អាមេរិកត្រៀមលក់គ្រាប់បែកទម្ងន់៩០០គីឡូក្រាមរាប់ពាន់គ្រាប់បន្ថែមឲ្យអ៊ីស្រាអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកត្រៀមលក់គ្រាប់បែកទម្ងន់៩០០គីឡូក្រាមរាប់ពាន់គ្រាប់បន្ថែមឲ្យអ៊ីស្រាអែល

អាមេរិកត្រៀមលក់គ្រាប់បែកទម្ងន់៩០០គីឡូក្រាមរាប់ពាន់គ្រាប់បន្ថែមឲ្យអ៊ីស្រាអែល

វ៉ាស៊ីនតោន ៖ រដ្ឋបាលរបស់លោក Trump កំពុងរៀបចំកញ្ចប់អាវុធតម្លៃ ២,៨ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល ដែលរួមមានគ្រាប់បែកទម្ងន់ប្រហែល ៩០០ គីឡូក្រាម ចំនួនរាប់ពាន់គ្រាប់។ នេះនឹងក្លាយជាការលក់គ្រាប់បែកដ៏មានអានុភាពពីសហរដ្ឋអាមេរិកទៅឱ្យអ៊ីស្រាអែលក្នុងចំនួនច្រើនបំផុត អំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត The Washington Post កាលពីថ្ងៃអង្គារ។

មន្ត្រីអាមេរិកម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ The Washington Post ថា
កញ្ចប់អាវុធនេះរួមមានគ្រាប់បែក MK-84 ចំនួន ២ម៉ឺនគ្រាប់ និងគ្រាប់បែក BLU-117 ចំនួន ២ម៉ឺនគ្រាប់ ព្រមទាំង ក្បាលគ្រាប់ប្រភេទ I-2000 Penetrator ចំនួន២ម៉ឺនគ្រាប់។ អាវុធទាំងនេះនឹងត្រូវទិញ តាមរយៈកម្មវិធីហិរញ្ញប្បទានយោធាបរទេស ឬ Foreign Military Financing ជាកម្មវិធីមួយដែលទីក្រុងវ៉ាស៊ីនតោនផ្តល់ថវិកា ឱ្យអ៊ីស្រាអែល យកទៅទិញសម្ភារៈយោធាអាមេរិកវិញ។

ការលក់ដែលបានស្នើឡើងនេះត្រូវបានជូនដំណឹងជាក្រៅផ្លូវការ ទៅកាន់គណៈកម្មាធិការនានារបស់សភា ដែលជាជំហានដំបូងក្នុងដំណើរការអនុម័ត។ រដ្ឋបាលកំពុងស្វែងរកការគាំទ្រពីថ្នាក់ដឹកនាំនៃគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភា និងគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រ។

ស្ថានទូតអ៊ីស្រាអែលមិនបានឆ្លើយតបទៅនឹងសំណើរបស់កាសែតនេះ ដើម្បីសុំការអត្ថាធិប្បាយនោះទេ។

បើតាម Yahoo, គ្រាប់បែក MK-84 គឺជាប្រភេទគ្រាប់បែកធម្មតា ឬ conventional bomb ទំហំធំ ដែលត្រូវបានរចនាឡើងដើម្បីបំផ្លាញអគារ និងគោលដៅរឹងមាំផ្សេងទៀត។ រីឯ BLU-117 គឺជាប្រភេទគ្រាប់បែកដែលមានស្រទាប់ការពារកម្ដៅ ខណៈដែល ក្បាលគ្រាប់បែក I-2000 ត្រូវបានរចនាឡើងដើម្បីទម្លុះរចនាសម្ព័ន្ធរឹងមាំ។

ការលក់នេះធ្វើឡើងចំពេលដែលមានភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ពាក់ព័ន្ធនឹងបញ្ហាតំបន់មួយចំនួន រួមមានប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅប្រទេសលីបង់ និងស៊ីរី ព្រមទាំង អំពើហិង្សាដែលពាក់ព័ន្ធនឹងអ្នកតាំងទីលំនៅអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីឈានទៅរកដំណោះស្រាយដ៏ទូលំទូលាយមួយនៅតំបន់ Gaza៕

ប្រភព ៖ Yahoo ប្រែសម្រួល ៖ សារ៉ាត

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា