សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាគ្រោងសាងសង់ទីលានបាញ់កាំភ្លើងទំនើប ដើម្បីពង្រឹងសមត្ថភាពកីឡាករជម្រើសជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាគ្រោងសាងសង់ទីលានបាញ់កាំភ្លើងទំនើប ដើម្បីពង្រឹងសមត្ថភាពកីឡាករជម្រើសជាតិ
កីឡា 14/09/2026

សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាគ្រោងសាងសង់ទីលានបាញ់កាំភ្លើងទំនើប ដើម្បីពង្រឹងសមត្ថភាពកីឡាករជម្រើសជាតិ

ក្នុងអាណត្តិថ្មីនេះ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាដាក់គោលដៅសាងសង់ទីលានបាញ់កាំភ្លើងទំនើប ដើម្បីពង្រឹងសមត្ថភាពកីឡាករជម្រើសជាតិ។

អាន ៖ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានលើកបង្ហាញនូវអនុសាសន៍៥ចំណុចសំខាន់ៗក្នុងការបន្តដឹកនាំអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០ របស់សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា សម្រួចគោលដៅអភិវឌ្ឍន៍ជំនាញកីឡានេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

អនុសាសន៍របស់ឯកឧត្តមប្រធានបានធ្វើឡើង នៅក្នុងឱកាសសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៣ និងបន្តអាណត្តិទី៤ ឆ្នាំ២០២៦-២០៣០ កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការ NOCC។

ឯកឧត្តម សុខ ពុទ្ធិវុធ បានប្តេជ្ញាដ៏មោះមុត ក្នុងការបន្តដឹកនាំអាណត្តិថ្មី ឆ្នាំ២០២៦-២០៣០ នូវអនុសាសន៍៥ចំណុច រួមមាន ជំរុញការអភិវឌ្ឍឱ្យខ្លាំងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក, បង្កើនទំនាក់ទំនងល្អជាមួយសហព័ន្អកីឡាបាញ់កាំភ្លើងអន្តរជាតិ និងអន្តរជាតិ, និងបង្កើតក្លឹបឱ្យច្រើន ដើម្បីបង្កើនធនធានកីឡាករ កីឡាករិនីកាន់តែសម្បូរបែប។

ក្រៅពីនេះ ឯកឧត្តមជំរុញសហព័ន្ធកីឡាបាញ់កាំភ្លើងបង្កើតទីលានស្តង់ដាអន្តរជាតិឱ្យមានមានការហ្វឹកហាត់ផ្ទាល់-ហ្វឹកហាត់តាមប្រព័ន្ធ Online និងរៀបចំរចនាសម្ព័ន្ធដឹកនាំតាមផ្នែក និងជំនាញឱ្យត្រឹមត្រូវ ក៏ដូចជាបង្កើតផេក ឬ វេបសាយសហព័ន្ធ ព្រមទាំងបង្កើតសាលាបណ្តុះបណ្តាលថ្នាលវ័យក្មេងផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ស៊ិន សូផានណាក់ អគ្គលេខាធិការ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានលើកឡើងពីគោលដៅសំខាន់ៗ ជាពិសេសការសាងសង់ទីលានបាញ់កាំភ្លើងទំនើប ដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក និងមិនប៉ះពាល់ដល់បរិស្ថាន សម្រាប់ហ្វឹកហ្វាត់ និងត្រៀមការប្រកួតកីឡាថ្នាក់ជាតិ និង អន្តរជាតិនានា។

ភារកិច្ចសំខាន់មួយទៀត គឺការបណ្តុះបណ្តាលយុវជនឆ្នើម អាយុចន្លោះ ១២–១៦ ឆ្នាំចាប់ពីពេលនេះ ដើម្បីបង្វឹកឱ្យក្លាយជាកីឡាករមានសមត្ថភាពខ្ពស់បំផុត ដើម្បីចូលរួមប្រកួតថ្នាក់អន្តរជាតិ ដណ្តើមមេដាយជូនជាតិមាតុភូមិ ព្រមទាំងការជ្រើសរើសអត្តពលិកឆ្នើមបំផុត មកហ្វឹកហាត់កម្រិតខ្ពស់ ដើម្បីមានឱកាសទៅប្រកួតអូឡាំពិកឆ្នាំ២០២៨ នៅអាមេរិក។ សហព័ន្ធក៏មានគ្រោងបញ្ជូនគ្រូបង្វឹក និងអាជ្ញាកណ្តាលទៅចូលរួមវគ្គបណ្តុះបណ្តាលរបស់សហព័ន្ធអន្តរជាតិ (ISSF) ដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាផ្លូវការផងដែរ។

សូមបញ្ជាក់ថា មហាសន្និបាតនេះបានបោះឆ្នោតគាំទ្រគណៈកម្មាធិការប្រតិបត្តិអណត្តិថ្មី ឆ្នាំ២០២៦-២០៣០ សរុប២៧រូប ដឹកនាំដោយឯកឧត្តម សុខ ពុទ្ធិវុធ៕

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា