អ្នកជំនាញថា ថៃប្រើសារធាតុគីមីក្នុងសង្គ្រាមបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋខ្មែរ និងបរិស្ថាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញថា ថៃប្រើសារធាតុគីមីក្នុងសង្គ្រាមបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋខ្មែរ និងបរិស្ថាន

អ្នកជំនាញថា ថៃប្រើសារធាតុគីមីក្នុងសង្គ្រាមបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋខ្មែរ និងបរិស្ថាន

កម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការហាមឃាត់អាវុធគីមី (OPCW) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់​  ពាក់ព័ន្ធនឹងយោធាថៃបានប្រើប្រាស់អាវុធគីមី និងសារធាតុគីមី នៅក្នុងអំឡុងជម្លោះព្រំដែនកាលពីឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម​ ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)។  
 
ពាក្យបណ្តឹងនេះត្រូវបានដាក់កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ​ក្រោយពីអាជ្ញាធរដោះមីនកម្ពុជាបានរកឃើញ ពិនិត្យ និងវិភាគសំណាក់ពាក់ព័ន្ធនឹងអាវុធគីមី និងសារធាតុគីមីទាំងនោះ។ ឯកឧត្តម​ ហេង រតនា បានឱ្យដឹងថា  មានជនស៊ីវិល និងមន្ត្រីសន្តិសុខចំនួន ៣៩៥នាក់ បានរងផលប៉ះពាល់នៅក្នុងជម្លោះព្រំដែនឆ្នាំ ២០២៥ ខណៈភាគីថៃបានបដិសេធថាខ្លួនមិនបានប្រើប្រាស់អាវុធគីមីនោះទេ។
 
បើតាមឯកឧត្តម ហេង រតនា សារធាតុគីមីទាំងនោះ ត្រូវបានយោធាថៃទម្លាក់ និងបាញ់ចេញពីយន្តហោះគ្មានមនុស្សបើក (drones) និងតាមរយៈគ្រាប់កាំភ្លើងធំទំហំ ១៥៥មីលីម៉ែត្រ និង១២០មីលីម៉ែត្រ។ សំណល់សារធាតុទាំងនេះត្រូវបានរកឃើញនៅក្នុងតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ដូចជា ផ្សារ ភូមិ និងដីកសិកម្ម។
 
អង្គភាព CMAC  បានបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២៥ ​មន្ត្រីជំនាញបានធ្វើការវិភាគសំណាកគីមីចំនួន៦១ ហើយរកឃើញថា មានមួយសំណាកដែលជាអាវុធគីមីស្របតាមអនុសញ្ញាស្តីពីអាវុធគីមី ហើយសំណាក​២២ទៀត ជាសារធាតុគីមីពុល ប៉ុន្តែមិនស្ថិតក្នុងប្រភេទដែលត្រូវបានហាមឃាត់ដោយអនុសញ្ញានោះទេ។
 
ជុំវិញការចោទប្រកាន់នេះ ភាគីថៃក៏បានទទួលស្គាល់ហើយថា ខ្លួនពិតជាបានប្រើប្រាស់សារធាតុគីមី ផូស្វ័រពណ៌ស បាញ់ស្រោចមកលើប្រទេសកម្ពុជាពិតមែន ដោយអះអាងថាខ្លួនគោរពទៅតាមច្បាប់អន្តរជាតិ​។​
 
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ក្នុងសង្គ្រាម យុទ្ធសាស្ត្រ យុទ្ធវិធី កលល្បិចមានសារៈសំខាន់សម្រាប់ការពារ និងទទួលជ័យជម្នះនៅលើសមរភូមិ។ ប៉ុន្តែ ប្រសិនបើយុទ្ធវិធីសង្គ្រាមទាំងនោះមិនត្រឹមតែបង្កការបំផ្លាញដល់កងទ័ព បរិស្ថាន ការដុតបំផ្លាញព្រៃឈើ បំពុលទន្លេ និងធ្វើឲ្យដីស្រែចម្ការទៅជាវាលរហោស្ថាន នោះវាលែងជាយុទ្ធសាស្ត្រយោធាដែលមានគោលដៅច្បាស់លាស់ទៀតហើយ ប៉ុន្តែអាចក្លាយជាទង្វើដ៏ព្រៃផ្សៃនិងកំហុសសីលធម៌ទៅវិញទេ។​
 
 
បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភា បានទាមទារឱ្យប្រទេសថៃ ត្រូវតែទទួលខុសត្រូវចំពោះទង្វើ​ដែលខ្លួនប្រព្រឹត្តមកលើប្រទេសកម្ពុជា។
 
យោងតាមអង្គការសុខភាពពិភពលោក សារធាតុគីមី «ផូស្វ័រ​ពណ៌ស» គឺជាសារធាតុគីមីដែលឆេះឡើងនៅពេលប៉ះជាមួយខ្យល់ ហើយបង្កើតជាកម្ដៅយ៉ាងខ្លាំង និងផ្សែងពុលយ៉ាងក្រាស់។ ផលប៉ះពាល់នៃសារធាតុគីមី «ផូស្វ័រ​ពណ៌ស» អាច​បណ្តាលឲ្យមានការរលាកធ្ងន់ធ្ងរ, ការបំផ្លិចបំផ្លាញលើប្រព័ន្ធដង្ហើម ព្រមទាំងការបំពុលដី និងទឹក ដែលបង្កជាហានិភ័យធ្ងន់​ធ្ងរដល់សុខភាពមនុស្ស បរិស្ថាន និងសត្វ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា