កម្ពុជា ទាត់ចោលការចោទប្រកាន់របស់ថៃ និងទាមទារឱ្យបញ្ឈប់ការរំលោភលើទីតាំងបេតិកភណ្ឌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ទាត់ចោលការចោទប្រកាន់របស់ថៃ និងទាមទារឱ្យបញ្ឈប់ការរំលោភលើទីតាំងបេតិកភណ្ឌ

កម្ពុជា ទាត់ចោលការចោទប្រកាន់របស់ថៃ និងទាមទារឱ្យបញ្ឈប់ការរំលោភលើទីតាំងបេតិកភណ្ឌ

បន្ទាប់ពីភាគីថៃបន្តចោទប្រកាន់កម្ពុជាថាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណ ពិសេសប្រាសាទព្រះវិហារ ជាមូលដ្ឋាយោធា ក្រសួងវប្បធម៌កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនៅថ្ងៃទី ១៥ ខែកញ្ញាថា ការចោទប្រកាន់នេះ គឺជាចេតនាកែច្នៃព័ត៌មាន ដើម្បីបង្វែរការទទួលខុសត្រូវពីការវាយប្រហារ និងបំផ្លិចបំផ្លាញប្រាសាទបុរាណខ្មែរ ព្រមទាំងដើម្បីបំប៉ោងព័ត៌មានក្លែងក្លាយ ភូតភរ និងបង្កការយល់ច្រឡំដល់សាធារណជន។
 
ក្រសួងវប្បធម៌សង្កត់ធ្ងន់ថា កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌ តែងតែប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវខ្ពស់ក្នុងការអភិរក្ស ស្រាវជ្រាវ និងលើកតម្លៃបេតិកភណ្ឌជាតិ និងពិភពលោក ដោយមិនដែលប្រើប្រាស់ទីតាំងប្រវត្តិសាស្ត្រទាំងនោះជាមូលដ្ឋានយោធាឡើយ។
 
ផ្ទុយទៅវិញ យោធាថៃបានបើកការវាយប្រហារជាមួយអាវុធធុនធ្ងន់ដោយមិនរើសគោលដៅ រហូតបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ តាក្របី តាមាន់ធំ និងប្រាសាទខ្នារ។ ក្រសួងបញ្ជាក់ថា ប្រាសាទព្រះវិហារបានរងការបំផ្លាញចំនួន ៥៦២ទីតាំង ធ្វើឱ្យថ្មប្រាសាទខ្ទេចរូបរាងជាង ៧ម៉ឺនបំណែក។ ការវាយប្រហារ ដោយអាវុធធន់ធ្ងន់នេះបានបំផ្លាញកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ស្ថាប័នជាតិ និងអន្តរជាតិជាង ១០ ឆ្នាំ និងបានបង្ខំឱ្យប្រជាពលរដ្ឋជាង ១ម៉ឺន ៦ពាន់នាក់ភៀសខ្លួនចេញពីតំបន់បេតិកភណ្ឌ។
 
បច្ចុប្បន្ន ទីតាំងតំបន់បេតិកភណ្ធមួយចំនួនត្រូវបានថៃកាន់កាប់ដោយខុសច្បាប់។ កម្ពុជាថ្កោលទោសដាច់អហង្ការចំពោះការគ្រប់គ្រងទីតាំងទាំងនេះតាមរយៈការប្រើប្រាស់កម្លាំងយោធា ហើយទាមទារឱ្យភាគីថៃដកកម្លាំងចេញពីតំបន់ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងប្រាសាទខ្នារជាបន្ទាន់ ព្រមទាំងប្រគល់មកវិញនូវវត្ថុបុរាណទាំងអស់ ដែលត្រូវបានយកចេញពីប្រាសាទខ្នារទៅកាន់ប្រទេសថៃដោយខុសច្បាប់នាពេលកន្លងមក។
 
កម្ពុជាបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា គ្រប់ទីតាំងបេតិកភណ្ឌទាំងអស់មិនមែនជាមូលដ្ឋានយោធាទេ និងមិនត្រូវប្រើប្រាស់ជាខែលការពារយោធាឡើយ។ កម្ពុជាបន្តផ្តល់អាទិភាពខ្ពស់បំផុតដល់កិច្ចការពារ និងអភិរក្សកេរមរតកបេតិកភណ្ឌទាំងនេះ សម្រាប់មនុស្សជំនាន់ក្រោយ និងសម្រាប់មនុស្សជាតិទាំងមូល។
 
កម្ពុជាក៏បានទាមទារឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ គោរពសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ និងបញ្ឈប់ការ ប្រើប្រាស់កម្លាំង បញ្ឈប់សកម្មភាព Fait accompli ដើម្បីកាន់កាប់ដែនដីកម្ពុជាជាអចិន្ត្រៃយ៍។ កម្ពុជាស្នើភាគីថៃងាកមក ដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការរបស់គណៈកម្មការ ចម្រុះកិច្ចការព្រំដែន (JBC)៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា