ដ្រូន រុស្ស៊ី ប៊ិះហោះទៅបុកកម្ទេចរថភ្លើងគណៈប្រតិភូ អឺរ៉ុប ជិតព្រំដែនប៉ូឡូញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដ្រូន រុស្ស៊ី ប៊ិះហោះទៅបុកកម្ទេចរថភ្លើងគណៈប្រតិភូ អឺរ៉ុប ជិតព្រំដែនប៉ូឡូញ

ដ្រូន រុស្ស៊ី ប៊ិះហោះទៅបុកកម្ទេចរថភ្លើងគណៈប្រតិភូ អឺរ៉ុប ជិតព្រំដែនប៉ូឡូញ

កៀវ ៖ យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ប៊ិះនឹងហោះទៅបំផ្ទុះកម្ទេចរថភ្លើងដឹកគណៈប្រតិភូការទូតអឺរ៉ុប និង អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ជិតព្រំដែន ប៉ូឡូញ-អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ។

ក្រុមហ៊ុនប្រតិបត្តិករផ្លូវដែករបស់អ៊ុយក្រែន Ukrzaliznytsia បានឲ្យដឹងថា រុស្ស៊ីបានវាយប្រហាររថភ្លើងដឹកអ្នកដំណើរមួយគ្រឿង នៅព្រំដែនរវាងប្រទេសអ៊ុយក្រែន និង ប៉ូឡូញ ដោយបានខកខានហោះទៅបុកកម្ទេចរថភ្លើងការទូត ពោលគឺ ការវាយប្រហារចំលើរថភ្លើងដឹកអ្នកដំណើរ បានកើតឡើង នៅត្រឹមតែប៉ុន្មាននាទី
បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងក្រុមអ្នកការទូតអឺរ៉ុបផ្សេងៗទៀតបានធ្វើដំណើរតាមខ្សែរថភ្លើងដដែលនេះ។

នៅលើ Telegram, ក្រុមហ៊ុនបង្ហាញការជឿជាក់ថា រុស្ស៊ីពិតជាមានគោលដៅវាយប្រហារលើរថភ្លើងការទូត ប៉ុន្តែ ខ្សែរថភ្លើងរបស់គណៈប្រតិភូបានចេញដំណើរពីស្ថានីយ មុនពេលកំណត់ ដោយសារតារាងពេលវេលារថភ្លើងត្រូវបានកែសម្រួលភ្លាមៗ ដើម្បីបង្ការឆ្លើយតបនឹងការគំរាមកំហែងឥតឈប់ឈរ ពីការវាយប្រហាររបស់រុស្ស៊ី។

តាមរយៈការបង្ហោះលើ Instagram, អតីតនាយករដ្ឋមន្ត្រីអង់គ្លេស
លោក Boris Johnson បានថ្កោលទោសការវាយប្រហារនេះថា ជាសកម្មភាព គ្មានគោលដៅច្បាស់លាស់ និង គ្មានន័យ។

អតីតនាយករដ្ឋមន្ត្រីស៊ុយអែត ដែលមានវត្តមានលើរថភ្លើងនោះដែរ គឺ លោក Carl Bildt បានរៀបរាប់ នៅលើបណ្តាញសង្គម X ថា រថភ្លើងដែលស្ថិតនៅលើផ្លូវដែក ដែលគណៈប្រតិភូបរទេស តែងតែប្រើប្រាស់ដើម្បីធ្វើដំណើរត្រឡប់មកពីទីក្រុងកៀវវិញនោះ ត្រូវបានវាយប្រហារ នៅចម្ងាយត្រឹមតែ ២ គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនប៉ូឡូញ។ ប៉ុន្តែ ដ្រូនបានវាយយប្រហារចំរថភ្លើងមួយគ្រឿងទៀត ដែលមកដល់ តាមក្រោយ នៅឯចំណុចឆ្លងកាត់ព្រំដែន។

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានពណ៌នាការវាយប្រហារកាន់តែញឹកញាប់របស់រុស្ស៊ី នៅក្បែរព្រំដែនអង្គការណាតូថា ជា «ការបង្កើនភាពតានតឹង»។

ជាក់ស្តែង នៅថ្ងៃអាទិត្យដដែលនោះ រថយន្តដឹកទំនិញមួយគ្រឿងនៅចម្ងាយតិចជាង ១ គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន-ប៉ូឡូញ ក៏ត្រូវបានវាយប្រហារផងដែរ ដែលបណ្តាលឱ្យចំណុចឆ្លងកាត់ព្រំដែន Dorohusk-Yahodyn ត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។

យ៉ាងណា ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ខ្លួនបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលសម្រួលដល់ការដឹកជញ្ជូនទំនិញយោធាពីអឺរ៉ុប នៅក្នុងតំបន់ភាគខាងលិចនៃប្រទេសអ៊ុយក្រែន។

បើតាម Reuters, ខណៈដែលសមរភូមិជួរមុខមិនសូវមានការប្រែប្រួលខ្លាំងនោះ ទាំងទីក្រុងមូស្គូ និងទីក្រុងកៀវ បានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីព្យាយាមផ្លាស់ប្តូរស្ថានការណ៍នៃសង្គ្រាម៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា