អឺរ៉ុប ប្រកាសដាក់ទណ្ឌកម្ម អ៊ីស្រាអែល ឲ្យដល់កម្រិតដែលខ្លួនធ្វើលើ រុស្ស៊ី ជុំវិញការកាន់កាប់ទឹកដីគេខុសច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប ប្រកាសដាក់ទណ្ឌកម្ម អ៊ីស្រាអែល ឲ្យដល់កម្រិតដែលខ្លួនធ្វើលើ រុស្ស៊ី ជុំវិញការកាន់កាប់ទឹកដីគេខុសច្បាប់

អឺរ៉ុប ប្រកាសដាក់ទណ្ឌកម្ម អ៊ីស្រាអែល ឲ្យដល់កម្រិតដែលខ្លួនធ្វើលើ រុស្ស៊ី ជុំវិញការកាន់កាប់ទឹកដីគេខុសច្បាប់

បរទេស ៖ ប្រធានគោលនយោបាយការបរទេសរបស់អឺរ៉ុបកាលពីថ្ងៃអាទិត្យបានប្រកាសពីការត្រៀមដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីស្រាអែលឲ្យដល់កម្រិតដែលប្លុកមានសមាជិក ២៧ ប្រទេសមួយនេះ បាននិងកំពុងធ្វើទៅលើប្រទេសរុស្ស៊ី ជុំវិញការចូលកាន់កាប់ទឹកដីរបស់គេ ។

ថ្លែងប្រាប់កាសែត The Irish Times, លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់អឺរ៉ុបបានធ្វើការប្រៀបធៀប «ការតាំងទីលំនៅខុសច្បាប់របស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន» ក្នុងលក្ខណៈដូចគ្នាទៅនឹងរបៀបដែលអឺរ៉ុបបានឆ្លើយតបចំពោះការដណ្តើមកាន់កាប់តំបន់គ្រីមៀ ពីសំណាក់រុស្ស៊ី ។

លោកស្រី Kallas រៀបរាប់ថា «នៅពេលដែលតំបន់គ្រីមៀ ត្រូវបានកាន់កាប់ អឺរ៉ុបបានបញ្ឈប់ពាណិជ្ជកម្មលើផលិតផល ដែលមានប្រភពមកពីតំបន់គ្រីមៀ»។

លោកស្រីបន្តថា «អឺរ៉ុបគួរតែមានជំហរដូចគ្នានេះដែរ ចំពោះករណីអ៊ីស្រាអែល ដោយអឺរ៉ុបគួរតែបញ្ឈប់ការធ្វើពាណិជ្ជកម្ម ជាមួយទឹកដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់ទាំងនោះ» ។

ប្រធានគោលនយោបាយការបរទេសអឺរ៉ុបវ័យ ៤៩ ឆ្នាំរូបនេះក៏បានជំរុញឱ្យបណ្តាប្រទេសនានាប្រកាន់យក ជំហរផ្អែកលើគោលការណ៍ ដោយគាំទ្រការហាមឃាត់នៅទូទាំងសហភាពអឺរ៉ុប លើពាណិជ្ជកម្មទាក់ទងនឹងការតាំងទីលំនៅរបស់អ៊ីស្រាអែលផងដែរ ព្រោះទង្វើទាំងអស់នេះគឺជាសកម្មភាពខុសច្បាប់អន្តរជាតិ ។

បើតាម Middle East Eye, នៅពេលដែលរុស្ស៊ីបានបញ្ចូលតំបន់គ្រីមៀរបស់អ៊ុយក្រែន ទៅជាទឹកដីរបស់ខ្លួន នៅខែកុម្ភៈ ឆ្នាំ២០១៤, សហភាពអឺរ៉ុបបានហាមឃាត់ទំនិញទាំងអស់ពីតំបន់នោះ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីនៅត្រឹមខែមិថុនាឆ្នាំដដែលនោះ ។ ក្រោយមក អឺរ៉ុបក៏បានដាក់កម្រិតលើការនាំចេញអាវុធ, ថាមពល និងបច្ចេកវិទ្យាទៅកាន់រុស្ស៊ីផងដែរ ។

ការវិវត្តនេះកើតមានឡើង ស្របពេលដែលអ៊ីស្រាអែលកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងពិភពលោកខាងលិច ខណៈដែលការគាំទ្រពីសាធារណជនចំពោះអ៊ីស្រាអែលបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ។

ជាក់ស្តែង អង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មលើការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅថ្ងៃទី៨ ខែកញ្ញា ហើយប្រទេសអឺរ៉ុបចំនួន ១០ ផ្សេងទៀត រួមជាមួយប្រទេស កាណាដា បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ជាមួយអង់គ្លេស ដើម្បី បញ្ជាក់ពីបំណងរបស់ពួកគេ ប្រឆាំងនឹងពាណិជ្ជកម្ម ដែលពាក់ព័ន្ធនឹងការតាំងទីលំនៅខុសច្បាប់។

យ៉ាងណា ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលអង់គ្លេស រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានប្រកាសពីវិធានការទណ្ឌកម្មតបតមួយចំនួន ប្រឆាំងនឹងទីក្រុងឡុងដ៍ រួមទាំង ការបិទស្ថានកុងស៊ុលអង់គ្លេស ប្រចាំនៅតំបន់ ហ៊្សេរុយសាឡិមខាងកើត ផងដែរ ៕

ប្រភព ៖ middleeasteye_politico, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា