ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ កម្ពុជាប្រឆាំង​និងថ្កោលទោស​ចំពោះការ​ប្រើ​ប្រាស់​គ្រាប់​បែក​​ចង្កោម​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ កម្ពុជាប្រឆាំង​និងថ្កោលទោស​ចំពោះការ​ប្រើ​ប្រាស់​គ្រាប់​បែក​​ចង្កោម​

ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ កម្ពុជាប្រឆាំង​និងថ្កោលទោស​ចំពោះការ​ប្រើ​ប្រាស់​គ្រាប់​បែក​​ចង្កោម​

ថ្លែង​ទៅកាន់ពិភពលោ​កតាមរយៈ​កិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានគណៈប្រតិភូ​កម្ពុជា​ បានប្រកាសជំហរយ៉ាងច្បាស់របស់កម្ពុជា ក្នុងការប្រឆាំង និងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម។ ឯកឧត្តម​​គូសបញ្ជាក់ទៀតថា កម្ពុជាបានចំណាយពេលជាង​៣៣ឆ្នាំ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានរំដោះផ្ទៃ​ដីជាង ៣.៥០០ គីឡូម៉ែត្រការ៉េ និងកម្ទេចចោល​យុទ្ធភណ្ឌគ្រឿងផ្ទុះរាប់​លានគ្រាប់។ ទោះជាយ៉ាងណា កម្ពុជានៅមានផ្ទៃដីរាប់រយគីឡូម៉ែត្រការ៉េទៀតដែលនៅសេសសល់ពីសង្គ្រាម និងត្រូវបន្តដោះស្រាយ។

ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា កម្ពុជាមិនបានរំពឹងថានឹងត្រូវចាប់ផ្តើមការងារនេះសាជាថ្មីឡើយ​។ ប៉ុន្តែ​ក្នុងឆ្នាំ២០២៥ ក្នុង​បរិបទជម្លោះតាមបណ្តោយព្រំដែន​កម្ពុជា-ថៃ​ គ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់លើទឹកដី និងនៅ​តាម​សហគមន៍របស់​កម្ពុជា ដែល​​បាន​បង្កើតតំបន់រងផលប៉ះពាល់ថ្មីជិត ៤.០០០ គីឡូម៉ែត្រការ៉េ ក្នុងនោះជិត ៣.០០០ គីឡូម៉ែត្រការ៉េ រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម។

ការគំរាមកំហែងថ្មីនេះ​ បាន​បង្ក​ផល​ប៉ះពាល់​ដល់ប្រជាពលរដ្ឋ និងបង្កើនបន្ទុកលើកិច្ចខិតខំប្រឹងប្រែងបោស​​សម្អាត​យុទ្ធភណ្ឌគ្រឿង​ផ្ទុះ​របស់កម្ពុជា។ ប្រជាពលរដ្ឋស៊ីវិល ជាពិសេសកសិករ ត្រូវបានសម្លាប់ និងរងរបួស ខណៈប្រជាពលរដ្ឋជាង ២០.០០០នាក់ នៅតែត្រូវបានផ្លាស់ទីលំនៅ និងមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានដែលជាទ្រព្យសម្បត្តិរបស់ខ្លួនបាន។​
ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា “​កម្ពុជាមិនទាន់បញ្ចប់ការ​បោសសម្អាតមរតកសង្គ្រាមពីអតីតកាលអស់ផង បែរជាត្រូវប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មីជិត ៤.០០០ គីឡូម៉ែត្រការ៉េ ដែលបង្កឡើងដោយការប្រើប្រាស់អាវុធក្នុងឆ្នាំ២០២៥ ដោយ​កង​កម្លាំង​យោធា​ថៃ​។ បន្ទុកថ្មីនេះកាន់តែបង្កើនតម្រូវការធនធាន និងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសហគមន៍ដែលរងផលប៉ះពាល់។”​

ឯកឧត្តម​ទេសរដ្ឋមន្រ្តី បានបញ្ជាក់ពី​ជំហររបស់​កម្ពុជា​យ៉ាងច្បាស់ថា “​ទោះកម្ពុជា​មិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពី​គ្រាប់បែក​ចង្កោម​នេះ​ក៏ដោយ កម្ពុជាគាំទ្រយ៉ាងពេញលេញចំពោះគោលបំណងរបស់អនុសញ្ញា និងមិនដែលផលិត ឬប្រើប្រាស់គ្រាប់បែកចង្កោមឡើយ”​ ហើយបានប្រកាសប្រឆាំង និងថ្កោលទោសចំពោះការប្រើប្រាស់អាវុធប្រភេទនេះ”។ កម្ពុជា​ក៏​ត្រៀមចែករំលែកបទពិសោធន៍ក្នុងការបោសសម្អាត ការអប់រំអំពីហានិភ័យ និងជំនួយជនរងគ្រោះ ជាមួយប្រទេសនានាដែលត្រូវការ​ ដើម្បី​រួមចំណែក​កាត់បន្ថយ​ការ​ឈឺចាប់ និងការគំរាមកំហែងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ​​ ដូចដែលកម្ពុជាបានឆ្លងកាត់​៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា