឈូង នៅថ្ងៃចន្ទនេះ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា