ចិន ក្តៅស្លឹកត្រចៀកខ្លាំង ខណៈ ជប៉ុន ពង្រាយអាវុធវាយលុកយុទ្ធសាស្រ្ត អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ក្តៅស្លឹកត្រចៀកខ្លាំង ខណៈ ជប៉ុន ពង្រាយអាវុធវាយលុកយុទ្ធសាស្រ្ត អាមេរិក

ចិន ក្តៅស្លឹកត្រចៀកខ្លាំង ខណៈ ជប៉ុន ពង្រាយអាវុធវាយលុកយុទ្ធសាស្រ្ត អាមេរិក

ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃ ចន្ទ ក្តៅស្លឹកត្រចៀកខ្លាំង ដោយបានរិះគន់មិនសំចៃមាត់ ចំពោះការដាក់ពង្រាយអាវុធវាយលុកយុទ្ធសាស្រ្តអាមេរិកនៅលើទឹកដីជប៉ុន ពិសេសការបញ្ចេញសាច់ដុំយោធារួមគ្នាជាបន្តបន្ទាប់ជាមួយសហរដ្ឋអាមេរិក និងអូស្រ្តាលី ដោយព្រមានធ្ងន់ៗថា សកម្មភាពទាំងនេះ អាចបង្កើនហានិភ័យនៃការប្រឈមមុខគ្នានៅក្នុងតំបន់។

បើតាមកាសែត China Daily, លោក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិន បានព្រមានបែបនេះ ក្រោយមានសេចក្តីរាយការណ៍ថា កងកម្លាំងស្វ័យការពារជើងគោកជប៉ុន កំពុងធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពសហរដ្ឋអាមេរិក និងអូស្ត្រាលី នៅតំបន់ Hokkaido និង Kagoshima របស់ប្រទេសជប៉ុន។

ល្បែងសង្គ្រាមដែលមានឈ្មោះថា «Orient Shield 26» បានចាប់ផ្តើមនៅថ្ងៃទី៨ ខែកញ្ញា ហើយគ្រោងនឹងបន្តរហូតដល់ថ្ងៃទី២៤ ខែកញ្ញាខាងមុខ។

អ្វីដែលនាំឱ្យចិនក្តៅស្លឹកត្រចៀកនោះ គឺការយកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាមេរិកមកចូលរួមក្នុងសមយុទ្ធនៅលើទឹកដីជប៉ុនជាលើកដំបូង។

Typhon ជាប្រព័ន្ធបាញ់មីស៊ីលចល័តសម្រាប់ដាក់ពង្រាយនៅលើដីគោក ដែលអាចបាញ់គោលដៅក្នុងរយៈចម្ងាយប្រហែល ៤៧០ គីឡូម៉ែត្រ ក្នុងនោះរួមមានទាំងមីស៊ីល SM-6 និងមីស៊ីល Tomahawk។

លោក Jiang អះអាងថា សមយុទ្ធនេះមានគោលបំណងជំរុញការដាក់ពង្រាយអាវុធវាយលុកយុទ្ធសាស្ត្រទៅកាន់តំបន់ជួរមុខ ក្រោមលេសការពារខ្លួន ឬធ្វើជាខែលការពារខ្លួន ដោយលោកចាត់ទុកថា សកម្មភាពនេះ អាចបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ជាមួយគ្នានេះ លោក Jiang ចោទប្រកាន់ថា ជប៉ុនបានរំលោភម្តងហើយម្តងទៀតលើគោលការណ៍នៃរដ្ឋធម្មនុញ្ញដែលប្រកាន់ខ្ជាប់សន្តិភាព និងគោលនយោបាយការពារជាតិសុទ្ធសាធរបស់ខ្លួន តាមរយៈការអភិវឌ្ឍអាវុធវាយលុករយៈចម្ងាយឆ្ងាយ និងការពន្លឿនដំណើរការធ្វើយោធូបនីយកម្មឡើងវិញ។

លោក Jiang សង្កត់ធ្ងន់ថា រាល់សកម្មភាពដែលជំរុញមហិច្ឆតាយោធារបស់ជប៉ុន នឹងធ្វើឱ្យតំបន់ធ្លាក់ចូលទៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ហើយទីបំផុត នឹងពាំនាំផលប៉ះពាល់ដល់ប្រទេសជាតិខ្លួនឯង។

យ៉ាងណា លោកបានអំពាវនាវឱ្យប្រទេសសម្ព័ន្ធមិត្តទាំង៣ គឺជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលី គោរពក្តីកង្វល់ផ្នែកសន្តិសុខរបស់ប្រទេសដទៃ, កែតម្រូវសកម្មភាពដែលខុសឆ្គងរបស់ខ្លួន និងចូលរួមជាវិជ្ជមាន ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ តាមរយៈសកម្មភាពជាក់ស្តែង៕

ប្រភព ៖ China Daily ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា