វៀតណាម គ្រោងពង្រីកការវិនិយោគកសិកម្ម និងបង្កើតរោងចក្រកែច្នៃនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម គ្រោងពង្រីកការវិនិយោគកសិកម្ម និងបង្កើតរោងចក្រកែច្នៃនៅកម្ពុជា

វៀតណាម គ្រោងពង្រីកការវិនិយោគកសិកម្ម និងបង្កើតរោងចក្រកែច្នៃនៅកម្ពុជា

តំណាងវិស័យឯកជនវៀតណាម បានប្រាប់ភាគីកម្ពុជា អំពីគម្រោងវិនិយោគក្នុងការបង្កើតរោងចក្រកែច្នៃដើមកៅស៊ូជាគ្រឿងសង្ហារឹម គម្រោងផលិតជីសរីរាង្គ ព្រមទាំងគម្រោងវិនិយោគដាំកាហ្វេ និងបង្កើតរោងចក្រកែច្នៃនៅក្នុងប្រទេសកម្ពុជាថែមទៀត។
 
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោកបានដឹកនាំសហគ្រាសវៀតណាមនៅកម្ពុជា ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
 
ជាការឆ្លើយតបឯកឧត្តម ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍និងគាំទ្រគម្រោងវិនិយោគខាងលើ ព្រមទាំងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរៀបចំបែបបទដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។
 
​បន្ថែមលើការលើកឡើងពីបរិយាកាសវិនិយោគជារួម និងគោលនយោបាយគាំទ្រផ្សេងៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ ឯកឧត្តម ជា វុទ្ធី បានប្រាប់ភាគីវៀតណាមថា កម្ពុជាមានសក្តានុពលធំធេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ ដូច្នេះ វិនិយោគិនវៀតណាមគប្បីពិចារណាបណ្តាក់ទុនវិនិយោគក្នុងរូបភាពកែច្នៃជាផលិតផលសម្រេច ជាជាងនាំចេញក្នុងរូបភាពជាវត្ថុធាតុដើម ដូចជា ការកែច្នៃស្វាយចន្ទី ដំឡូងមី ស្រូវអង្ករ កៅស៊ូ និងវិស័យឈើដាំផងដែរ។
 
វៀតណាម គឺជាដៃគូពាណិជ្ជកម្មសំខាន់លំដាប់ទី៣របស់កម្ពុជា និងជាទីផ្សារនាំចេញដ៏ធំផុតរបស់កម្ពុជាផងដែរ។ ជាក់ស្ដែង នៅរយៈពេល ៨ខែ ឆ្នាំ២០២៦ កម្ពុជា ទទួលបានទឹកប្រាក់សរុបជាង ៣ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ប្រទេសវៀតណាម។ នេះបើយោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
 
ដោយឡែក ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម នៅរយៈពេល ៨ខែ ឆ្នាំ២០២៦ សម្រេចបានជិត ៦ពាន់លានដុល្លារ កើនឡើង ៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ធ្លាប់បានប្តេជ្ញាចិត្តក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ជាពិសេសការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ពាន់លានដុល្លារនាពេលខាងមុខ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា