ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួសរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួសរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួសរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ» ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការប្រើប្រាស់ដីភូមិក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ ខេត្តសៀមរាប នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅ អាជ្ញាធរជាតិអប្សរានឹងបំពេញតួនាទីជា «មជ្ឈមណ្ឌលប្រមូលផ្តុំគោលនយោបាយ យុទ្ធសាស្ត្រ និងយុទ្ធវិធី»។ មានន័យថា អាជ្ញាធរជាតិអប្សរាត្រូវអនុវត្តវិធីសាស្ត្រ៖ ដៃម្ខាងថែរក្សាការពារមរតកដូនតា និងព្រលឹងបុព្វបុរសខ្មែរ ហើយដៃម្ខាងទៀត ពូនជ្រុំ និងអភិវឌ្ឍតំបន់អង្គរឱ្យក្លាយជា «មរតកមានជីវិត» ដែលមនុស្សអាចរស់នៅសុខស្រួល មានសុវត្ថិភាព និងប្រកបរបរចិញ្ចឹមជីវិតបាន។

ទាក់ទិននឹងការពង្រឹងសមត្ថភាព និងតួនាទីអាជ្ញាធរដែនដី ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តផែនការការងារដែលប្រសូត្រចេញពីអន្តរក្រសួង ហើយដាក់ចេញដោយអាជ្ញាធរអប្សរា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់បេសកកម្មបន្ថែមជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាក់ស្តែង អភិបាលក្រុង-ស្រុកត្រូវទទួលបន្ទុកបន្ថែមលើកិច្ចការបរទេស និងបច្ចេកទេសបេតិកភណ្ឌ រីឯគណៈអភិបាលខេត្ត និងអាជ្ញាធរដែនដីត្រូវដឹកនាំសម្របសម្រួលតាមគោលការណ៍ច្បាប់ ដោយត្រូវមានចំណេះដឹង និងជំនាញទាក់ទិននឹងបេតិកភណ្ឌ និងកិច្ចការអន្តរជាតិ ដើម្បីធានាបាននូវការការពារប្រាសាទផង និងការផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋផង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសង្កត់ធ្ងន់ថា ដល់ពេលវេលាហើយដែលអាជ្ញាធរអប្សរា និងអាជ្ញាធរដែនដីត្រូវសហការគ្នាអនុវត្តការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយប្រកាន់យក «យុទ្ធសាស្ត្របន្ធូរបន្ថយ» គឺធ្វើឱ្យប្រជាពលរដ្ឋអាចទទួលយកបាន និងងាយស្រួលអនុវត្ត, ធានាឱ្យពលរដ្ឋរស់នៅសុខដុមរមនាក្នុងក្រុមគ្រួសារ និងមានស្ថិរភាពចំណូលពីអាជីវកម្មចិញ្ចឹមជីវិតស្របច្បាប់ក្នុងតំបន់រមណីយដ្ឋាន។

សិក្ខាសាលានេះ ត្រូវបានរំពឹងទុកថា នឹងក្លាយជាស្ពានចម្លងដ៏សំខាន់ក្នុងការតភ្ជាប់ការយល់ដឹងរវាងបច្ចេកទេសអភិរក្ស និងការពិតជាក់ស្តែងនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ៕

អត្ថបទ៖ វណ្ណលុក
រូប ៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា