ក្រសួងវប្បធម៌ពិនិត្យលទ្ធភាពបន្តការជួសជុលស្ពានទ័ពឡើងវិញ ក្រោយរងគ្រោះដោយគ្រាប់បែករបស់យោធាថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងវប្បធម៌ពិនិត្យលទ្ធភាពបន្តការជួសជុលស្ពានទ័ពឡើងវិញ ក្រោយរងគ្រោះដោយគ្រាប់បែករបស់យោធាថៃ

ក្រសួងវប្បធម៌ពិនិត្យលទ្ធភាពបន្តការជួសជុលស្ពានទ័ពឡើងវិញ ក្រោយរងគ្រោះដោយគ្រាប់បែករបស់យោធាថៃ

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពិនិត្យមើលស្ថានភាពទូទៅនៃស្ពានទ័ព ដែលមានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

ស្ពានទ័ព ឬស្ពានអូរជីក ជាស្ពានបុរាណមួយដែលបានសង់ឆ្លងកាត់ស្ទឹងស្រែងនៅលើផ្លូវបុរាណមួយខ្សែចេញពីរាជធានីអង្គរទៅក្រុងវិមាយបុរៈ (ប្រាសាទភិមាយបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសថៃ)។ ស្ពាននេះអាចចាត់ទុកថាជាស្ពានដ៏សំខាន់មួយ ដែលបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ហើយជាស្ពានវែងជាងគេក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយមានប្រវែងប្រហែល១៥០ម. កម្ពស់១០ម. និងទទឹង១៦.៤០ម. និងមានប្រហោងទ្វារស្ពាន(រន្ធតាដេវ)ចំនួន២៨ប្រឡោះ។

ជាអកុសល នាកំឡុងពេលផ្ទុះសង្គ្រាមឈ្លានពានពីប្រទេសថៃនៅតាមបណ្តោយព្រំដែនខ្មែរថៃនាពេលកន្លងមក កងទ័ពថៃបានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែកប្រភេទ M-K82 មកលើស្ពានទ័ពចំនួន២ទីតាំងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ផ្នែកក្បាលស្ពានខាងជើង និងខាងត្បូង ដែលគ្រាប់បែកនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើរចនាសម្ព័ន្ធតួស្ពាន និងបង្កាន់ដៃចំនួន៦៨កន្លែង។

កន្លងមក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានជួសជុលស្ពាននេះចំនួន៨ដំណាក់កាល ពោលគឺចាប់ពីឆ្នាំ២០១៥មកម្លេះ ប៉ុន្តែត្រូវបានអាក់ខានទៅវិញនៅពេលមានសង្គ្រាមបំផ្លាញស្ថានភាពស្ពាននេះកាលពីចុងឆ្នាំ២០២៥។ បច្ចុប្បន្ន ក្រសួងកំពុងពិនិត្យលទ្ធភាពបន្តការជួសជុលឡើងវិញ ព្រោះស្ពានមានស្ថានភាពទ្រុឌទ្រោមជាងមុននៅតាមទីតាំងសំខាន់ៗមួយចំនួន ដោយសារកត្តាលំហូរទឹកបុកកាត់ និងគ្រាប់បែក M-K82៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា