ចារកម្មអ៊ុយក្រែន ៖ ក្រុមហ៊ុនផលិតមីស៊ីល ដ្រូន និងយន្តហោះយោធាចំនួន ១៩ របស់រុស្ស៊ី នៅតែរួចខ្លួនពីទណ្ឌកម្មអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចារកម្មអ៊ុយក្រែន ៖ ក្រុមហ៊ុនផលិតមីស៊ីល ដ្រូន និងយន្តហោះយោធាចំនួន ១៩ របស់រុស្ស៊ី នៅតែរួចខ្លួនពីទណ្ឌកម្មអន្តរជាតិ

ចារកម្មអ៊ុយក្រែន ៖ ក្រុមហ៊ុនផលិតមីស៊ីល ដ្រូន និងយន្តហោះយោធាចំនួន ១៩ របស់រុស្ស៊ី នៅតែរួចខ្លួនពីទណ្ឌកម្មអន្តរជាតិ

កៀវ ៖ ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន ហៅកាត់ HUR ទម្លាយឱ្យដឹងកាលពីថ្ងៃ ចន្ទ ថា មានក្រុមហ៊ុនចំនួន ១៩ របស់រុស្ស៊ី ដែលពាក់ព័ន្ធនឹងការផលិតគ្រឿងបន្លាស់ សម្រាប់ផលិតមីស៊ីល យន្តហោះដ្រូន និងយន្តហោះយោធា នៅមិនទាន់រងទណ្ឌកម្មអន្តរជាតិនោះទេ។

បើតាម Kyiv post, ក្រុមហ៊ុនទាំងនេះ ស្ថិតក្នុងចំណោមសហគ្រាសចំនួន ៥៤ របស់ក្រុមហ៊ុន KRET ដែលជាផ្នែកមួយនៃសាជីវកម្មការពារជាតិរដ្ឋ Rostec របស់ប្រទេសរុស្ស៊ី។

ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន អះអាងថា សហគ្រាសមួយចំនួនបានផ្គត់ផ្គង់ឧបករណ៍ និងប្រព័ន្ធអេឡិចត្រូនិក ដែលប្រើប្រាស់ក្នុងមីស៊ីលចម្ងាយឆ្ងាយ Iskander-M និងមីស៊ីល Zircon ព្រមទាំងមីស៊ីល Kh-59 និងយន្តហោះដ្រូន Orion។

ក្នុងចំណោមក្រុមហ៊ុនទាំង ១៩ របស់រុស្ស៊ី រួមមានក្រុមហ៊ុន Inertial Technologies of Technocomplex, Tambov Elektropribor និង Ulan-Ude Instrument-Making Production Association ជាក្រុមហ៊ុនរ៉ាប់រងការផលិតប្រព័ន្ធរុករក ឧបករណ៍ Gyroscope ដែលប្រើក្នុងមីស៊ីលនាំផ្លូវ ក៏ដូចជាគ្រឿងបន្លាស់សម្រាប់យន្តហោះ និងអាវុធ។

ក្រៅពីទម្លាយព័ត៌មានសម្ងាត់ ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែនថែមទាំងបានអំពាវនាវឱ្យប្រទេសដៃគូ ពង្រីកបញ្ជីទណ្ឌកម្ម ដើម្បីគ្របដណ្តប់លើក្រុមហ៊ុន និងអ្នកផ្គត់ផ្គង់ដែលជួយដល់ឧស្សាហកម្មការពារជាតិរុស្ស៊ី។

បន្ថែមលើនេះ ទីភ្នាក់ងារ HUR ក៏បានស្នើឱ្យពង្រឹងការត្រួតពិនិត្យ ក្នុងគោលបំណងរារាំងក្រុមហ៊ុនរុស្ស៊ី ពីការទទួលបានបច្ចេកវិទ្យាបរទេស តាមរយៈអន្តរការី និងដាក់ទណ្ឌកម្មលើភាគីដែលជួយគេចវេះពីទណ្ឌកម្មអន្តរជាតិ។

យ៉ាងណា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានទទួលស្គាល់ដោយបើកចំហរផងដែរថា ប្រទេសរុស្ស៊ីបានក្លាយជាគោលដៅដាក់ទណ្ឌកម្មដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែលោកបន្ទោសប្រទេសលោកខាងលិច ដែលជាអ្នកដុតបញ្ឆេះចាប់ពីសង្គ្រាមអ៊ុយក្រែន រហូតដល់វិបត្តិសេដ្ឋកិច្ច និងនយោបាយនៅអឺរ៉ុប៕

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា