កម្ពុជា ពង្រីកការនាំចេញអង្ករ ១ម៉ឺនតោនទៅកាន់ទីផ្សារហ្វីលីពីនតាមសាឡង់ជាលើកដំបូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ពង្រីកការនាំចេញអង្ករ ១ម៉ឺនតោនទៅកាន់ទីផ្សារហ្វីលីពីនតាមសាឡង់ជាលើកដំបូង

កម្ពុជា ពង្រីកការនាំចេញអង្ករ ១ម៉ឺនតោនទៅកាន់ទីផ្សារហ្វីលីពីនតាមសាឡង់ជាលើកដំបូង

តាមរយៈការចុះកិច្ចសន្យាទិញ-លក់អង្កររវាងក្រុមហ៊ុន CITY RICE Import Export ជាមួយក្រុមហ៊ុន DILAI TRADING CO. ​របស់ហ្វីលីពីន ប្រទេសកម្ពុជានឹងពង្រីកការនាំចេញអង្ករចំនួន ១ម៉ឺនតោន ទៅកាន់ទីផ្សារហ្វីលីពីន ដោយដឹកញ្ជូនតាមសាឡង់លើកដំបូង​ ដែលចំណេញទាំងពេលវេលា និងថវិកា។
 
ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោកស្រី Genina Marion Rafal លេខាទី៣ នៃស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនទាំងពីរខាងលើ។
 
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ចាត់ទុក​កិច្ចសន្យានេះ មិនត្រឹមតែជាប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជា ពង្រឹងសន្តិសុខស្បៀង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីន ផងដែរ។
 
លោកជំទាវ ចម និម្មល ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងពីរឱ្យអនុវត្តកិច្ចសន្យាឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ ការទទួលខុសត្រូវ តម្លាភាព ភាពស្មោះត្រង់ និងកិច្ចសហការជិតស្និទ្ធ ព្រមទាំងធានាឱ្យបាននូវការទូទាត់ត្រឹមត្រូវ ការដឹកជញ្ជូនទាន់ពេលវេលា គុណភាព និងស្ថិរភាពនៃការផ្គត់ផ្គង់។
 
ឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export ចាត់ទុក​ការនាំចេញអង្ករកម្ពុជា ១ម៉ឺនតោន ដោយប្រើសាឡង់ទៅកាន់ប្រទេសហ្វីលីពីនជាលើកដំបូងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើឆាកអន្តរជាតិ។
 
លោកយល់ឃើញថា ការនាំចេញអង្ករទៅកាន់ទីផ្សារហ្វីលីពីន មិនត្រឹមតែមានសារៈសំខាន់សម្រាប់វិស័យស្រូវអង្ករកម្ពុជាប៉ុណ្ណោះទេ ក៏បង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់អ្នកបញ្ជាទិញអន្តរជាតិលើគុណភាព សុវត្ថិភាព ភាពប្រកួតប្រជែង និងសមត្ថភាពផ្គត់ផ្គង់របស់អង្ករកម្ពុជាផងដែរ។
 
​យោងតាមទិន្នន័យផ្លូវការរបស់សហព័ន្ធស្រូវ​អង្ករ​កម្ពុជា​ នៅក្នុងរយៈពេល ៨ខែ ២០២៦ កម្ពុជា​សម្រេច​បាន​ការ​នាំចេញ​អង្ករ​ជិត ​៨០ ​ម៉ឺនតោន ​ទៅកាន់គោលដៅចំនួន​ ៦៦ ​​​ដែល​គិត​ជាទឹកប្រាក់ជាង ​៤៦៤​លានដុល្លារ។ ការនាំចេញទៅហ្វីលីពីនបានកើនដល់ប្រហែល ៧ម៉ឺនតោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា