អ្នកជំនាញ៖ ជំនួបផ្សះផ្សាលើកដំបូងនៅសិង្ហបុរី គឺជាជំហានឆ្ពោះទៅរកដំណោះស្រាយវិវាទសមុទ្រដ៏រ៉ាំរ៉ៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ៖ ជំនួបផ្សះផ្សាលើកដំបូងនៅសិង្ហបុរី គឺជាជំហានឆ្ពោះទៅរកដំណោះស្រាយវិវាទសមុទ្រដ៏រ៉ាំរ៉ៃ

អ្នកជំនាញ៖ ជំនួបផ្សះផ្សាលើកដំបូងនៅសិង្ហបុរី គឺជាជំហានឆ្ពោះទៅរកដំណោះស្រាយវិវាទសមុទ្រដ៏រ៉ាំរ៉ៃ

កម្ពុជា និងថៃ បានចាប់ផ្តើមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការ​សហប្រជាជាតិ​ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាតំបន់សមុទ្រទាមទារត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ នៅប្រទេសសិង្ហបុរី នៅថ្ងៃទី១៤ ខែកញ្ញានេះ។
 
លោកបណ្ឌិត ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ យល់ឃើញថា ជំនួប UNCLOS លើកដំបូងរវាងកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី គឺជាកលានុវត្តភាពប្រវត្តិសាស្ត្រមួយក្នុងការរំកិលបញ្ហាវិវាទសមុទ្រដែលជាប់គាំងជាយូរមកហើយ ឱ្យចូលទៅក្នុងដំណើរការច្បាស់លាស់មួយតាមផ្លូវច្បាប់អន្តរជាតិ។
 
សម្រាប់លោកបណ្ឌិត ព្រឹត្តិការណ៍នេះស្តែងឱ្យឃើញថា ប្រទេសទាំងពីរ គឺកម្ពុជា និងថៃ គាំទ្រការដោះស្រាយជម្លោះព្រំដែនទឹកដោយសន្តិវិធី ព្រមទាំងចាត់ទុកសិង្ហបុរីជាដៃគូដ៏គួរឱ្យទុកចិត្ត។ ទោះជាយ៉ាងណា បញ្ហាប្រឈមចម្បងគឺថា ដំណើរការផ្សះផ្សាដោយបង្ខំនេះមិនមានឥទ្ធិពលបង្ខំផ្លូវច្បាប់ឱ្យភាគីទាំងពីរត្រូវតែអនុវត្តតាមនោះទេ។
 
លោកបណ្ឌិត ថុង ម៉េងដាវីត យល់ថា ដំណើរការនេះទាមទារឆន្ទៈនយោបាយខ្ពស់ ខណៈដែលជម្លោះសមុទ្រមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវិវាទព្រំដែនគោក ហើយចរន្តជាតិនិយមក្នុងប្រទេសទាំងពីរអាចធ្វើឱ្យការធ្វើសម្បទាន ឬការយោគយល់គ្នាទៅវិញទៅមកជួបការលំបាក។

ប៉ុន្តែ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះ យល់ឃើញថា កម្ពុជាគួរតែផ្តោតលើការបន្តចរចាជាមួយថៃ ដើម្បីព្រមព្រៀងផែនទីបង្ហាញផ្លូវជាក់ស្តែងមួយ ឈានទៅរកការខណ្ឌសីមា និងកិច្ចសហប្រតិបត្តិការ ដោយមានការគាំទ្រពីសិង្ហបុរី។ វិធីសាស្ត្រនេះនឹងធានាថា ទាំងជម្លោះព្រំដែនទឹក និងព្រំដែនគោក ត្រូវបានដោះស្រាយតាមរយៈការសន្ទនា ច្បាប់អន្តរជាតិ និងយន្តការអាស៊ាន ជំនួសឱ្យការប្រឈមមុខដាក់គ្នាជាថ្មី។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ​កិច្ចប្រជុំលើកដំបូង នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បំពេញតួនាទីជាភ្នាក់ងារតំណាងកម្ពុជា រីឯឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង។
 
សូមជម្រាបថា គណៈកម្មការផ្សះផ្សាពុំមានអំណាចចេញការសម្រេចដែលមានលក្ខណៈចាប់បង្ខំឲ្យភាគីទំនាស់អនុវត្តតាមឡើយ គឺគ្រាន់តែជួយ​សម្របសម្រួលគូភាគីឱ្យឈានទៅរកកិច្ចព្រមព្រៀងរួម។ កម្ពុជារំពឹងថា ការសម្រេចបានដំណោះស្រាយដោយយុត្តិធម៌ នឹងបើកផ្លូវឱ្យមានការ​អភិវឌ្ឍ​រួមគ្នានៅតំបន់ត្រួតស៊ីគ្នា ដែលជាប្រភពថាមពលប្រេង និងឧស្ម័នដ៏សំខាន់សម្រាប់សេដ្ឋកិច្ច៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា