កម្ពុជាទាមទារឱ្យថៃប្រគល់វត្ថុបុរាណខ្មែរ ដែលយកចេញពីប្រាសាទខ្នារ មករក្សាទុកនៅកន្លែងដើមវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាទាមទារឱ្យថៃប្រគល់វត្ថុបុរាណខ្មែរ ដែលយកចេញពីប្រាសាទខ្នារ មករក្សាទុកនៅកន្លែងដើមវិញ

កម្ពុជាទាមទារឱ្យថៃប្រគល់វត្ថុបុរាណខ្មែរ ដែលយកចេញពីប្រាសាទខ្នារ មករក្សាទុកនៅកន្លែងដើមវិញ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទាមទារឱ្យភាគីថៃប្រគល់នូវវត្ថុបុរាណខ្មែរ​ដែលត្រូវបានយកចេញពីប្រាសាទខ្នាររបស់កម្ពុជាដោយខុសច្បាប់ មករក្សាទុកនៅទីតាំងដើមវិញ។

ប្រាសាទខ្នារ មានទីតាំងស្ថិតនៅតាមបណ្តោយខ្នងភ្នំដងរែក ព្រំដែនខ្មែរ-ថៃ ត្រង់ភូមិសាស្រ្ត ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ប្រាសាទនេះត្រូវបាន​យោធាថៃ ដណ្តើមកាន់កាប់ដោយខុសច្បាប់ និងកំពុងធ្វើឱ្យប្រែប្រួលស្ថានភាពជាក់ស្តែងលើដី ក្នុងគោលបំណង​យកទីតាំង​ទាំងនោះ​ធ្វើជាកម្មសិទ្ធិរបស់ខ្លួន​។ ក្រៅពីប្រមូលវត្ថុបុរាណខ្មែរ ភាគីថៃ ក៏បានដុតបំផ្លាញជណ្តើរឈើជាង១ពាន់កាំឡើងទៅប្រាសាទខ្នារផងដែរ​។​

ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មាន AMS​ ថា ភាគីថៃ បានដឹកជញ្ជូនវត្ថុបុរាណខ្មែរចេញពីប្រាសាទខ្នារនៅដើមឆ្នាំ២០២៦ បន្ទាប់ពីមានបទឈប់បាញ់​។​ ប៉ុន្តែក្រសួងវប្បធម៌មិនទាន់អាចផ្ទៀងផ្ទាត់ថា​បាត់វត្ថុបុរាណខ្មែរអ្វីខ្លះនៅឡើយទេ។​

ប៉ុន្តែតាមការផ្សព្វផ្សាយរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃកាលពីខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋាន​​បាន​ប្រមូលវត្ថុបុរាណខ្មែរសរុបចំនួន​២៨ដុំ រួមមាន​ រូបគ្រុឌ និងធាតុស្ថាបត្យកម្មធ្វើពីថ្ម ដើម្បីយកទៅសិក្សា និងត្រៀមជួសជុលស្តារឡើងវិញ។

បើតាមឯកឧត្តម ស៊ុ ម៉ាប់ វត្ថុបុរាណខ្មែរទាំងអស់ដែលស្ថិតនៅក្នុងប្រាសាទខ្នារ គឺរាជរដ្ឋាភិបាលបានចុះបញ្ជីសារពើភណ្ឌបេតិកភណ្ឌ​វប្បធម៌ខ្មែរ។

លោកបណ្ឌិត ឈត ប៊ុនថង គឺជាអ្នកជំនាញខាងទស្សនវិជ្ជា បានលើកឡើងថា កម្ពុជាត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការក្នុងតំបន់ និងអន្តរជាតិដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីទាមទារឱ្យថៃ​ប្រគល់​វត្ថុបុរាណខ្មែរ ក៏ដូចជាប្រាសាទខ្មែរ ដែលថៃគ្រប់គ្រងដោយខុសច្បាប់។​

ឯកឧត្តម ស៊ុ ម៉ាប់ មានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការអន្តរជាតិ ដើម្បីទប់ស្កាត់ការជួញដូរវត្ថុបុរាណខុសច្បាប់ និងទាមទារវត្ថុបុរាណដែលត្រូវបានយកចេញពីកម្ពុជា ឱ្យត្រឡប់មកប្រទេសវិញ។

ឯកឧត្តមបន្តថា កម្ពុជាបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាច្រើន ក្នុងការស្រាវជ្រាវ ស្វែងរកប្រភពដើម និងទាមទារវត្ថុបុរាណខ្មែរដែលស្ថិតនៅក្រៅប្រទេសត្រឡប់មកវិញ។ ក្នុងនោះ កម្ពុជាមានកិច្ចសហប្រតិបត្តិការខ្លាំងជាងគេ ជាមួយសហរដ្ឋអាមេរិក ដែលបានចូលរួមគាំទ្រដល់ការស្រាវជ្រាវ កំណត់ប្រភពដើម និងដំណើរការទាមទារវត្ថុបុរាណខ្មែរឱ្យត្រឡប់មកកម្ពុជាវិញ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា