អ៊ីស្រាអែល ប្រកាសបញ្ជូនទ័ពជើងទឹកទ្រង់ទ្រាយធំទៅកម្ទេចក្រុមហ៊ូធី កុំឲ្យរំខានផ្លូវសមុទ្របន្តទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ប្រកាសបញ្ជូនទ័ពជើងទឹកទ្រង់ទ្រាយធំទៅកម្ទេចក្រុមហ៊ូធី កុំឲ្យរំខានផ្លូវសមុទ្របន្តទៀត

អ៊ីស្រាអែល ប្រកាសបញ្ជូនទ័ពជើងទឹកទ្រង់ទ្រាយធំទៅកម្ទេចក្រុមហ៊ូធី កុំឲ្យរំខានផ្លូវសមុទ្របន្តទៀត

ហ្ស៊េរុយសាឡិម ៖ ប្រទេសអ៊ីស្រាអែលបានប្រកាសដាក់ពង្រាយក្រុមទាហានជើងទឹកទ្រង់ទ្រាយធំទៅកាន់តំបន់ច្រកសមុទ្រយុទ្ធសាស្ត្រ Bab el-Mandeb ដើម្បីតាមកម្ទេចក្រុមប្រដាប់អាវុធហ៊ូធី កុំឲ្យបានដៃរំខានដល់ផ្លូវទឹកដឹកជញ្ជូនទំនិញបន្តទៅទៀត ។ នេះបើតាមការចេញផ្សាយរបស់កាសែតអ៊ីស្រាអែល Yedioth Ahronoth កាលពីថ្ងៃចន្ទ ។

ការប្រកាសចេញមុខកម្ចាត់ក្រុមហ៊ូធីបានកើតមានឡើង បន្ទាប់ពីមន្ត្រីអ៊ីស្រាអែល បានរិះគន់ចំៗ លើការចុះខ្សោយនៃសមត្ថភាពរារាំង និង ការបរាជ័យរបស់ភាគីពាក់ព័ន្ធក្នុងតំបន់ ដើម្បីទប់ស្កាត់ការវាយលុករបស់ក្រុមហ៊ូធី ។

បើតាមការវាយតម្លៃរបស់អ៊ីស្រាអែល, ក្រុមហ៊ូធីដែលគេជឿថាមានអ៊ីរ៉ង់នៅពីក្រោយខ្នង អាចប្រើប្រាស់មីស៊ីល និងទូកផ្ទុកគ្រឿងផ្ទុះ ដើម្បីវាយប្រហារលើនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ។

ស្ថានការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ នៅក្នុងប្រទេសអ៊ីស្រាអែល អំពីការគំរាមកំហែងដែលអាចកើតមានចំពោះការដឹកជញ្ជូនពាណិជ្ជកម្ម តាមរយៈច្រក Bab el-Mandeb ដែលមានទទឹងចង្អៀតត្រឹមតែប្រហែល ១៨ គីឡូម៉ែត្រប៉ុណ្ណោះ ។

ចំពេលដែលមានការព្រួយបារម្ភទាំងនោះ, មេបញ្ជាការកងទ័ពជើងទឹកអ៊ីស្រាអែល លោកអនុឧត្តមនាវីឯក Eyal Harel បានបញ្ជាឱ្យបង្កើនការត្រៀមខ្លួន ក្នុងចំណោមកងកម្លាំងជើងទឹក ព្រមទាំង បណ្តាមជ្ឈមណ្ឌលបញ្ជានិងត្រួតពិនិត្យ ខណៈពេលដែលកងកម្លាំងបន្ថែមត្រូវបានដាក់ពង្រាយ នៅឯសមុទ្រ។

មន្ត្រីអ៊ីស្រាអែលក៏មានការព្រួយបារម្ភផងដែរថា ជំហរដ៏រឹងមាំរបស់ក្រុមហ៊ូធី នៅជុំវិញច្រក Bab el-Mandeb រួមផ្សំជាមួយឥទ្ធិពលរបស់អ៊ីរ៉ង់ នៅជុំវិញច្រកសមុទ្រ Hormuz អាចពង្រីកអំណាចតថ្លៃ ឬ ឥទ្ធិពលរបស់ទីក្រុងតេហេរ៉ង់ លើផ្លូវសមុទ្រដ៏សំខាន់ៗក្នុងតំបន់។

មន្ត្រីអ៊ីស្រាអែលនិយាយថា មូលហេតុដែលនាំឲ្យក្រុមប្រដាប់អាវុធហ៊ូធីបង្កើនសមត្ថភាពបានយ៉ាងខ្លាំងបែបនេះ គឺដោយសារតែរដ្ឋាភិបាលយេម៉ែនបានដកកងកម្លាំងចេញពីកោះ Perim ដែលស្ថិតនៅមាត់ច្រកសមុទ្រ ដោយវាបានជះឥទ្ធិពលលើការធ្វើដំណើរតាមផ្លូវសមុទ្រផងដែរ ។

ជាមួយគ្នានេះ ការប្រកាសបញ្ជូនទ័ពជើងទឹកទ្រង់ទ្រាយធំទៅតាមកម្ទេចពួក ហ៊ូធី ត្រូវបានធ្វើឡើង ស្របពេលដែល ទំនិញនាំចូលរបស់អ៊ីស្រាអែលប្រហែល ៩៨ ភាគរយ គឺតែងតែដឹកជញ្ជូនឆ្លងកាត់តាមផ្លូវសមុទ្រទាំងអស់នេះ ៕

ប្រភព ៖ Middleeast Monitor, ប្រែសម្រួល ៖ សារ៉ា

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា