បណ្ឌិត គិន ភា៖ ជម្រើសទាំង៣របស់កម្ពុជា គឺបង្ហាញពីសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាដែនទឹកជាមួយថៃ ដោយផ្អែកលើយន្តការច្បាប់អន្តរជាតិ យន្តការផ្សះផ្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្ឌិត គិន ភា៖ ជម្រើសទាំង៣របស់កម្ពុជា គឺបង្ហាញពីសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាដែនទឹកជាមួយថៃ ដោយផ្អែកលើយន្តការច្បាប់អន្តរជាតិ យន្តការផ្សះផ្សា

បណ្ឌិត គិន ភា៖ ជម្រើសទាំង៣របស់កម្ពុជា គឺបង្ហាញពីសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាដែនទឹកជាមួយថៃ ដោយផ្អែកលើយន្តការច្បាប់អន្តរជាតិ យន្តការផ្សះផ្សា

ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ជម្រើសទាំង៣ ដែលភាគីកម្ពុជាតាមរយៈឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា បានស្នើឡើងនៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ គឺបង្ហាញពីសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដែនទឹករវាងកម្ពុជា និងថៃ ដោយផ្អែកលើយន្តការច្បាប់អន្តរជាតិ យន្តការផ្សះផ្សា។ ហើយជម្រើសទី៣ ចុងក្រោយដែលភាគីបានស្នើ គឺសុំឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ មានន័យថា កម្ពុជាតែងតែប្រាថ្នាចង់បានដំណោះស្រាយមួយដោយសន្តិវិធី ហើយមានសហគមន៍អន្តរជាតិជួយធ្វើសាក្សីជួយដឹងឮ។ ត្បិតដោយសារកន្លងមកភាគីថៃតែងតែក្រឡិចក្រឡុច តែងតែអនុវត្តផ្ទុយ ឬក៏ជួនកាលលុបចោលជាឯកតោភាគីនៅកិច្ចព្រមព្រៀង ឬក៏ MOU ជាមួយនឹងប្រទេសកម្ពុជា។ ដូច្នេះការស្នើឡើងរបស់កម្ពុជា ក៏ជាការស្នើឡើងដែលយើងរៀនសូត្រពីមេរៀនកន្លងមកនេះ ដែលភាគីថៃបានលុបចោលជាឯកតោភាគីនៅ MOU ឆ្នាំ២០០១ ដែលជា MOU មួយដែលជាមូលដ្ឋានច្បាប់ ជាមូលដ្ឋានគតិយុត្តិតែមួយគត់ដែលភាគីទាំងពីរមាន ហើយថៃបានលុបចោលជាឯកតោភាគី។ ដូច្នេះការធ្វើឲ្យមានភាគីទី៣ ឬក៏យន្តការផ្សះផ្សាដោយចាប់បង្ខំជាសាក្សីនេះ គឺដើម្បីធ្វើឲ្យថៃកុំចេះតែគេចវេសពីការទទួលខុសត្រូវ កុំចេះតែអនុវត្តផ្ទុយនៅអ្វីដែលខ្លួនបានចុះហត្ថលេខាកិច្ចព្រមព្រៀង ឬក៏ MOU ជាដើម។

បណ្ឌិត គិន ភា បានបញ្ជាក់ថា “យើងត្រូវដឹងថា យន្តការផ្សះផ្សាក្រោម UNCLOS នេះ គឺជាដំណោះស្រាយដោយសន្តិវិធីដែលអាចធានាបានអព្យាក្រឹត្យភាព សន្តិភាព និងយុត្តិធម៌ ប្រសិនបើភាគីទាំងពីរមានការប្តេជ្ញាចិត្តពិតប្រាកដ មានសុឆន្ទៈ និងភាពស្មោះត្រង់នៅក្នុងការដោះស្រាយ។ ភាគីទាំងពីរក៏អាចគេចផុតពីសំពាធផ្ទៃក្នុង និងបង្ហាញថាប្រទេសនីមួយៗ គឺជារដ្ឋដែលគោរពច្បាប់អន្តរជាតិ ជាពិសេសគឺគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ។ ដូច្នេះយន្តការផ្សះផ្សាក្រោមឆ័ត្ររបស់ UNCLOS នេះ ជាយន្តការសម្រាប់ដោះស្រាយដែលធានាថា ដែនទឹករបស់យើងជាមួយប្រទេសថៃ យើងអាចទទួលបាននៅដំណោះស្រាយមួយដែលអាចទទួលយកបានទាំងអស់គ្នា។ ហើយការដែលកម្ពុជាផ្តួចផ្តើមគំនិតប្រើប្រាស់យន្តការដោយចាប់បង្ខំក្រោម UNCLOS ក៏ជាការបង្ខំឱ្យភាគីថៃខ្លួនឯង គឺកម្ពុជាចង់ណាស់ការដោះស្រាយដោយសន្តិវិធីក្រោមយន្តការទ្វេភាគីដែលមានស្រាប់ ក៏ប៉ុន្តែគឺភាគីថៃទេ ដែលបានរុះស្ពានចោល ហើយសួរថាតើស្ពានទ្វេភាគីនោះប្រទេសទាំងពីឆ្លងដោយរបៀបណា? ពីព្រោះប្រទេសថៃបានរុះរើបានកម្ទេចវាចោលរួចទៅហើយ ដូច្នេះមានតែយន្តការក្រោមឆ័ត្រ UNCLOS ដែលជាវិធីសាស្ត្រប្រកបដោយលក្ខណៈស្ថាបនា ហើយភាគីទាំងពីរអាចធ្វើការជាមួយគ្នា។ ហើយចុងក្រោយការដោះស្រាយបញ្ហាព្រំដែនក្រោម UNCLOS តាមរយៈយន្តការផ្សះផ្សាយដោយចាប់បង្ខំ គឺវាពាក់ព័ន្ធទៅនឹងការចរចាទ្វេភាគី ពីព្រោះអ្នកសម្របសម្រួលទាំងអស់នឹងគាត់ឱ្យជារបាយការណ៍ជាអនុសាសន៍ជូនទៅដល់ភាគីទាំងពីរក្នុងការពិភាក្សាគ្នា”។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា អ្វីដែលជាការលើកឡើងរបស់ភាគីកម្ពុជា គឺជាការបង្ហាញសុឆន្ទៈមួយច្បាស់លាស់ដែលប្រាថ្នាចង់បាននៅការដោះស្រាយមួយដែលមានតម្លាភាព យុត្តិធម៌ សន្តិភាព និងស្ថេរភាព សម្រាប់ព្រំដែនទឹករវាងប្រទេសទាំងពីរ ហើយក៏ជាការផ្តល់នៅផលប្រយោជន៍យូរអង្វែងសម្រាប់ប្រទេសទាំងពីរដែរ។ ក៏ប៉ុន្តែផ្ទុយទៅវិញបើស្តាប់ផែនការរបស់ភាគីថៃដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន គឺជាចេតនាមួយក្នុងការចោទប្រកាន់ទម្លាក់កំហុស លាបពណ៌ គំរាមកំហែង និងការមិនផ្តល់តម្លៃខ្ពស់ចំពោះច្បាប់អន្តរជាតិ។ ហើយអ្វីដែលជាបញ្ហានោះ គឺឃើញថា គាត់គំរាមកំហែង និងមានចេតនាប្រើប្រាស់កម្លាំង ហើយព្យាយាមយកបញ្ហាព្រំដែនទឺកទៅទៅភ្ជាប់ជាមួយព្រំដែនគោក ដែលប្រទេសថៃខ្លួនឯងកំពុងតែឈ្លានពានកំពុងតែកាន់កាប់ឈរជើងដោយខុសច្បាប់នៅលើទឹកដីកម្ពុជា។

បណ្ឌិត គិន ភា បានង្កត់ធ្ងន់ថា អ្វីដែលជាជម្រើសដែលភាគីកម្ពុជាបានដាក់ចេញទាំង៣ គឺជាជម្រើសមួយច្បាស់លាស់ប្រកបដោយសង្គតភាពដែលជាជំហរនយោបាយការទូតរបស់កម្ពុជាតាំងពីដើមទីមកជុំវិញបញ្ហាព្រំដែន ជាពិសេសបញ្ហាដែនទឹកនឹងតំបន់ត្រួតស៊ីគ្នាជាមួយភាគីថៃ។ ហើយកម្ពុជាតែងតែតម្កល់នៅដំណោះស្រាយដោយសន្តិវិធី ជាដំណោះស្រាយអាទិភាពបំផុត យន្តការទ្វេភាគីជាយន្តការដែលប្រទេសទាំងពីរតែងតែប្រកាន់យក។ កម្ពុជាគឺមិនដែលបោះបង់ចោលនៅយន្តការទ្វេភាគីម្តងណាទេ។ ហើយការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជារឿងមួយសំខាន់បំផុត។ ក៏ប៉ុន្តែភាគីថៃមានឥរិយាបទផ្ទុយដោយបង្ហាញពីចេតនាក្នុងការបន្តប្រើប្រាស់បញ្ហាព្រំដែនទាំងដែនទឹក ដែនគោក ទៅជាចំណាត់ខ្មាំងនៃនយោបាយផ្ទៃក្នុងរបស់ខ្លួន ហើយព្យាយាមប្រើប្រាស់កម្លាំងហាក់ដូចជារដ្ឋមួយដែលមិនគោរពច្បាប់អន្តរជាតិជារដ្ឋព្រៃ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា