កម្ពុជា ជឿជាក់លើសមត្ថភាពរបស់គណៈកម្មការផ្សះផ្សាក្នុងការជួយឲ្យកម្ពុជា និងថៃកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ជឿជាក់លើសមត្ថភាពរបស់គណៈកម្មការផ្សះផ្សាក្នុងការជួយឲ្យកម្ពុជា និងថៃកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ

កម្ពុជា ជឿជាក់លើសមត្ថភាពរបស់គណៈកម្មការផ្សះផ្សាក្នុងការជួយឲ្យកម្ពុជា និងថៃកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ


ក្នុងកិច្ចប្រជុំផ្សះផ្សាលើកទី១ កម្ពុជាបង្ហាញទំនុកចិត្តថា គណៈកម្មការផ្សះផ្សាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយដល់កម្ពុជានិងថៃ ឱ្យសម្រេចបាននូវលទ្ធផលមួយ ដែលនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់ តាមរយៈការកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

នៅក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សារវាងកម្ពុជា និងថៃ ក្រោមអនុសញ្ញា UNCLOS ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា គោលបំណងចម្បងរបស់កម្ពុជា គឺស្វែងរកដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់។

ក្នុងសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៥កញ្ញានេះ ​ឯកឧត្តម ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមើលឃើញដំណើរការផ្សះផ្សានេះថា ជាមធ្យោបាយមួយសម្រាប់ស្តារទំនុកចិត្តឡើងវិញ ហើយពុំមែនជាទម្រង់នៃការបង្កើនភាពតានតឹងនោះឡើយ។

កម្ពុជាសង្ឃឹមដោយស្មោះថា ប្រទេសថៃចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា ហើយស្របពេលគ្នានេះដែរ នឹងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគីតាមរយៈការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ទាំងអស់ ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

​កម្ពុជាមានទំនុកចិត្តថា គណៈកម្មការផ្សះផ្សា ជាមួយនឹងសមាសភាពដ៏ឧត្តុង្គឧត្តម មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយដល់កម្ពុជានិងថៃ ឱ្យសម្រេចបាននូវលទ្ធផលស្រដៀងគ្នានឹងករណីទីម័រឡេស្តេ-អូស្ត្រាលីដែរ ពោលគឺលទ្ធផលដែលនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់។

យោងតាមឯកឧត្តម ប្រាក់ សុខុន កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។

ប៉ុន្តែ ក្នុងករណីមិនអាចសម្រេចបានកិច្ចព្រមព្រៀងជាស្ថាពរ ទាំងលើព្រំដែនសមុទ្រ និងទាំងលើការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចា ដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។

សូមជម្រាបថា កិច្ចប្រជុំដំបូងនៃគណៈកម្មការផ្សះផ្សាដោយបង្ខំក្នុងវិវាទព្រំដែនសមុទ្រ កម្ពុជា-ថៃ ត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា